​​អត្តសញ្ញាណជាតិខ្មែរ​ ជាត្រី?

សរសេរដោយ៖ សេង សៀវម៉ី សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២ 
កាលបរិច្ឆេទចេញផ្សាយ: ០១ មីនា ២០២១
រក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា

  • ធ្លាប់តែឃើញត្រីតូចជាងមនុស្ស ចុះត្រីធំជាងមនុស្សជាត្រីអ្វី?

នៅស្រុកគេមានត្រីទឹកប្រៃមួយប្រភេទដែលធំបំផុតនោះគឺត្រីបាឡែន វាមានទម្ងន់ដល់ទៅ ១៩០ តោនឯណោះ ចំណែកឯស្រុកយើងវិញក៏មានត្រីទឹកសាបមួយប្រភេទដូចគ្នាដែរ គឺមានទម្ងន់ធ្ងន់លើសត្រីផ្សេងៗទៀតនោះគឺ ត្រីគល់រាំង ដែលមានឈ្មោះហៅក្រៅថាជា «ត្រីក្បាលឡាន» ហើយមានឈ្មោះជាភាសាអង់គ្លេសថា Giant Barb ត្រីនេះស៊ីស្លែ ផ្លុងតុង ផ្លែរុក្ខជាតិ និងត្រីតូចៗជាអាហារ។ វាជាពពួកត្រីយក្សដែលអាចធំធាត់ដល់ទៅ ៣០០ គីឡូក្រាម និងប្រវែងពី ២ មែ៉ត្រទៅ ៣ ម៉ែត្រយ៉ាងធំ សាកស្រមៃមើលមនុស្សយើងផង ទម្ងន់ត្រឹមជិត ១០០ គីឡូក្រាមផងនៅធំ ចុះទម្រាំតែត្រី ៣០០ គីឡូទៀត តើធំប៉ុនណាទៅ? កុំប្រាប់ថាប៉ុនឡានដឹកដីណា៎។ 

រូបភាពដោយ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ

វាជាប្រភេទត្រីដែលមានស្រកាធំៗស្ទើរប៉ុនទំហំគ្រាប់កាក់គ្របដណ្ដប់លើផ្ទៃដងខ្លួនទាំងមូល លើកលែងតែផ្នែកក្បាល និងព្រុយ។

ចុះវានៅណាទៅណ៎?
ត្រីយក្សធំជាងមនុស្សនេះ ជាប្រភេទត្រីទឹកសាបមាននៅក្នុងប្រទេសយើងហ្នឹងឯង ត្រីគល់រាំងអត់ចូលចិត្តនៅក្នុងបឹងទន្លេសាបរហូតហ្មងទេ វាក៏ចេះធុញដូចយើងដែរ។ ចឹងហើយ ដើម្បីចៀសវាងពីជំងឺស្ត្រេស វាតែងផ្លាស់ទីចេញពីបឹងទន្លេសាបចូលទៅនៅក្នងអន្លង់ទឹកជ្រៅ ក្នុងទន្លេមេគង្គដែលជាផ្ទះសំណាក់របស់វា នាចុងរដូវប្រាំងនៅចុងខែកញ្ញា ឬដើមខែតុលា។ នៅមានទៀត ត្រីនេះឆ្លាតណាស់ ព្រោះវាអាចបត់បែនការរស់នៅរបស់វាបានទាំងទន្លេ និងបឹង ខណៈពេលដែលត្រីផ្សេងៗទៀតមិនអាចសម្របខ្លួនបានស្រួលដូចវាអ៊ីចឹងទេ តែក៏បន្ទោសត្រី ឯទៀតពុំបាន ធ្វើម៉េចបើបុណ្យវាសនាត្រីគល់រាំងល្អជាងហិហិ ហើយក៏ប្រហែលជាចឹងហៃ បានជាចាស់ៗនាំគ្នាហៅវាថាជា «ស្តេចបឹង» ហឹម! គិតៗទៅហេតុតែគេជាអ្នកមានបុណ្យ កើតទៅជាត្រីហើយ នៅមានគេមកដាក់ណិកណេមឲ្យពីរោះជាងខ្ញុំនេះទៀត។

រចនាក្រាហ្វិកដោយ៖ ស៊្រន់ តារ៉ា សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២

ត្រីជាង ៥០០ ប្រភេទនៅក្នុងប្រទេសកម្ពុជា។ ហេតុអ្វីមានតែត្រីគល់រាំងមួយ ដែលគេជ្រើសរើសធ្វើជាត្រីតំណាងជាតិ?

