តោះនាំក្មេងៗលេង និងរៀនអំពីមេគង្គ

កាលបរិច្ឆេទចេញផ្សាយ៖ ២០ មករា ២០២២
បកប្រែ និងរក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា

©Wonders of the Mekong 2019

មនុស្សយើងអាចអត់អាហារបានច្រើនសប្តាហ៍ ប៉ុន្តែបើសិនជាអត់ទឹកវិញវាជារឿងផ្ទុយស្រឡះ!

ទឹកពិតជាមានសារៈសំខាន់ណាស់សម្រាប់ជិវិតរស់នៅរបស់មនុស្ស និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ហេតុនេះហើយបានជា ទន្លេមេគង្គគឺជាប្រភពទឹកសំខាន់មួយសម្រាប់វិស័យកសិកម្មរបស់ប្រជាជនកម្ពុជា និងការផ្គត់ផ្គង់ប្រូតេអ៊ីនដែលមានតម្លៃជិត២កោដដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។ ក្រៅពីជាកន្លែងស្ដុកទឹកដ៏ធំទន្លេមេគង្គក៏ជាប្រភពអាហារដ៏សំខាន់ផងដែរ។ យោងតាមគណៈកម្មការទន្លេមេគង្គបានឱ្យដឹងថាតំបន់អាងទន្លេមេគង្គក្រោមនាំមកនូវជលផលធំជាងគេដែលមានផលត្រីចំនួន៤,៤លានតោនក្នុងមួយឆ្នាំៗតម្លៃជាង១៧កោដដុល្លារអាមេរិក។

ប៉ុន្តែបញ្ហាបម្រែបម្រួលអាកាសធាតុ កំណើនប្រជាជន កំណើនសកម្មភាពអភិវឌ្ឍសេដ្ឋកិច្ច និងគម្រោងទំនប់វារីអគ្គិសនីលើទន្លេមេគង្គនូវតែបន្តប៉ះពាល់បរិមាណ និងគុណភាពនៃទឹក និងធនធានជលផល។ តើយើងនឹងប្រាប់កូនចៅយើងពីទន្លេដែលមានគុណតម្លៃនេះយ៉ាងដូចម្តេចនាថ្ងៃមុខ? តើពួកគេនឹងចាប់អារម្មណ៍សិក្សាពីបញ្ហាដែលកើតឡើងនៅទន្លេមេគង្គដែរឬទេ? តើយើងត្រូវធ្វើដូចម្តេចឱ្យពួកគាត់ចាប់អារម្មណ៍ពីបញ្ហានេះ?

The puzzle game of the Learning Kit Project ©Chea Sothearoth 2019

គម្រោងសម្ភារសិក្សា៖ វីធីសាស្ត្របង្រៀនក្មេងៗអំពីទន្លេមេគង្គ

ការសិក្សាធម្មតាតែមួយបែបមិនអាចបន្តជាវិធីសាស្រ្តតែមួយដើម្បីទាក់ទាញក្នុងការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថានឬបញ្ហាទន្លេមេគង្គទៀតនោះទេ។ ការសិក្សាបែបច្នៃប្រឌិតដោយផ្ទាល់ដែលមានភាពទាក់ទាញ ទើបជាវិធីសាស្រ្តល្អប្រសើរជាង។

គម្រោងសម្ភារសិក្សាជំនួយផ្តោតលើការលើកកម្ពស់ចំណេះដឹងអំពីការការពារប្រភេទសត្វជិតផុតពូជ និងបញ្ហាជាច្រើនទៀតដែលកើតឡើងនៅតាមតំបន់ទន្លេមេគង្គដល់សិស្សានុសិស្សក្មេងៗ ជាពិសេសថ្នាក់បឋមសិក្សា តាមរយ:ការលេងល្បែងអប់រំពីទន្លេមេគង្គ និង សកម្មភាពផ្សេងៗទៀត។

