«ប្រហុក ត្រូវបានគេប្រដូចទៅនឹងត្រីដែលធ្វើចំណាកស្រុក។ គេនិយាយបែបនេះ ដោយសារប្រជាជននៅតាមដងទន្លេមេគង្គអាចចាប់បានត្រីរាប់តោនក្នុងមួយឆ្នាំៗ ដោយសារការធ្វើចរាចរផ្លាស់ទីរបស់ត្រីពេញមួយឆ្នាំ ដែលផ្តល់ចំណីដល់មនុស្សរាប់លាននាក់។» លោក ចាន់ គឹមសាន អ្នកសម្របសម្រួលគម្រោង «ប្រហុក» បានលើកឡើងដូច្នេះ។ គម្រោង «ប្រហុក» គឺជាគម្រោងមួយក្នុងចំណោមគម្រោងអេកូយុវទូតជំនាន់មេគង្គទី១ជាច្រើនផ្សេងទៀត។ លោកបន្តថា «ទីណាមានទន្លេ ទីនោះមានត្រីនិងមនុស្ស។»
នៅក្នុងគម្រោង «អច្ឆរិយភាពនៃទន្លេមេគង្គ» គឹមសាន និងអ្នកស្ម័គ្រចិត្តប្រមាណ ៣០ នាក់ផ្សេងទៀត បានចូលរួមក្នុងសកម្មភាពផ្សេងៗគ្នា រាប់ចាប់ពីការបណ្តុះបណ្តាលតាមផ្ទះ រហូតដល់ការធ្វើដំណើរទៅដល់សហគមន៍នានានៅតាមដងទន្លេមេគង្គ។ តាមរយៈសកម្មភាពទាំងនោះ គឹមសាននិងសមាជិកពីរនាក់ទៀត កំពុងភ្ជាប់ខ្លួនទៅនឹងមហាមេគង្គ ដើម្បីស្វែងយល់ពីជីវិតសហគមន៍នេសាទ។ ជាពិសេស ពួកគេបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតួនាទីដ៏សំខាន់របស់ប្រហុកនៅក្នុងជីវភាពរស់នៅរបស់សហគមន៍។ លោក គឹមសាន បានបញ្ជាក់ទៀតថា «ក្រៅពីជាប្រភពអាហារប្រចាំថ្ងៃ ប្រជាជនក៏អាចលក់ប្រហុកដើម្បីទទួលបានប្រាក់ចំណូលទៀតផង។» ការចាប់ផ្តើមចង់ដឹង ចង់ឃើញរបស់គឹមសាននិងសមាជិករបស់គាត់ នាំឱ្យពួកគាត់មានបំណងផ្តល់ចំណេះដឹងអំពីប្រហុកទៅដល់យុវជនដទៃទៀតដើម្បីសិក្សាផងដែរ។
ដើម្បីឲ្យយុវជនបានយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃទន្លេមេគង្គ ការណែនាំឲ្យស្គាល់ពីផលិតផលដំបូងដែលបានមកពីទន្លេមេគង្គ គឺប្រហុក ជារឿងមួយដែលសំខាន់ណាស់។ លោក គឹមសាន បានបន្តថា៖ «ប្រហុក គឺជាម្ហូបប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរយើង ដែលគ្រប់គ្នាតែងបរិភោគ ដូច្នេះហើយ យុវជនជំនាន់ក្រោយ យ៉ាងហោចណាស់ គួរតែបានដឹងពីប្រភពរបស់វាផងដែរ។