កាលបរិច្ឆេទចេញផ្សាយ៖ ១០ មករា ២០២២បកប្រែ និងរក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា
ទោះបីជាធំដឹងក្តីនៅទីក្រុងភ្នំពេញដែលជាទីក្រុងមួយ ដែលស្ថិតនៅលើចំណុចប្រសព្វនៃទន្លេមេគង្គនិងទន្លេសាបក៏ដោយ ណារីមិនសូវដឹងពីព័ត៌មានទាក់ទងនឹងទន្លេច្រើនទេ។ យ៉ាងណាក្តី គ្រប់យ៉ាងបានផ្លាស់ប្តូរបន្ទាប់ពីនាងបានចូលរួមជាមួយ អេកូយុវទូតជំនាន់មេគង្គទី១ ចាប់ពីខែមីនាឆ្នាំ ២០១៨។នៅ សុខណារី អាយុ ១៨ឆ្នាំ ជាសមាជិកម្នាក់នៃអេកូយុវទូតជំនាន់មេគង្គទី១ បាននិយាយថា៖ «ខ្ញុំគិតថា វាជាផ្នែកមួយនៃការទទួលខុសត្រូវរបស់យុវជន ក្នុងការថែរក្សា និងការពារបរិស្ថាន។»
ណារីបានចូលរួមជាមួយអេកូយុវទូត មិនមែនគ្រាន់តែធ្វើការលះបង់ដើម្បីបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែនាងទទួលបានការបណ្តុះបណ្តាលជាច្រើន ដែលបណ្តុះគំនិតឲ្យនាងស្រលាញ់ធម្មជាតិ មានភាពជាអ្នកដឹកនាំ ទទួលបានការអភិវឌ្ឍន៍ខ្លួន ជាពិសេស គ្រប់សកម្មភាពដែលនាងបានចូលរួម ត្រូវបានរក្សាទុកតាមរយៈការថតរូប និងវីដេអូទៀតផង។ ការធ្វើដំណើរទៅខេត្តនានាជាច្រើន បានធ្វើឲ្យនាងកាន់តែលង់ស្រលាញ់ខ្លាំងឡើងទៅលើសម្រស់ធម្មជាតិ។ណារីបាននិយាយថា៖ «នៅពេលដែលខ្ញុំបានឃើញសត្វផ្សោតក្បាលត្រឡោកជាលើកដំបូង ខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងណាស់»។ នាងបានលាន់មាត់ថា «ខ្ញុំមិនដែលឃើញអ្វីដូចនេះទេ។»
បទពិសោធន៍ដ៏ពិសេសមួយនេះ បានជម្រុញទឹកចិត្តណារី ឲ្យផ្តួចផ្តើមគម្រោងបច្ចុប្បន្នរបស់នាងគឺ «គម្រោងរូបសំណាក»។ «គម្រោងរូបសំណាក» គឺជាគម្រោងមួយក្នុងចំណោមគម្រោងទាំង ១០ ដែលផ្តួចផ្តើមដោយអេកូយុវទូតជំនាន់មេគង្គទី១។ ដូចគ្នាទៅនឹងប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដែរ ប្រទេសកម្ពុជាកំពុងធ្វើយ៉ាងណាឲ្យមានការគ្រប់គ្រងទឹកស្អាត និងការគ្រប់គ្រងសំរាមបានត្រឹមត្រូវ។ អង្គការ យូនីសេហ្វ បានរកឃើញថា ប្រជាជនកម្ពុជា ៦.៣ លាននាក់ក្នុងចំណោម ១៤.៩ លាននាក់ ខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់។ បន្ថែមពីនេះ ទន្លេដែលត្រូវបានបំពុលនៅតែដើរតួជាប្រភពទឹកប្រចាំថ្ងៃសម្រាប់ប្រជាជនដែលរស់នៅក្រៅទីក្រុង។
