ជម្រក៖ សត្វរនាលពណ៌រស់នៅក្នុងតំបន់ដីសើមទឹកសាប និងវាលទំនាបលិចទឹក តំបន់វាលស្រែលិចទឹក និង បឹង។ នៅកម្ពុជា គេឃើញវត្តមាននៅតំបន់ព្រែកទាល់ និងធ្វើចរាចរណ៍ចេញទៅអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ និងបឹងពារាំងទំនាបលិចទឹកបឹងទន្លេសាប ក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប ។ បន្ថែមពីនេះ មានសត្វរនាលពណ៌មួយចំនួនបង្ហាញវត្តមាននៅតំបន់ឆ្នេរដែរ ដូចជាឧទ្យានជាតិរាម។
រូបរាង៖ ប្រភេទសត្វរនាលពណ៌មានកំពស់៩៣ទៅ១០២សង់ទីម៉ែត្រ និងទម្ងន់ពី ២ ទៅ ៥គីឡូក្រាម។ សត្វរនាលពណ៌ មានឈ្មោះវិទ្យាសាស្ត្រ Mycteria leucocephala ។ ជាសត្វមានវ័ណ្ឌខ្មៅលើដើមទ្រូង ។ សត្វប្រភេទនេះមានចំពុះវែងពណ៌លឿងចាស់ និងមុខពណ៌លឿង។ វាមានរោមពណ៌ស និងចុងកន្ទុយរោមពណ៌ផ្កាឈូក នៅពេលវាពេញវ័យ។ នៅក្នុងរដូវកាលបន្តពូជ វាមានរោមពណ៌ភ្លឺជាងពេលធម្មតា។ ពេលវានៅតូច មានសម្បុរពណ៌ត្នោតខ្ចីលើកលែងតែរោមវ័ណ្ណដើមទ្រូង។ រវាងសត្វញី និងសត្វឈ្មោលពេលពេញ វ័យបន្តពូជមិនមានបង្ហាញចារឹកលក្ខណៈខុសប្លែកពីគ្នាទេ ប៉ុន្តែសត្វរនាលពណ៌ឈ្មោលមានរូបរាងធំជាងសត្វញីបន្តិច។ ទំហំខ្លួនរបស់វាគឺជាសូចនាករមួយសម្រាប់បង្ហាញពីភេទរបស់សត្វ ។