ឆ្មាំទន្លេ

សរសេរដោយ៖ ជា ស្រីពៅ សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២ 
កាលបរិច្ឆេទចេញផ្សាយ: ០១ មីនា ២០២១
រក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា

អ្នកទាំងអស់គ្នាដែលគិតអត់ថា ថ្ងៃណាមួយខ្លួននឹងចាប់អាជីពជាអង្គរក្សការពារមួយរូប?  ឬក៏ការងារក្នុងក្ដី
សុបិន្តរបស់ខ្លួនគឺចង់ក្លាយជាឆ្មាំម្នាក់? 

ខ្ញុំជឿថាបើសិនជាមានជម្រើសឲ្យរើស យើងម្នាក់ៗប្រាកដជារាងស្រងាកចិត្តពីការងារមួយនេះហើយ សុខចិត្តទៅធ្វើអ្វីផ្សេងវិញជាមិនខាន ព្រោះនៅស្រុកយើងពេលបម្រើការងារអញ្ចឹងៗ ត្រូវទ្រាំហត់ខ្លាំងនិងធ្វើការយាមច្រើនម៉ោងជាងគេបន្តិច ហើយជាពិសេសនោះគឺឧស្សាហ៍ជួបគ្រោះថ្នាក់ទៀត! ប៉ុន្តែបើសួរសំនួរមួយនេះទៅកាន់មនុស្សមួយក្រុមតូចនៅខេត្តក្រចេះវិញ  ពួកគាត់នឹងមិនបង្អង់យូរទេ។ មូលហេតុអ្វី?

តើអ្នកក្លាហានជានរណាទៅហ្ន៎?
តាមពិតទៅពួកគាត់នោះគឺជា មន្រ្តីឆ្មាំទេអ្នក! ខ្ញុំដឹងថាយើងម្នាក់ៗទម្លាប់តែលឺថា ឆ្មាំទ្វារ ឆ្មាំបន្ទាយ តែដល់ឥឡូវមកមានមន្ត្រីឆ្មាំទៀត រាងថ្មីត្រូវអត់? តាមពិតទៅក៏ស្រដៀងគ្នាដែរទេ! 

មន្រ្តីឆ្មាំ មាននាទីចុះល្បាតមើលការពារតំបន់អភិរក្សទៅវិញទៅមក ឆែកមើលថាតើមានការប្រព្រឹត្តិអំពើខុសច្បាប់បំពានទៅលើសម្បត្តិធម្មជាតិទាំងនោះឬក៏អត់ និងជួួយអប់រំអ្នកភូមិពួកគាត់ឲ្យយល់ដឹងកាន់តែសុីជម្រៅក្នុងកិច្ចការពារធម្មជាតិ ក៏ដូចជាការអនុវត្តច្បាប់របស់រដ្ឋាភិបាលផងដែរ។ 

សមាសភាពឆ្មាំមានបីប្រភេទដូចជា៖ មន្ត្រីជលផល ប៉ូលីសបុ៉ស្តិ៍ ឬកងប្រដាប់អាវុធ និងសហគមន៍មូលដ្ឋាន ដែលពួកគាត់ទាំងបីក្រុមសហការណ៍គ្នាចុះក្រវែលឃ្លាំមើលជាក្រុមយ៉ាងស្រុះគ្នា       និងសកម្មខ្លាំងមែនទែន។