បច្ចុប្បន្ន ណារីជានិស្សិតជំនាញផ្នែករចនាគំនូរសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នាងកំពុងរីករាយជាមួយនឹងគម្រោងបញ្ចូលសិល្បៈដើម្បីលើកកម្ពស់បញ្ហាបរិស្ថាននៅកម្ពុជា។ យុវតីម្នាក់នេះ មានគោលបំណងធ្វើឲ្យមានការភ្ញាក់រលឹកអំពីបញ្ហាបំពុលបរិស្ថាននៅតាមដងទន្លេមេគង្គ។ ដើម្បីដំណើរការគម្រោងមួយនេះ នាងបានរួមគ្នាជាមួយអ្នកសម្របសម្រួលពីរនាក់ គឺរក្សា និងមហាសាល ព្រមទាំងអ្នកស្ម័គ្រចិត្តជាច្រើននាក់ ក្នុងការរចនារូបសំណាកបរិស្ថានដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហានេះ។
រូបសំណាក ត្រូវបានធ្វើឡើងពីខ្សែភ្លើង និងសំរាមចម្រុះពណ៌ ដែលប្រមូលបានពីច្រាំងទន្លេ រូបសំណាកបានបង្ហាញពីស្ត្រីម្នាក់ដែលតំណាងឲ្យ «មាតាមេគង្គ» និងកាកសំណល់ដែលបំពុលនារូបសំណាកនេះ ក៏បានបង្ហាញពីធនធានដែលបានមកពីទន្លេមេគង្គ ដូចជាធនធានធម្មជាតិ សត្វព្រៃ ទឹកជ្រោះ និងផែនទីនៃដងទន្លេមេគង្គនៅកម្ពុជា។
ណារីបាននិយាយថា៖ «គម្រោងនេះ ធ្វើឡើងដើម្បីលើកកម្ពស់ទន្លេមេគង្គ និងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថានដែលមាននៅក្នុងដងទន្លេ។ ហើយក៏ដើម្បីជា ការក្រើនរំលឹកដល់ប្រជាជនអំពីការប្រើប្រាស់ទឹកដែលមិនទទួលខុសត្រូវផងដែរ។»បន្ទាប់ពីគម្រោងនេះ ត្រូវបានបង្ហាញជាសាធារណៈជាច្រើនដងមកហើយនោះ យើងសង្កេតឃើញថា យើងទទួលបានការឆ្លើយតបជាវិជ្ជមានយ៉ាងច្រើន។ លទ្ធផលវិជ្ជមានទាំងនេះ បានជម្រុញទឹកចិត្តណារីឲ្យអនុវត្តគម្រោងបរិស្ថានបន្ថែមទៀត ដោយប្រើស្នាដៃសិល្បៈបែបរូបភាពរចនា។ នាងជឿជាក់ថា គម្រោងរូបសំណាកនឹងជួយក្រើនរំលឹកដល់ប្រជាជនឲ្យយកចិត្តទុកដាក់ដល់ទន្លេមេគង្គ និងទន្លេដទៃទៀតក៏ដូចជាលើកទឹកចិត្តពួកគេឲ្យប្រុងប្រយ័ត្ននៅក្នុងរបៀបរស់នៅ និងសកម្មភាពរបស់ពួកគេទៅលើទន្លេ។
ជាចុងក្រោយ ណារីបានលើកឡើងថា៖ «ខ្ញុំសង្ឃឹមថានៅពេលណាដែលមនុស្សក្រឡេកមើលរូបសំណាក ពួកគេនឹងគិតអំពីកាកសំណល់ដែលពួកគេបានបោះចោល។» នាងបានបន្ថែមទៀតថា «សំរាមដែលបានបោះចោលមិនត្រឹមត្រូវ បានបំពុលដល់ទន្លេ ហើយផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។»
អត្ថបទ មាតាមេគង្គកាលបរិច្ឆេទសរសេរ៖ ២០១៩បកប្រែ និងរក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា
អេកូយុវទូត ជំនាន់មេគង្គទី១១២ កក្កដា ២០២១
សមាជិកអេកូយុវទូត ជំនាន់មេគង្គទី១២៨ មិថុនា ២០២១
សមាជិកអេកូយុវទូត ជំនាន់មេគង្គទី១១៤ មិថុនា ២០២១