សិល្បៈដែលជួយលើកស្ទួយ ឱ្យមានការយល់ដឹងពីបរិស្ថានកាន់តែច្រើនឡើង
ទន្លេមេគង្គ គឺជាប្រភពមួយសម្រាប់ផ្គត់ផ្គង់ដល់ជីវភាពរស់នៅរបស់ប្រជាជន ដែលរស់នៅតាមបណ្តោយដងទន្លេ។ ទន្លេមេគង្គ ជាទន្លេធំជាងគេទី១០ ក្នុងចំណោមទន្លេផ្សេងៗទៀតនៅលើពិភពលោក។ វាគឺជាជម្រករបស់ត្រីទឹកសាប ដល់ទៅជាង ៨៥០ ប្រភេទឯណោះ ហើយវាក៏ជាប្រភពសម្រាប់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជនប្រមាណ ៦០ លាននាក់ផងដែរ។
ទន្លេមេគង្គ ជាប្រភពទឹកនិងចំណីអាហារដ៏សម្បើមសម្រាប់ប្រជាពលរដ្ឋ ជាពិសេសវាផ្តល់ដីដែលមានជីជាតិ និងធនធានធម្មជាតិដ៏សម្បូរបែប ដែលជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន។ ដូច្នេះហើយ វាបានក្លាយជាប្រភពមួយដែលមិនអាចខ្វះបានសម្រាប់ការរស់នៅរបស់ប្រជាជន។ យោងតាមគណៈកម្មការទន្លេមេគង្គ (MRC) ជលផលពីអាងទន្លេមេគង្គក្រោម ផ្តល់ប្រាក់ចំណូលបានប្រហែល ១៧ ពាន់លានដុល្លារសហរដ្ឋអាមេរិចជារៀងរាល់ឆ្នាំ ដែលប្រាក់ចំណូលទាំងនេះបានទៅដល់ប្រទេសចំនួន៤ ដូចជា ប្រទេសវៀតណាម កម្ពុជា ឡាវ និងប្រទេសថៃ។
យ៉ាងណាក្តី ការពង្រីកសកម្មភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័សទៅលើដងទន្លេមេគង្គ ការស្ថាបនាទំនប់វារីអគ្គិសនី និងការនេសាទហួសកំរិត បានធ្វើឲ្យប៉ះពាល់ដល់អាយុកាលរបស់ទន្លេមេគង្គ ព្រមទាំងប៉ះពាល់ដល់ត្រី និង ជីវចម្រុះនៅក្នុងទន្លេទៀតផង។ គេសង្កេតឃើញថា ចំនួនសត្វដែលរស់នៅក្នុងទឹក មានការថយចុះយ៉ាងច្រើន គួរឲ្យកត់សម្គាល់។ រីឯប្រភេទសត្វមួយចំនួន កំពុងជួបប្រទះនូវហានិភ័យផុតពូជ។ លើសពីនេះ ត្រីកំពុងតែបាត់បង់ជម្រកជាបណ្តើរៗ ហើយគុណភាពទន្លេក៏កំពុងត្រូវបានបំផ្លាញបន្តិចម្តងៗ។ ជាមួយគ្នានេះដែរ ស្ថានភាពទាំងនេះ ក៏បានប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាជនដែលរស់នៅតាមបណ្តោយដងទន្លេដែលប្រកបរបរចិញ្ចឹមជីវិតអាស្រ័យដងទន្លេ។ ដូច្នេះ តើពួកយើងអាចធ្វើអ្វីខ្លះបានដើម្បីដោះស្រាយបញ្ហាទាំងនេះ? យើងអាចចាប់ផ្តើមបង្កើនការយល់ដឹង និងដោះស្រាយបញ្ហានេះ តាមរយៈទិសដៅ និងវិធីសាស្រ្តច្រើនផ្សេងៗពីគ្នា។ ការលើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ តាមរយៈសិល្បៈដែលជួយលើកស្ទួយបរិស្ថានលើប្រព័ន្ធឌីជីថល គឺជាដំណោះស្រាយថ្មី និងពោរពេញដោយភាពច្នៃប្រឌិតមួយក្នុងចំណោមដំណោះស្រាយផ្សេងទៀត។ វាពិតជាដំណោះស្រាយដ៏មានប្រសិទ្ធិភាពមួយ! តោះ ក្រឡេកមើលគម្រោង «សិល្បករនៃទន្លេមេគង្គ»។
គម្រោង «សិល្បករទន្លេមេគង្គ» ត្រូវបានបង្កើតឡើងដើម្បី បំផុសបំផុលអំពីបញ្ហាបរិស្ថាន ទាក់ទងនឹងការផុតពូជនៃជីវចម្រុះក្នុងទន្លេមេគង្គ តាមរយៈសិល្បៈឌីជីថល ដែលក្នុងនោះមានសិល្បករចំនួន ១៩ នាក់ ចូលរួមនៅក្នុងគម្រោងនេះ។
