រឿងរ៉ាវអកុសល និងកត្តាគម្រាមកំហែងរបស់សត្វរនាលពណ៌ 😥

ចេញផ្សាយ ១០ មីនា ២០២២
ប្រភព៖ WoM

កត្តាគម្រាមកំហែង៖ ការប្រមាញ់តែងកើតឡើងនៅពេលរដូវកាលបន្តពូជ ក្នុងកំឡុងពេលជា ស៊ុត និងជាកូនសត្វមិនអាចការពារខ្លួនឯងបាន។ មនុស្សគឺជាអ្នកប្រមាញ់ដ៏ស្រួចស្រាវបំផុតមួយ។ ពួកគេតែងចាប់កូនសត្វយកទៅលក់ និងទុកហូប ។
 
ស៊ុត និងកូនរនាលពណ៌តែងត្រូវបានលួចចាប់ធ្វើជាអាហារ និងលក់ដូរដោយប្រជាជនក្រីក្រនៅក្នុងមូលដ្ឋាន។ ជាក់ស្តែងកាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ មានការចាប់សត្វរនាលពណ៌ចំនួន១២៣ក្បាលពីបន្ទាយពងកូននៅក្នុងតំបន់រ៉ាមសារព្រែកទាល់ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយជនល្មើសមានគ្នាប្រមាណ១២ទៅ១៣នាក់ បានប្រើឧបករណ៍ឆក់យកកូនសត្វ និងកំពុងប្រមូលកូនសត្វចងដាក់ក្នុងបាវចំនួន៩ ត្រៀមដឹកចេញពីព្រៃ។ នៅពេលក្រុមល្បាតបានទៅដល់ ពួកជនល្មើសបានទំលាក់បាវដែលច្រកកូនសត្វនោះចោលក្នុងទឹក ហើយរត់គេចខ្លួនបាត់។ ជាអកុសល កូនសត្វរនាលពណ៌ទាំងអស់បានស្លាប់ ហើយវត្ថុតាង ទាំងអស់នោះត្រូវបានដឹកចេញយកមកដុតបំផ្លាញចោលនៅមុខស្នាក់ការរ៉ាមសារព្រែកទាល់។
The Painted Stork by Mony Sang-SVC CBP

បណ្តាប្រភេទសត្វជាច្រើនត្រូវបានគម្រាមកំហែង នឹងអាចឈានទៅរកការផុតពូជនៅក្នុងប្រទេសកម្ពុជាដោយសារការបំផ្លាញទីជម្រក និងការប្រមាញ់។ គួរបញ្ជាក់ផងដែរថា សត្វរនាលពណ៌ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការអាយយូស៊ីអិនជាប្រភេទសត្វជិតរងគ្រោះជាសកល និងចាត់ចូលជាប្រភេទសត្វកម្រក្នុងប្រទេសកម្ពុជា ដោយសារការបាត់បង់ជម្រក ការប្រមាញ់ហួសកម្រិត និងកង្វះចំណីអាហារ។


ការថែរក្សាតំបន់ដីសើមអោយគង់វង្សគឺមានសារៈសំខាន់ណាស់ក្នុងការធានាចំនួនសត្វស្លាប ចំណី និងកន្លែងបន្តពូជរបស់វាអោយមានស្ថេរភាព។ បន្ថែមពីនេះទៀត ការចុះអប់រំផ្សព្វផ្សាយអោយបានញឹកញាប់គឺជាកិច្ចការចាំបាច់ណាស់ក្នុងការពន្យល់ណែនាំសហគមន៍មូលដ្ឋានកុំទៅប្រមាញ់សត្វស្លាបដ៏ពិសេសនេះទៀត។ លោកអ្នកអាចចូលរួមការពារសត្វស្លាបកម្ររបស់ប្រទេសកម្ពុជា និងប្រភេទសត្វដែលកំពុងរងគ្រោះថ្នាក់នានាដោយផ្ទាល់ និងដោយប្រយោល ដោយត្រឹមតែអ្នកនិយាយថាទេចំពោះការបរិភោគពពួកសត្វទាំងអស់នេះ និងកុំកាប់បំផ្លាញជម្រករបស់វា។


សូមជួយចែករម្លែកព័ត៌មាននេះដើម្បីអោយអ្នកដទៃទៀតបានរៀនសូត្រអំពីសារៈសំខាន់នៃការចូលរួមការពារសត្វរនាលពណ៌!

0 Shares
Share