ជាថ្មីម្តងទៀត គម្រោងមួយនេះជ្រើសយកវីធីសាស្រ្តបែបកំសាន្តសប្បាយៗមកបង្រៀនសិស្សានុសិស្សអំពីបញ្ហាទន្លេមេគង្គដោយមានរួមបញ្ចូលសកម្មភាព និងហ្គេមផ្សេងៗ។ គុណ សុភីកា ដែលជាអ្នកដឹកនាំម្នាក់របស់គម្រោងនេះបានបញ្ជាក់ថា វីធីសាស្រ្តនេះជាវីធីដែលធ្វើឱ្យក្មេងៗឆាប់រៀនចេះ និងចូលចិត្តសិក្សាពីទន្លេមេគង្គ។ នាងបន្តទៀតថា  “ពួកយើងកំពុងតែផលិតហ្គេមផ្គុំរូបសត្វត្រីដែលក្មេងៗអាចលេង និងរៀនអំពីចំណេះដឹងផ្សេងៗពីទន្លេមេគង្គ និងប្រភេទត្រី។ ពួកយើងក៏បានធ្វើការសាកល្បងសម្ភារសិក្សានេះនៅតាមកម្មវិធីមួយចំនួន ហើយឃើញថាក្មេងៗជាអ្នកចូលរួមរីករាយនឹងសម្ភារសិក្សានេះ។ សូម្បីតែក្មេងៗជំទង់ក៏ចូលចិត្តលេងវាដែរ។”

Kids playing the fish puzzle game at STEM Event ©Kun Sophika 2019

ជា សុធារ័ត្ន ដែលជាអ្នកដឹកនាំម្នាក់ទៀតរបស់គម្រោងនេះ បានបន្តពន្យល់ពីក្រុមគោលដៅរបស់គម្រោងនេះ។ នាងបញ្ជាក់ថា ក្រុមការងារនឹងទាក់់ទងទៅតាមបណ្តាសាលាបឋមសិក្សា និងអង្គការផ្សេងៗ។ បន្ទាប់មក ចំណេះដឹងអំពីប្រភេទសត្វដែលកំពុងរងគ្រោះនៅតំបន់ទន្លេមេគង្គត្រូវបានចែករំលេកទៅកាន់ក្រុមសិស្សានុសិស្សក្មេងៗ ជាពិសេសកម្រិតសិក្សាថ្នាក់ទី៥ និងទី៦ដែលស្ថិតនៅអាយុរៀនសូត្រឆាប់ចេះ។

សុធារ័ត្នបន្ថែមទៀតថា ពួកគេស្ថិតក្នុងអាយុដែលពេញដោយសំណួរ និងការចង់ដឹង ចង់ឃើញ។ដូច្នេះនៅពេលដែលពួកគេឃើញសម្ភារសិក្សាដែលណែនាំពីប្រភេទត្រីយក្ស ឧទាហរណ៍ ពួកគាត់នឹងឆ្ងល់ ហើយចាប់អារម្មណ៍មកសួរក្រុមការងារយើង។ ការចាប់អារម្មណ៍នេះជាជំហានមួយក្នុងការផ្សព្វផ្សាយចំណេះដឹងពីទន្លេមេគង្គ។

រូបភាពសត្វត្រីយក្សទាំង៨ប្រភេទរបស់ទន្លេមេគង្គនឹងដាក់តាំងបង្ហាញទៅដល់មហាជន។ ការបង្ហាញសត្វត្រីយក្សនេះជាការឆ្លុះបញ្ចាំងដ៏សំខាន់ដែលបង្វែរចំណាប់អារម្មណ៍របស់មហាជនមកសិក្សាពីអត្ថប្រយោជន៍របស់ទន្លេមេគង្គ ឬ ហៅម្យ៉ាងទៀតថាអច្ឆរិយភាពនៃទន្លេមេគង្គ។ ទន្ទឹមនឹងនេះ អមជាមួយការបញ្ជ្រៀបការយល់ដឹងពីបញ្ហាផ្សេងៗរបស់ទន្លេមេគង្គ យើងក៏បន្តបង្ហាញពីអត្ថប្រយោជន៍របស់ទន្លេ ដើម្បីរក្សាការចាប់អារម្មណ៍ពីសំណាក់ប្រជាជន។