លោក សៀង ឆាយលី គឺជាអ្នកដឹកនាំគម្រោង «សិល្បករនៃទន្លេមេគង្គ» នេះ។ គាត់គឺជាសមាជិកអេកូយុវទូត តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ដោយសារគាត់មានចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន។ ចំណង់ចំណូលចិត្តរបស់គាត់បានរីកដុះដាលកាន់តែខ្លាំង បន្ទាប់ពីគាត់បានចូលរួមកម្មវិធីដែលរៀបចំឡើងដោយអេកូយុវទូតមួយចំនួន និងបានជួបជាមួយមនុស្សដែលស្រលាញ់បរិស្ថាន ជាច្រើនដែលមានចំណង់ចំណូលចិត្ត និងគោលដៅស្រដៀងទៅនឹងគាត់។ តាមរយៈគម្រោងមួយនេះ គាត់បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការយកវិធីសាស្រ្តសិល្បៈ ដើម្បីលើកទឹកចិត្តប្រជាជនឲ្យយល់ដឹងពីសារៈសំខាន់នៃទន្លេមេគង្គ និងលើកឡើងពីមូលហេតុដែលសត្វនៅក្នុងដងទន្លេត្រូវបានគំរាមកំហែង។
លោក ឆាយលី បានលើកឡើងថា៖ «ប្លាស្ទិក និងកាកសំណល់រាប់លានតោន កំពុងត្រូវបានបោះចោលទៅក្នុងទឹកទន្លេបណ្តាលឲ្យមច្ឆា និងជីវចម្រុះរាប់លានក្បាលនៅក្នុងទន្លេបន្តស្លាប់ដោយសារការស៊ីចំណីទាំងនោះ។ តើឲ្យយើងឈរអោបដៃនៅស្ងៀមបានដោយរបៀបណា? យើងមិនអាចទៅបញ្ឈប់មនុស្សក្នុងការធ្វើសកម្មភាពទាំងនោះបានភ្លាមៗនោះទេ ប៉ុន្តែយើងអាចបញ្ចុះបញ្ចូលឲ្យពួកគាត់ចាប់ផ្តើមស្រលាញ់ និងចេះថែរក្សាសត្វព្រៃ និងទន្លេមេគង្គ តាមរយៈសកម្មភាពការប្រើប្រាស់តួអង្គគំនូរដ៏គួរឱ្យស្រលាញ់របស់យើងបាន។»
ដូច្នេះហើយ គម្រោងរបស់យើងគឺ សិល្បករទាំង១៩រូបនឹងធ្វើការផលិតគំនូរសារគមនាគមន៍អំពីតួអង្គសត្វព្រៃដ៏គួរឱ្យស្រលាញ់។ ស្នាដៃរបស់ពួកគាត់ នឹងត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធីផ្សេងៗគ្នាដូចជា កម្មវិធីដំណើរផ្សងព្រេងរបស់មេគង្គយុវទូត និងនៅលើបណ្តាញសង្គមអំពីបញ្ហានៃទន្លេមេគង្គ ដើម្បីទាក់ទាញចំណាប់អារម្មណ៍មហាជនទៅលើការផុតពូជរបស់សត្វដែលរស់នៅតំបន់ទន្លេមេគង្គនេះ។ បន្ថែមពីនេះ ស្នាដៃសិល្បៈរបស់ពួកគាត់ អាចមាននៅលើសម្ភារដែលបានបោះពុម្ព រួមមាន ស្ទិកឃឺរ អាវយឺត បន្តោងខ្សែ និងកាតប៉ុស្តាល់ផងដែរ។
ជាចុងក្រោយ លោកបានបង្ហាញអំពីស្មារតី និងក្តីសង្ឈឹមប្រកបដោយភាពវិជ្ជមានទៅលើគម្រោងមួយនេះថា៖ «ខ្ញុំជឿជាក់ថាសកម្មភាពតូចមួយរបស់ពួកយើងអាចជួយដល់សកម្មជនមេគង្គមួយចំណែកផងដែរ។» គម្រោង «សិល្បករទន្លេមេគង្គ» គឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនទៀត ដែលផ្តួចផ្តើមឡើងដោយ គម្រោងអេកូយុវទូតតាំងពីឆ្នាំ ២០១៨ មក។ គម្រោងនេះ គឺជាផ្នែកមួយនៃកម្មវិធីរបស់អេកូយុវទូត ជំនាន់មេគង្គទី១ ដែលនឹងត្រូវប្រារព្ធឡើងនៅឆ្នាំនេះ នៅថ្ងៃទី ០៥ ខែមិថុនា។
អត្ថបទ “គម្រោងសិល្បករនៃទន្លេមេគង្គ” កាលបរិច្ឆេទសរសេរ៖ ២០១៩បកប្រែ និងរក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា
អេកូយុវទូត ជំនាន់មេគង្គទី១២៦ កក្កដា ២០២១
សមាជិកអេកូយុវទូត ជំនាន់មេគង្គទី១២៨ មិថុនា ២០២១
សមាជិកអេកូយុវទូត ជំនាន់មេគង្គទី១១៤ មិថុនា ២០២១