ប្រហុក គឺជាអាហារចម្បងដែលបានមកពីទន្លេមេគង្គ

កាលបរិច្ឆេទចេញផ្សាយ៖ ៣០ មករា ២០២២
បកប្រែ និងរក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា

(Photo: A group of YEA volunteer were visiting the fishing community and experiencing the local fishing activity)

«ប្រហុក ត្រូវបានគេប្រដូចទៅនឹងត្រីដែលធ្វើចំណាកស្រុក។ គេនិយាយបែបនេះ ដោយសារប្រជាជននៅតាមដងទន្លេមេគង្គអាចចាប់បានត្រីរាប់តោនក្នុងមួយឆ្នាំៗ ដោយសារការធ្វើចរាចរផ្លាស់ទីរបស់ត្រីពេញមួយឆ្នាំ ដែលផ្តល់ចំណីដល់មនុស្សរាប់លាននាក់។» លោក ចាន់ គឹមសាន អ្នកសម្របសម្រួលគម្រោង «ប្រហុក» បានលើកឡើងដូច្នេះ។ គម្រោង «ប្រហុក» គឺជាគម្រោងមួយក្នុងចំណោមគម្រោងអេកូយុវទូតជំនាន់មេគង្គទី១ជាច្រើនផ្សេងទៀត។ លោកបន្តថា «ទីណាមានទន្លេ ទីនោះមានត្រីនិងមនុស្ស។»

នៅក្នុងគម្រោង «អច្ឆរិយភាពនៃទន្លេមេគង្គ» គឹមសាន និងអ្នកស្ម័គ្រចិត្តប្រមាណ ៣០ នាក់ផ្សេងទៀត បានចូលរួមក្នុងសកម្មភាពផ្សេងៗគ្នា រាប់ចាប់ពីការបណ្តុះបណ្តាលតាមផ្ទះ រហូតដល់ការធ្វើដំណើរទៅដល់សហគមន៍នានានៅតាមដងទន្លេមេគង្គ។ តាមរយៈសកម្មភាពទាំងនោះ គឹមសាននិងសមាជិកពីរនាក់ទៀត កំពុងភ្ជាប់ខ្លួនទៅនឹងមហាមេគង្គ ដើម្បីស្វែងយល់ពីជីវិតសហគមន៍នេសាទ។ ជាពិសេស ពួកគេបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតួនាទីដ៏សំខាន់របស់ប្រហុកនៅក្នុងជីវភាពរស់នៅរបស់សហគមន៍។ លោក គឹមសាន បានបញ្ជាក់ទៀតថា «ក្រៅពីជាប្រភពអាហារប្រចាំថ្ងៃ ប្រជាជនក៏អាចលក់ប្រហុកដើម្បីទទួលបានប្រាក់ចំណូលទៀតផង។» ការចាប់ផ្តើមចង់ដឹង ចង់ឃើញរបស់គឹមសាននិងសមាជិករបស់គាត់ នាំឱ្យពួកគាត់មានបំណងផ្តល់ចំណេះដឹងអំពីប្រហុកទៅដល់យុវជនដទៃទៀតដើម្បីសិក្សាផងដែរ។

ដើម្បីឲ្យយុវជនបានយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃទន្លេមេគង្គ ការណែនាំឲ្យស្គាល់ពីផលិតផលដំបូងដែលបានមកពីទន្លេមេគង្គ គឺប្រហុក ជារឿងមួយដែលសំខាន់ណាស់។ លោក គឹមសាន បានបន្តថា៖ «ប្រហុក គឺជាម្ហូបប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរយើង ដែលគ្រប់គ្នាតែងបរិភោគ ដូច្នេះហើយ យុវជនជំនាន់ក្រោយ យ៉ាងហោចណាស់ គួរតែបានដឹងពីប្រភពរបស់វាផងដែរ។

(Photos: Fishermen on the boat are fishing along the Mekong River.)