បេសកកម្មរបស់ពួកគាត់គឺត្រូវចុះម្ដងបីនាក់ជាក្រុម ហើយត្រូវខំប្រឹងល្បាតយ៉ាងតិចណាស់ក៏ ២០ ទៅ ២២ ថ្ងៃក្នុងមួយខែ។ ក្នុងចំណោម ២០ ទៅ ២២ថ្ងៃនោះ ត្រូវមាន ១០ ថ្ងៃដែលប្រធានឆ្មាំខ្លួនឯងចុះមកត្រួតពិនិត្យ ដឹកនាំដើរល្បាតផ្ទាល់ ដើម្បីគ្រប់គ្រងកូនឆ្មាំរបស់ខ្លួនចៀសវាងមានការធ្វេសប្រហែសផ្សេងៗនៅក្រោយខ្នង ឬបង្កាកុំឲ្យមានការថ្លោះធ្លោយណាមួយ។ អ្វីដែលគួរឲ្យកោតសរសើរជាងនេះគឺ ពួកគាត់ក្នុងមួយថ្ងៃត្រូវជិះទូកល្បាតយ៉ាងហោចណាស់ឲ្យបាន ៥ម៉ោង និងមានចម្ងាយជាមធ្យមពី ១៣ ទៅ ៣០ គីឡូម៉ែត្រដែរ ទោះបីជាគ្មានបទលើ្មសអ្វីកើតឡើងក៏ដោយ។ 

របស់យើង បើយើងមិនថែ តើអ្នកណាជួយថែ?
ខេត្តក្រចេះដែលជាខេត្តមួយល្បីឈ្មោះជាងគេខាងសម្បូរធនធានធម្មជាតិគ្រប់សព្វបែបយ៉ាងដូចជា៖ ដីមាន ជីជាតិ បក្សាបក្សី ទន្លេមេគង្គ ត្រីមេពូជ ព្រៃលិចទឹក សត្វផ្សោត ។ល។ ដែលទាក់ទាញភ្ញៀវទេសចរគ្រប់ទិសទីច្រើនមិនស្ទើរទេ តួយ៉ាងរមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី  និងជិះទូកមើលផ្សោតទឹកសាបដ៏កម្រក្នុងពិភព លោកនៅរដូវប្រាំងជាដើម។ ខ្ញុំចាំបានកាលទៅខេត្តក្រចេះលើកដំបូងជួបជាមួយសហគមន៍ ពួកគាត់ប្រាប់ខ្ញុំថា កាលពីសម័យមុន ក្រចេះសម្បូរផ្សោតណាស់! រាប់ពាន់ក្បាលឯណោះរហូតដល់ថ្នាក់គេអាចបាញ់ប្រមាញ់ពួកសត្វនេះលេងដើម្បីកំដរអារម្មណ៍ទៀតផង។ ស្ដាប់ហើយមានមោទនភាពមែនទែនដែលប្រភេទផ្សោតទឹកសាប មួុយនេះមានចំនួនច្រើនដល់ម្លឹងក្នុងស្រុកយើង! ដល់ថ្នាក់វិស័យទេសចរណ៍ក្នុងខេត្តនេះ ត្រូវបានគេចាត់ថាជាប្រភពប្រាក់ចំណូលចំបងសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចខេត្ត ក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋខេត្តឲ្យបានស្បើយខ្លះផងដែរ។ 

Pictured by Kratie Administration

ប៉ុន្តែមួយរយៈពេលក្រោយនេះ តំបន់កាំពីត្រូវបានគេរុករានជារឿយៗ​ ហើយជាតំបន់ងាយរងការខូចខាតមែនទែន ពីព្រោះតែមានការកើនឡើងនៃការនេសាទខុសច្បាប់ហួសកម្រិត (ការប្រើប្រាស់ឧបករណ៍ឆក់ត្រី និងការនេសាទដោយប្រើមងក្រឡាធំៗ)។ ហេតុនេះហើយទើបមន្រ្តីឆ្មាំទន្លេចាប់ផ្ដើមមានវត្តមានឡើង​ គឺចំនួនសរុបមាន ១១ ប៉ុស្តិ៍ឈរជើងនៅក្រចេះផ្ទាល់។ ដើម្បីចុះល្បាតឃ្លាំមើលថែរក្សាក្រែងមានបញ្ហាផ្សេងៗ និងតាមបង្រ្កាបរាល់សកម្មភាពខុសច្បាប់​ឲ្យបានទាន់ពេលវេលា ប៉ុស្តិ៍នីមួយៗគឺត្រូវ​បានដាក់ឲ្យនៅក្បែរអន្លង់ផ្សោតជាទីបំផុត​។ ​

