Royal Turtle: The Southern River Terrapin (Batagur affinis)

Publication Date: 04 May 2022
Source: WoM
#SocialMediaPost

កាលពីបុរាណ៖ អណ្តើកហ្លួងជាព្រះរាជសម្បតិ្តរបស់ព្រះរាជវង្សានុវង្ស
អណ្តើកហ្លួង ឬអណ្តើកសរសៃ ជាប្រភេទឧរង្គសត្វ មានឈ្មោះជាភាសាអង់គ្លេស Southern River Terrapin (Royal turtle) និងឈ្មោះវិទ្យាសាស្ត្រ (Batagur affinis)។ អណ្តើកហ្លួង ឬហៅថាអណ្តើកសរសៃ គឺជាប្រភេទអណ្តើកទឹកសាបដែលមានមាឌធំ។ អណ្តើកហ្លួងញី មានទំហំស្នូករហូតដល់ ៦២.៥សង់ទីម៉ែត្រ មានផ្ទៃពណ៌ប្រផេះ ឬខ្មៅទាំងអស់។ វាអាចបន្តពូជបាននៅអាយុចន្លោពី១៤ឆ្នាំ ដល់២៥ឆ្នាំ ខណៈអណ្តើកហ្លួងឈ្មោល អាចមានទំហំស្នូក ៤៩សង្ទីម៉ែត្រ មានភ្នែកពណ៌លឿងថ្លា ច្រមុះបះឡើង។
អណ្តើកហ្លួង មានម្រាមជើងមុខធំ ជាប់ស្បែកដូចជើងទា មានក្រញ៉ាំជើង៤ ខុសប្លែកពីអណ្តើកផ្សេងទៀត ដែលមានក្រញ៉ាំប្រាំ។ វាអាចរស់នៅក្នុងទឹកភ្លាវ (ទឹកសាបលាយទឹកសមុទ្រ) តាមពាម តាមព្រែក ដែលហូរចាក់ទៅក្នុងសមុទ្រ មានដើមកោងកាង ដើមចាក និងរុក្ខជាតិផ្សេងៗ ដុះតាមមាត់ច្រាំង។ អណ្តើកហ្លួង វាអាចរស់បានរហូតដល់អាយុជាង១០០ឆ្នាំឡើងទៅ។ អណ្តើកហ្លួង ជាប្រភេទសត្វកម្រដែលជិតផុតពូជ ដូចពពួកខ្លាឃ្មុំខ្មៅអាស៊ី ដំរីអាស៊ី និងប្រភេទខ្លាដំបងឥណ្ឌូចិនជាដើម។
យោងតាមឧបសម្ព័ន្ធទី៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វ និងរុក្ខជាតិ ជានិមិត្តរូបនៃព្រះរាជាចក្រកម្ពុជា បានដាក់បញ្ចូលអណ្តើកហ្លួងជាសត្វនិមិត្តរូបតំណាងឱ្យជាតិកម្ពុជា។ មូលហេតុដែលនាំឱ្យទៅដល់ការដាក់ឈ្មោះអណ្តើកប្រភេទនេះថា «អណ្តើកហ្លួង» នោះ គឺដោយមានប្រវត្តិពីបុរាណដំណាលថា នៅក្នុងប្រទេសកម្ពុជា កាលពីបុរាណ អណ្តើកហ្លួង មានប្រវត្តិជាប្រភេទអណ្តើកដែលត្រូវបានការពារដោយព្រះរាជក្រិត្យ ដោយបានចាត់ទុកជាព្រះរាជសម្បតិ្តរបស់ព្រះរាជវង្សានុវង្ស។
កាលពីដើមឡើយ តាមរយៈនៃការចាប់ និងប្រមូលពងដោយប្រជាពលរដ្ឋ ដើម្បីយកទៅថ្វាយព្រះមហាក្សត្រ និងគ្រួសារព្រះរាជវង្ស និងដោយឃើញរូបរាងស្អាត និងការស្រឡាញ់ ព្រះមហាក្សត្រក៏បានដាក់ព្រះរាជបញ្ជាឱ្យមានការយាមកាម និងការពារចំពោះអណ្តើក រហូតដល់ប្រជារាស្រ្តហៅអណ្តើកប្រភេទនេះថា «អណ្តើកហ្លួងៗ» តរហូតមកដល់សត្វថ្ងៃនេះ។ ក្រោយមក ប្រជាជនខ្មែរដែលបានជួបប្រទះ ឬចាប់បានអណ្តើកហ្លួង ភាគច្រើន តែងតែយកមកលាងសម្អាត លាបប្រេងម្ស៉ៅ និងនិមន្តព្រះសង្ឃសូត្រធម៌ បួងសួងសុំសេចក្តីសុខ រួចលែងវាចូលទៅទីជម្រកដើមក្នុងធម្មជាតិវិញ។