សុធារត្ន័ប្រាប់ថា “ខ្ញុំច្បាស់ជាមានអារម្មណ៍រីករាយខ្លាំងណាស់ ប្រសិនក្មេងៗអាចចំណាំ បែកចែកប្រភេទមច្ឆជាតិនៅទន្លេមេគង្គយើងបាន។”

A Learning Kit project member explaining about Mekong at STEM Event ©Chea Sothearoth 2019

សុភីកា និង សុធារត្ន័ ដែលមានចំណែកក្នុងគម្រោងសម្ភារសិក្សានេះ ជឿជាក់យ៉ាងមុតមាំលើលទ្ធផលវិជ្ជមាននៃគម្រោងនេះ។ ​ពោលក្មេងៗនឹងយល់ច្បាស់កាន់តែច្រើនហើយមានឥរិយាបទត្រឹមត្រឹមជួយថែរក្សាទន្លេមេគង្គដែលជាប្រភពចំណូល និងសុវត្ថិភាពស្បៀងអាហារក្នុងតំបន់។

សុធារ័ត្នបន្តថា “បញ្ហាចំបងជាងគេដែលយើងកំពុងជួបប្រទះគឺទាក់ទងនឹងការឱ្យតម្លៃដល់ទន្លេមេគង្គ។ខ្ញុំគិតថាវាជាកត្តាសំខាន់ដូចបញ្ហាផ្សេងៗទៀតនៅតាមតំបន់ទន្លេមេគង្គដែរ។ ដូច្នេះហើយបានជាឥរិយាបទរបស់ប្រជាជនទៅលើទន្លេមេគង្គជា រឿងមួយដែលមិនគួរមើលរំលង។”

ដូចគ្នានេះដែរ សុភីកាក៏រំពឹងថាទន្លេមេគង្គនឹងត្រូវបានមហាជនយល់ និងឱ្យតម្លៃនាថ្ងៃណាមួយ។ សង្ឃឹមថា ប្រជាជនកាន់តែច្រើន ជាពិសេសក្មេងៗជំនាន់ក្រោយនឹងបន្តចាប់អារម្មណ៍ ចង់ចេះដឹងពីបញ្ហាដែលកើតមានឡើងនៅតាមតំបន់ទន្លេមេគង្គ​ ហើយអាចចូលរួមចំណែកដោះស្រាយបញ្ហាទាំងអស់នេះ។

បញ្ជាក់ថា គម្រោងសម្ភារសិក្សាជាគម្រោងផ្តួចផ្តើមមួយក្នុងចំណោមគម្រោងដទៃទៀតរបស់ក្រុមយុវជនអេកូយុវទូត ជំនាន់មេគង្គទី១។ គុន សុភីកា និង​ ជាសុធារ័ត្ន ជាអ្នកដឹកនាំគម្រោងមួយនេះ។ ពួកគេចូលរួមជាសមាជិកអេកូយុវទូត ដោយសារតែការតាំងចិត្ត និងចំណង់ចំណូលចិត្តដោះស្រាយបញ្ហាបរិស្ថាន និងចង់លើកកម្ពស់ពីការថែរក្សាការពារទន្លេមេគង្គ។



Learning Kit Project Team ©Chea Sothearoth 2019

អត្ថបទ “តោះនាំក្មេងៗលេង និងរៀនអំពីមេគង្គ” 
កាលបរិច្ឆេទសរសេរ៖ ២០១៩
បកប្រែ និងរក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា

អានបន្ដ

0 Shares
Share