ទន្លេមេគង្គ ត្រូវបានគេស្គាល់ថាជាជលផលទឹកសាបធំជាងគេបំផុតនៅក្នុងពិភពលោក និងជាជម្រករបស់ត្រីជាង ១០០០ ប្រភេទ ដោយយោងតាមមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF)។ ផលប្រយោជន៍ទាំងនេះ បានចូលរួមចំណែកយ៉ាងច្រើនដល់ជលផលកម្ពុជា ដែលផ្តល់ផលនេសាទបានប្រហែល ៤០០.០០០ តោនក្នុងមួយឆ្នាំ ជាពិសេសត្រីតូចៗ។ នៅពេលដែលនិយាយដល់ត្រី ពិតណាស់ យើងតែងតែនឹកឃើញដល់ប្រហុក ដែលជាប្រភពអាហារចម្បងសម្រាប់ប្រជាជនកម្ពុជា ជាច្រើនសតវត្សរ៍មកហើយ។ ជាទូទៅ គេធ្វើប្រហុកនៅក្នុងរដូវត្រីឡើង មានន័យថាពេលមានត្រីច្រើន។ គេធ្វើបែបនេះ ដើម្បីត្រៀមទុកជាអាហារសម្រាប់រដូវកាលដែលមិនសូវមានត្រី។ ភាគច្រើន គេធ្វើប្រហុកពីត្រីតូចៗ ដូចជា ត្រីរៀល ត្រីស្លឹកឬស្សី ឬត្រីកំភ្លាញជាដើម។ របៀកធ្វើប្រហុកមានច្រើនយ៉ាង អាស្រ័យទៅតាមប្រភេទត្រីដែលគេយកមកធ្វើ និងរបៀបធ្វើខុសៗគ្នាទៅតាមតំបន់។ ប៉ុន្តែគ្រឿងផ្សំចាំបាច់បំផុតសម្រាប់ធ្វើ មានពីរយ៉ាង គឺត្រីតូចៗ និងអំបិល។

(Photos: A man is harvesting fishes during fishing season.)

ជនជាតិខ្មែរបរិភោគប្រហុក ហើយចូលចិត្តវាណាស់។ ភាគច្រើន គេបង់ប្រហុកចូលទៅក្នុងសម្លដើម្បីបន្ថែមរសជាតិ ដោយសារវាមានរសជាតិប្រៃ និងមុត។ លើសពីនេះ សម្រាប់ប្រជាជនដែលរស់នៅតាមតំបន់ដាច់ស្រយាល គេចិញ្ច្រាំប្រហុកធ្វើជាទឹកជ្រលក់សម្រាប់បរិភោគជាមួយបាយទៀតផង។

ប្រហុកឆ្លុះបញ្ចាំងយ៉ាងច្រើន ពីរបៀបរស់នៅរបស់ប្រជាជនកម្ពុជា ដូច្នេះយើងដែលជាយុវជនគួរតែដឹង លើកកម្ពស់ និងអភិរក្សម្ហូបខ្មែរមួយនេះ។ ដូច្នេះហើយ ទើបពួកយើងបានបង្កើតគម្រោងប្រហុកនេះឡើង។ គម្រោងរបស់យើងត្រូវបានបង្កើតឡើងក្នុងរូបភាពជាគេហទំព័រពហុព័ត៌មាន ដែលបង្ហាញពីលក្ខណៈពិសេសនៃប្រហុកខ្មែរ របៀបធ្វើ និងបង្ហាញពីសារៈសំខាន់របស់វាសម្រាប់ប្រជាជនកម្ពុជា។ ម៉្យាងវិញទៀត ដើម្បីធានាបាននូវនិរន្តរភាពនៃប្រជាប្រិយភាពរបស់ប្រហុក និងតម្លៃរបស់វា ក្រុមការងារក៏មានគោលបំណងលើកកម្ពស់ការធ្វើប្រហុកប្រកបដោយអនាម័យ ដែលផលិតដោយសហគមន៍នៅតាមបណ្តាខេត្តនានានៅតាមដងទន្លេផងដែរ។ តាមរយៈវិធីនេះ នៅពេលណាដែលមនុស្សញ៉ាំប្រហុក ពួកគេនឹងនឹកដល់ប្រភពដើម របៀបនៃការធ្វើវាឡើង ជាពិសេស រំលឹកពីអត្ថប្រយោជន៍ដ៏សម្បូរបែបរបស់ទន្លេមេគង្គ។

អត្ថបទ ប្រហុក គឺជាអាហារចម្បងដែលបានមកពីទន្លេមេគង្គ​
កាលបរិច្ឆេទសរសេរ៖ ២០១៩
បកប្រែ និងរក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា

អានបន្ដ

0 Shares
Share