ក្នុងអំឡុងទសវត្សរ៍៨០ និង៩០ គេជឿថា នៅក្នុងប្រទេសកម្ពុជា អណ្តើកហ្លួងបានផុតពូជទៅហើយ។ ប៉ុន្តែ ក្នុងឆ្នាំ២០០០ ក្រុមអ្នកជំនាញអាមេរិកមួយក្រុម មកពីអង្គការ Wildlife Conservation Society (WCS) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសហការជាមួយ រដ្ឋបាលជលផលកម្ពុជា បានរកឃើញវត្តមានសត្វអណ្តើកហ្លួងនេះឡើងវិញ នៅតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង។
លោក សោម ស៊ីថា ប្រធានគម្រោងនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថា អណ្តើកហ្លួង ជាប្រភេទសត្វស៊ីរុក្ខជាតិ និងផ្លែឈើជាអាហារ មានដូចជា ផ្លែអំពូ (រុក្ខជាតិមានដុះច្រើនតាមមាត់ព្រែក ក្នុងព្រែកស្រែអំបិល ខេត្តកោះកុង) ត្រកួន ផ្លែឈើ សណ្តែកបណ្តុះ ផ្លែល្វា ផ្លែជម្ពូ រុក្ខជាតិក្នុងទឹកនានា ដូចជាកំប្លោក និងចកជាដើម ព្រមទាំងផ្លែឈើដែលមានផ្លែតាមរដូវកាល ដែលអាចរកបានផ្សេងៗ ទៀតផងដែរ។ ហើយម្តងម្កាលពួកវាក៏ស៊ីចំណីជាសាច់ដូចជាបង្កង បង្គារ ជាដើមផងដែរ។
ដើម្បីបង្កើនផលស្តុកក្នុងធម្មជាតិ មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង បានបង្កាត់ និងភ្ញាស់កូនអណ្តើកហ្លួង បានចំនួនជាង ៤៥០ក្បាល ដែលបច្ចុប្បន្ន ស្ថិតក្នុងការចិញ្ចឹម និងថែបំប៉នរបស់មជ្ឈមណ្ឌល ខណៈអណ្តើកហ្លួងវ័យជំទង់ចំនួន១៤៧ក្បាល ដែលមានសុខភាពល្អ ត្រូវបានលែងឱ្យទៅរស់នៅតាមបែបធម្មជាតិវិញហើយ។ លោក ស៊ីថា បានឱ្យដឹងថា៖ «មជ្ឈមណ្ឌល នឹងបន្តបេសកកម្មរបស់ខ្លួន ក្នុងការងារបង្កាត់ ភ្ញាស់ ថែបំប៉ន និងលែងវាឱ្យចូលទៅរស់នៅក្នុងធម្មជាតិវិញ ឱ្យបានកាន់តែច្រើន តាមតែអាចធ្វើបាន»។
គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ក្រោមគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផល អង្គការ Mandai Nature នៃប្រទេសសឹង្ហបុរី និងក្រោមជំនួយថវិកាពីម្ចាស់ជំនួយនានា ជាច្រើនមានដូចជា សហភាពអ៊ឺរ៉ុប តាមរយៈគម្រោងដៃគូប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃ US Forest Service, Rainforest Trust, Turtle Survival Alliance និងម្ចាស់ជំនួយឯកជន នានាផ្សេងទៀត។ បច្ចុប្បន្ន នៅក្នុងមជ្ឈមណ្ឌល មានអណ្តើកហ្លួងសរុបចំនួន ១៥៤ក្បាល៕
0 Shares
Share