គម្រោង «សិល្បករទន្លេមេគង្គ» ត្រូវបានបង្កើតឡើងដើម្បី បំផុសបំផុលអំពីបញ្ហាបរិស្ថាន ទាក់ទងនឹងការផុតពូជនៃជីវចម្រុះក្នុងទន្លេមេគង្គ តាមរយៈសិល្បៈឌីជីថល ដែលក្នុងនោះមានសិល្បករចំនួន ១៩ នាក់ ចូលរួមនៅក្នុងគម្រោងនេះ។
លោក សៀង ឆាយលី គឺជាអ្នកដឹកនាំគម្រោង «សិល្បករនៃទន្លេមេគង្គ» នេះ។ គាត់គឺជាសមាជិកអេកូយុវទូត តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ដោយសារគាត់មានចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន។ ចំណង់ចំណូលចិត្តរបស់គាត់បានរីកដុះដាលកាន់តែខ្លាំង បន្ទាប់ពីគាត់បានចូលរួមកម្មវិធីដែលរៀបចំឡើងដោយអេកូយុវទូតមួយចំនួន និងបានជួបជាមួយមនុស្សដែលស្រលាញ់បរិស្ថាន ជាច្រើនដែលមានចំណង់ចំណូលចិត្ត និងគោលដៅស្រដៀងទៅនឹងគាត់។ តាមរយៈគម្រោងមួយនេះ គាត់បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការយកវិធីសាស្រ្តសិល្បៈ ដើម្បីលើកទឹកចិត្តប្រជាជនឲ្យយល់ដឹងពីសារៈសំខាន់នៃទន្លេមេគង្គ និងលើកឡើងពីមូលហេតុដែលសត្វនៅក្នុងដងទន្លេត្រូវបានគំរាមកំហែង។
លោក ឆាយលី បានលើកឡើងថា៖ «ប្លាស្ទិក និងកាកសំណល់រាប់លានតោន កំពុងត្រូវបានបោះចោលទៅក្នុងទឹកទន្លេបណ្តាលឲ្យមច្ឆា និងជីវចម្រុះរាប់លានក្បាលនៅក្នុងទន្លេបន្តស្លាប់ដោយសារការស៊ីចំណីទាំងនោះ។ តើឲ្យយើងឈរអោបដៃនៅស្ងៀមបានដោយរបៀបណា? យើងមិនអាចទៅបញ្ឈប់មនុស្សក្នុងការធ្វើសកម្មភាពទាំងនោះបានភ្លាមៗនោះទេ ប៉ុន្តែយើងអាចបញ្ចុះបញ្ចូលឲ្យពួកគាត់ចាប់ផ្តើមស្រលាញ់ និងចេះថែរក្សាសត្វព្រៃ និងទន្លេមេគង្គ តាមរយៈសកម្មភាពការប្រើប្រាស់តួអង្គគំនូរដ៏គួរឱ្យស្រលាញ់របស់យើងបាន។»