ជិះទូកលេងតាមគង្គា មើលសូរិយារេរាលាចោលលោកា!
តំបន់អេកូទេសចរណ៍នេះមានលក្ខណៈជាកោះ បែបនេះហើយ អត់មានអីចំលែកទេ ដែលមានទឹកឲ្យយើងជិះទូកលេងមើលសត្វស្លាបសាសងគ្នា មើលថ្ងៃរះផង ថ្ងៃលិចផង គយគន់នូវទេសភាពដ៏ស្រស់ស្អាត ដែលសូម្បីតែខ្ញុំជាអ្នកសរសេរនេះ ក៏រកពាក្យថាមិនត្រូវដែរ។ នៅមានទៀតបងប្អូន ក្រៅពីជិះទូកលេងបានហើយ នៅអាចលេងទឹកបានទៀត។ កុំគិតថាកោះទឹកសាបលេងអត់បានណា គឺថាអត់ចាញ់កោះទឹកសមុទ្រប៉ុន្មានទេ ត្រជាក់ណាស់ ហិហិ!
ព្រៃឈើយ៉ាងសម្បូរបែប និងព្រៃលិចទឹក
ក្រៅពីមានទឹកថ្លាឆ្វង់គួរឲ្យចង់លេងហើយ សហគមន៍នេះ សំបូរទៅដោយព្រៃឈើជាច្រើនប្រភេទទៀត ដែលជាប្រភេទព្រៃរបោះ និងពាក់កណ្តាលស្រោង ព្រោះជាជម្រកសត្វព្រៃមួយចំនួនដូចជា៖ សត្វខ្ទីង ប្រើស ជ្រូកព្រៃ ក្ងោក ត្មាត ត្រយ៉ងចំកំកស។ បើអ្នកទាំងអស់គ្នាចង់ទៅមើលសត្វក្ងោក ឬ ត្មាត ត្រយ៉ងចំកំកស ត្រូវងើបពីព្រលឹមតិចហើយណា៎។ ពេលដែលខ្ញុំនិងក្រុមការងារទៅគឺថាពួកយើងខំងើបតាំងពីម៉ោង បួនកន្លះព្រឹក ព្រោះខ្លាចវាហោះទៅរកចំណីចោលបាត់។
ហើយដេកនៅណាទៅ?
អត់មានសណ្ឋាគារទេអ្នកអើយ មានតែដេកក្នុងតង់? មកលេងកោះទាំងមូលបើមិនដេកតង់ដូចមិនសម មែនអត់?ប្រាកដណាស់គឺដេកក្នុងតង់ ជាពិសេសនោះ គឺនៅលើវាលខ្សាច់ដ៏សស្គុសលើកោះសាមសិបនេះតែម្តងដែលរៀបចំដោយខាងសហគមន៍ ឬអាចស្នាក់នៅផ្ទះសហគមន៍ផ្ទាល់តែម្តងក៏បាន។ យើងក៏អាចស្វែងយល់ពីការរស់នៅរបស់ពួកគាត់ផងដែរ។ តែមិនថាយើងចង់សំរាកក្នុងតង់ ឬ ផ្ទះសំណាក់របស់សហគមន៍ទេ កុំភ័យខ្លាចអត់មានអីញ៉ាំ ព្រោះថាខាងសហគមន៍ក៏មានទទួលសេវារៀបចំម្ហូបអាហារឲ្យដែរ។ ស្រមៃមើលបង្កាត់ភ្លើងអាំងត្រី មុខតង់ មើលថ្ងៃលិចជុំគ្នា… ធម្មជាតិសុទ្ធសាធបងប្អូន។ តែបើគ្នាយើងទៅចំរដូវវស្សាអី គឺអត់អាចដេកតង់បានទេណា តម្រូវឲ្យដេកក្នុងផ្ទះសហគមន៍ផ្ទាល់តែម្តង ហើយដូចពេលខ្ញុំទៅក៏ដេកផ្ទះសហគមន៍ដែរ ព្រោះទឹកលិចខ្សាច់អស់បោះតង់អត់កើត…សេធតិចៗ។ តែអត់អីទេ នៅមានលើកក្រោយៗទៀត!