បទចម្រៀង "ទំនួញនាងរនាលពណ៌”

ចេញផ្សាយ៖ ១៤ មីនា ២០២២
រក្សាសិទ្ធដោយ៖ អេកូយុវទូតកម្ពុជា

រឿងរ៉ាវត្រូវបានចាប់ផ្តើមឡើងនៅពេលដែលរនាលពណ៌ដែលត្រូវបានគេស្គាល់ជាប្រភេទបក្សីទឹកសាបកម្រមួយប្រភេទ ចំនួន១២៣ក្បាល ត្រូវបានគេប្រមាញ់ និងសំលាប់ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។ ព្រឹត្តិការណ៍ដ៏គួរអោយរន្ធត់មួយនេះ បានជម្រុញចិត្ត អ្នកស្រី ជា សីលា ដែលជាអ្នកគ្រប់គ្រង និងសម្របសម្រួលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ចាប់ផ្តើមសរសេររៀបរាប់អំពីអារម្មណ៍សោកសៅនៃការបាត់បង់ជីវិតសត្វរនាលពណ៌ បង្ហាញពីការនិរាសព្រាត់ប្រាសគ្រួសារជាទីស្រលាញ់ និងការបាត់បង់ទ្រនំធម្មជាតិដែលធ្លាប់ជាផ្ទះ។
 
លើសពីនេះទៀត បទចម្រៀងមួយបទនេះ ក៏បានបង្ហាញជាពិសេស ពីការផ្សារភ្ជាប់ទំនាក់ទំនង តួនាទី និងក្តីស្រលាញ់របស់គ្រួសារសត្វរនាលពណ៌ និងធម្មជាតិជុំវិញខ្លួនរបស់ ហ្វូងសត្វបក្សីនៅតំបន់បន្ទាយសត្វស្លាបរ៉ាមសារព្រែកទាល់ ទៅកាន់អ្នកស្តាប់ តាមរយៈបទចម្រៀងមួយបទដែលមានចំណងជើងថា “ទំនួញនាងរនាលពណ៌”។ បទចម្រៀងមួយបទនេះ និពន្ធឡើងក្នុងគោលបំណង ដើម្បីបំផុសទឹកចិត្តប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្មេងចាស់ប្រុសស្រី ស្វែងយល់ និងយកចិត្តទុកដាក់ចំពោះការបាត់បង់នូវជីវៈចម្រុះ និងធនធានធម្មជាតិរបស់យើង ដោយងាកមកចាប់ផ្តើមស្រលាញ់ ការពារ និងថែទាំនូវធនធានដែលសេសសល់សម្រាប់ កូនចៅជំនាន់ក្រោយ។
ព័ត៌មានខ្លះអំពីរនាលពណ៌ ឬរនាលគំនូរ
រនាលពណ៌ ឬហៅថារនាលគំនូរ ឈ្មោះនេះត្រូវបានគេដាក់តាមរូបឆោមដ៏ស្រស់ស្អាតប្រៀបបីដូចជាផ្ទាំងគំនូរ ដែលមានខ្លួនពណ៌ស ស្លាបពណ៍ខ្មៅ លាយជាមួយចុងខ្នងពណ៍ផ្កាឈូក វ័ណ្ឌខ្មៅលើដើមទ្រូង ចំពុះធំវែងលឿងកោងខុបចុះបន្តិច។ ជាមួយនឹងរូបរាងដូចគំនូរបស់បក្សីទឹកសាបកម្រមួយប្រភេទវាត្រូវបានចាត់ចូលនៅក្នុងបញ្ជីក្រហម (IUCN) ជាប្រភេទសត្វជិតរងគ្រោះ ដោយសារសត្វស្លាបទាំងនេះ ប្រឈមនឹងគ្រោះថ្នាក់ដូចជាការបរបាញ់ខុសច្បាស់ ការបាត់បង់ទីជម្រកធម្មជាតិ ជាឧទាហរណ៍ ការកាប់ និងរុករានព្រៃលិចទឹក ភ្លើងឆេះព្រៃជាដើម។
 
រៀបរៀងដោយ ៖ ជា សីលា
ទំនុកភ្លេង និងកែសម្រួលទំនុកច្រៀង ៖ រស់ ដារ៉ារិទ្ធ និង រ៉ុង សិរីវុទ្ធ
ច្រៀងដោយ៖ ស៊ុន ស្រីពេជ្រ
 
គំនូរឌីជីថលដោយ៖ មុនី វង់ច័ន្ទលំអង
ក្រុមការងារផលិតវីដេអូ និងចលនាដោយ៖ សុគន្ធ វីរៈបុត្រ និង សិន ទីណា
គាំទ្រដោយ៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ
ផលិតដោយ៖ អេកូយុវទូតកម្ពុជា

សូមទស្សនា និងស្ដាប់បទ“ទំនួញនាងរនាលពណ៌”នៅទីនេះ

Play Video
0 Shares
Share