១. ព្រលឹមថ្ងៃរះ ស្រលះចិត្តភ្លឺត្រចង់ លុះពេលថ្ងៃត្រង់ បេះដូងប្រែក្តៅរីងរៃ
សូរ្យសែងដុតចិត្តស្ងួន អង្រួននឹកកូនប្តី ខ្មៅខ្លោចព្រោះថ្ងៃ ដុតហើយ ប្រះលិចបាត់ទៅ។
២. តំបន់ព្រែកទាល់ ស្ថានស្នេហ៍ មនោរម្យ មានដើមឈើធំ រញាកន្ទុំ ព័ទ្ធផ្ទោលរាំង
យើងត្រៀមសំបុក ក្រាបស៊ុត បងហើយនឹងពៅ ការពារកូនស្ងួន អោយញាស់ ឃើញពន្លឺថ្ងៃ។
៣. បងនៅទីណាបង កូននៅទីណាកូន ម្តេចមិនឆ្លើយផង ម្តេចអ្នកទៅបាត់ចោលម៉ែ
ទោះថ្ងៃបាក់រសៀល ក៏ចិត្តមិនប្រួលប្រែ ទោះពេលរាប់ខែ រស់តែ កំដរទឹកភ្នែក។
៤.ព្រលឹមស្រាងៗ បងចេញទៅរកចំណី មានទឹកមានត្រី ផ្តល់ដល់កូន និងអូន
បងតែងប្រាប់អូនថា ថែកូនស្ងួនពិសី ដល់ពេល ពេញវ័យ យើងចេញទៅលេង ទាំងអស់គ្នា។
៥. បងនៅទីណាបង កូននៅទីណាកូន ម្តេចមិនឆ្លើយផង ម្តេចអ្នកទៅបាត់ចោលស្នេហ៍
ឆ្នាំមុនភ្លើងឆេះព្រៃ ឆេះអស់ទ្រនំស្នេហ៍ ឆ្នាំនេះព្រានព្រៃ ប្រល័យ ទាំងប្តី និងកូន។
៦. ឧទ្ទិសបន់ស្រន់ ស្បថស្បែ សូមអោយជួបបង សូមជួបស្នេហ៍ស្នង ជួបបងកូនរៀងរហូតអើយ
ខ្លែងស្រាកយំយប់នេះ នឹងស្ងាត់នាយប់ស្អែក បងផ្តាំមុនបែក សូមមើលថែខ្លួនផងអូន។
បងផ្តាំមុនបែក សូមមើលថែខ្លួនផងអូន។
មុនពេលបងបែក កូនបែក ផ្សងជួបគ្រប់ៗជាតិអើយ។