ចាប់ឆ្នោតត្រូវទេដឹង!

មែនហើយ នៅក្នុងប្រទេសយើងមានត្រីទឹកសាបដល់ទៅរាប់រយប្រភេទ ចំឡែកអីមានតែត្រីហ្នឹងមួយគត់ ដែលរាជរដ្ឋាភិបាលយកមកធ្វើជាត្រីតំណាងប្រទេសយើង។ ប្រាកដណាស់ត្រីគល់រាំងនេះត្រូវ តែមានលក្ខណៈពិសេសអ្វីហើយ ទើបធ្វើឲ្យវាអាចក្លាយទៅជាត្រីតំណាងបែបនេះ មែនមកពីចាប់ឆ្នោត ត្រូវអីហេ៎។ មែនទែនទៅ បើគិតមកដល់ឥឡូវ រយៈពេល ១៥ ឆ្នាំហើយដែលត្រីគល់រាំងត្រូវបានប្រកាស កំណត់ជាមច្ឆានិម្មិត្តរូបនៃប្រទេសយើង តាមព្រះរាជក្រឹត្យលេខនសរកត/០៣០៥/១៤៩ ឆ្នាំ២០០៥។ 

ពីហេតុផលខ្លះៗដែលធ្វើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចរើសយកត្រីគល់រាំងមកធ្វើជាត្រីអត្តសញ្ញាណជាតិ ក្នុងនោះមានដូចជា៖ 

ទី១ យើងជាមិត្តយូរឆ្នាំហើយ!

និយាយលេងសើចអីតាមពិតទៅត្រីគល់រាំងហ្នឹងបានមានទំនាក់ទំនងជាមួយនឹងប្រជាពលរដ្ឋខ្មែរយើង តាំងពីមុនសម័យអង្គរមកម៉្លេះ ដោយគេបានឃើញមានរូបចម្លាក់ជាច្រើន នៅតាមប្រាង្គប្រាសាទបាយ័នដែលនិយាយទាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរនាពេលនោះ។ 

រូបភាពដោយ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ

ម៉េចដែរទាំងអស់គ្នា ជឿអត់? ដូចដែលខ្ញុំខំរ៉ាយរ៉ាប់ប្រាប់មុនហ្នឹងចឹង បើយើងបានទៅដល់ប្រាសាទបាយ័ននៅខេត្តសៀមរាបប្រាកដជាបានឃើញរូបចម្លាក់នេះនៅនោះហើយ។ អូមែន! បើគ្នាយើងណាបានទៅឃើញកុំភ្លេចថតផ្ញើឲ្យមើលផងណា៎។

មូលហេតុទី២ ស្គាល់គេច្បាស់ប៉ុនណា?
ដោយសារតែមានភស្តុតាងជាក់ស្តែងនៅលើប្រាសាទរបស់ខ្មែរយើង គេបានសន្និដ្ឋានថា ត្រីគល់រាំងនេះជាត្រីដែលប្រជាជនបានស្គាល់ច្បាស់ជាងគេគឺច្បាស់ដូចថ្ងៃអ៊ីចឹង ព្រោះពួកគាត់ចំណាំពីលក្ខណៈសម្គាល់របស់វាតួយ៉ាង រូបរាងនិង ទំហំជាដើម។ លក្ខណៈថាគ្រាន់តែក្រឡេកមួយខ្វាច់ដឹងហ្មងថាអាហ្នឹងត្រីអី។ មែនមានតែប៉ុណ្ណឹងទេ ប្រជាជននាសម័យអាណានិគមនិយមបារាំង បានយកស្រកាធំៗស្ទើរប៉ុនកាក់មួយ មកច្នៃធ្វើជាសីទាត់លេងយ៉ាងរំភើយ ឡើងទំនង ដូចយើងលេងម៉ូបាលលេជិនឥឡូវចឹង ហាហានិយាយលេងទេ តែអ៊ីចឹងមែន។

ហេតុផលចុងក្រោយ បវរកញ្ញាត្រីក្នុងទឹក!
អ្ហាះ! នៅក្នុងទឹកមានប្រកួតបវរកញ្ញាដែរអី? ម៉េចអត់ដែលឮចឹង? ហាហាហា ដល់ត្រឹមនេះខ្ញុំក៏អស់សំណើចខ្លួនឯងចេះតែមានហ្មង សរសេរបំភ្លើសឲ្យតែអ្នកអានវ៉ល់។ ម៉ោះៗឥឡូវចាំគេបកស្រាយឲ្យស្តាប់ណា៎!

