អ្នកមីង ឃ្លោត យ៉ាន មានអាយុ ៥៨ ឆ្នាំ និងកូន ៩នាក់ គាត់រស់នៅម្នាក់ឯងចាប់តាំងពីពេលដែលស្វាមីរបស់គាត់ទៅធ្វើការនៅប្រទេសថៃ ហើយក៏បានស្រឡាញ់អ្នកនៅទីនោះ។ កូនៗរបស់គាត់បានរៀបការមានគ្រួសារហើយ ៧នាក់ហើយ និង ២នាក់ទៀត ចេញទៅស៊ីឈ្នួលនេសាទដោយទុកឱ្យគាត់រស់នៅតែម្នាក់ឯង។ កាលប្ដីរបស់គាត់នៅ ពួកគាត់អាចចាប់ត្រីបានច្រើន តែឥឡូវគាត់មិនអាចចេញទៅរកទៀតទេ គាត់រស់នៅលើទន្លេ តែត្រូវទិញត្រីមកហូប។ គាត់បាននិយាយថា ចំនួនត្រីមានការថយចុះគួរឱ្យកត់សំគាល់ ដោយសារតែកំណើនប្រជាជនក្នុងសហគមន៍ កំណើននៃឧបករណ៍នេសាទទំនើបៗ និងការនេសាទខុសច្បាប់ពីបណ្ដាប្រជាជនក្រៅសហគមន៍។ ដោយសារតែជីវភាព អ្នកមីងត្រូវទៅស៊ីឈ្នួលជួសជុលសំណាញ់ឱ្យអ្នកជិតខាង និងចាប់ត្រីដែលអាចរកចំណូលបានទៅដល់ ១០០០០៛ ក្នុងម្ដង ក្រៅពីការស៊ីឈ្នួលឱ្យគេ គាត់អុំទូកទេសចរណ៍ជូនភ្ញៀវទេសចរណ៍ នៅសហគមន៍អេកូទេសចរណ៍កំពង់ភ្លុក ដែលថ្ងៃខ្លះ គាត់អាចរកចំណូលបានដល់ទៅ ៣២០០០៛ ទាំងប្រាក់ដែលគេឱ្យបន្ថែមក្នុងមួយថ្ងៃៗ។ ប្រាក់ដែលគាត់រកបាននោះ គឺបានត្រឹមតែសម្រាប់ហូប ៣ពេល ទិញថ្នាំលើសឈាម និងថ្នាំសម្រាប់ការពារជំងឺដែលឆ្លងតាមទឹក។ មីងយ៉ានតែងតែសង្ឃឹមថាបានឃើញប្ដី និងកូនៗរបស់គាត់ពេលដែលត្រលប់មកដល់ផ្ទះវិញ នៅពេលដែលគាត់នឹកកូនៗ គាត់តែងតែយករូបថតនៅថ្ងៃរៀបអាពាហ៍ពិពាហ៍របស់គេមកមើល។