រូបភាពដោយ ក្រុមការងារអេកូយុវទូត

តាមពិតទៅគឺអ៊ីចេះ ការដែលថាមានបវរកញ្ញាត្រីក្នុងទឹកហ្នឹង មែនមានការប្រកួតអីនោះទេ តែក៏ចង់សំដៅទៅដល់​ ត្រីគល់រាំងរបស់យើងហ្នឹង ដែលមានរូបរាងស្អាត និងប្លែកខុសពីត្រីដទៃ​ ដោយសារតែស្រការបស់វា មានពណ៌ផ្លេកៗ​ ប្រដេញគ្នាពេលចាំងត្រូវថ្ងៃ​ ហើយវាក៏ជាប្រភេទត្រីដែលអាចលូតលាស់បានធំ និងវែងជាងគេនៅប្រទេសកម្ពុជាយើងផងដែរ។​ 

បើធំៗអ៊ីចឹងមានច្រើនប៉ុនណា?
បើធំអ៊ីចឹងប្រាកដជាមានច្រើនហើយ ព្រោះវាបង្កើតកូនបានច្រើន ហេហេ​​ ត្រូវអត់? តែការពិតទៅមែនចឹងអ្ហេ៎ ត្រីគល់រាំងហ្នឹង ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Critically Endangered) ក្នុង​ឆ្នាំ ​២០១១ ជា​ប្រភេទ​ត្រី​រងគ្រោះ​ ជិត​ផុត​ពូជ ដោយសារតែការនេសាទហួសកម្រិត​ ការនេសាទ​ក្នុង​រដូវ​ត្រីពង​កូន ការចាប់យក​កូន​ត្រីមកធ្វើជា​​នុយត្រី  ការប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់ និង​ការអភិវឌ្ឍន៍​ ទំនប់​វារិ​អគ្គិសនីនៅ​ដង​ទន្លេ​មេ​​ក្នុង​ទន្លេមេគង្គ​​​ ដែលជា​ផល​រំខាន​ ដល់​ការធ្វើ​ដំណើរ​ផ្លាស់​ទី​របស់​ពួកវា។

គល់រាំងកម្សត់!
ត្រីគល់រាំងគឺជាមច្ឆាជាតិនិមិត្តរូបនៃប្រទេសកម្ពុជាយើង មិនខុសគ្នាទេប្រាសាទអង្គរវត្ត ក៏ជាដួងព្រលឹងជាតិនៃប្រទេសយើងដែរ ​ប៉ុន្តែប្រាសាទអង្គរវត្តទទួលបានការគាំពារយ៉ាងយកចិត្តទុកដាក់​ ពីរាជរដ្ឋាភិបាល​ និងមានការទទួលស្គាល់ពីបងប្អូនជាច្រើន ចំលែកអីតែ​​ ត្រីគល់រាំង បើទោះបីជាមានការអភិរក្ស​ ក៏ដូចជាជួយផ្សព្វផ្សាយពីរាជរដ្ឋាភិបាល គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងអេកូយុវទូតយ៉ាងណា​​ ក៏ឃើញថាការយល់ដឹងរបស់​ប្រជាជនខ្មែរយើងភាគច្រើននៅមានកម្រិត។

ខ្ញុំសង្ឃឹមថាអត្ថបទមួយនេះនឹងជួយឲ្យអ្នកទាំងអស់គ្នាបានស្វែងយល់ពីអ្វីមួយផ្សេងទៀតដែលគ្នាយើងមិនធ្លាប់បានដឹង​​​ ហើយក៏ជួយផ្សព្វផ្សាយ ក៏ដូចជាអភិរក្ស មច្ឆជាតិនិមិត្តរូបនៃប្រទេសកម្ពុជាយើងទាំងអស់គ្នា។

អត្ថបទ “អត្តសញ្ញាណជាតិខ្មែរ​ ជាត្រី?” សរសេរដោយ សេង សៀវម៉ី សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២។ 

កម្មវិធីអេកូយុវទូត ជំនាន់មេគង្គទី២ ទទួលបានការបង្ហាត់បង្រៀនដោយក្រុមការងារ វប្បធម៌ – Wapatoa និងអេកូយុវទូតកម្ពុជា។ 

អានបន្ដ

0 Shares
Share