Pictured by YEA Media

មិនត្រឹមតែប៉ុណ្ណោះ តាមប្រសាសន៍របស់លោកពូមន្ត្រីឆ្មាំមួយរូបនៅខេត្តក្រចេះនេះផ្ទាល់ គាត់បានបង្ហាញពីទឹកចិត្តស្មោះសរនិងភាពស័្មគ្រចិត្តរបស់ខ្លួនក្នុងការបម្រើការងារនេះថា៖

កន្លងមកខ្ញុំសឹងតែមិនហ៊ានបើកទូកទេព្រោះវាច្រើនពេក ដ៏ពេលឥឡូវមានតិចទៅៗ ដូច្នេះខ្ញុំក៏មានចិត្តមួយថាខ្ញុំចង់ជួយការពារព្រោះនៅតំបន់ខេត្តក្រចេះនេះ ខ្ញុំរស់នៅបានគឺពឹងអាស្រ័យទៅលើផ្សោតហ្នឹងឯង ដោយខ្ញុំធ្វើវត្ថុអនុស្សាវរីយ៍ផ្សោត ត្រី រូបភាពលក់ជាដើម។ ផ្សោតនេះជាសត្វមួយហៅថាជាសត្វដែលកម្រ ជាសត្វដែលជិតដាច់ពូជ។ បើខ្ញុំមិនការពារទេ ជីវភាពខ្ញុំក៏មិនបានល្អប្រសើរដូចរាល់ថ្ងៃដែរ! ខ្ញុំជាប្រជាពលរដ្ឋមួយនឹងគេដែរទេដំបូងឡើយ ប៉ុន្តែខ្ញុំសម្រេចចិត្តចាប់ផ្ដើមចូលជាឆ្មាំនេះរយះពេល២ឆ្នាំហើយ ដោយសារតែខ្ញុំមើលឃើញថារដ្ឋាភិបាលប្រទេសជាតិត្រូវការធនធានមនុស្សដើម្បីជួយការពារអភិវឌ្ឍ អ៊ីចឹងខ្ញុំក៏មានពេលមួយ ដើម្បីចំណាយចូលរួមថែរក្សាការពារសម្បត្តិធម្មជាតិវិញ។ ផ្សោតនេះជាសត្វមួយហៅថាជាសត្វដែលកម្រ ជាសត្វដែលជិតដាច់ពូជ។

អ្វីដែលត្រូវដឹងជុំវិញតំបន់មន្រ្តីឆ្មាំធ្វើការ
អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ខ្ញុំនោះគឺ គេែបងចែកតំបន់កាំពីជាពីរយ៉ាងច្បាស់លាស់គឺតំបន់ស្នូល និងតំបន់ទ្រនាប់។ តំបន់ស្នូលគឺជាតំបន់ហាមឃាត់មិនអនុញ្ញាតឲ្យមានការនេសាទឬការឈ្លានពានចូលពីប្រជាជនតាមអំពើចិត្តឡើយ ព្រោះពេលទឹកឡើងអញ្ចឹង (តំបន់នេះមានតែនៅរដូវវស្សា) ត្រី និងសត្វផ្សោតមិននៅស្ងៀមមួយកន្លែងក្នុងអន្លង់កាំពីទេ ពួកគេត្រូវការសេរីភាពហែលបំលាស់ទីចុះឡើងពាសវាលពាសកាល។ ចំណែកឯតំបន់ទ្រនាប់វិញ គឺជាកន្លែងដែលអាចឲ្យអ្នកភូមិចុះនេសាទបាន ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនរបស់រដ្ឋាភិបាលរួមមាន៖ 
-នេសាទក្នុងលក្ខណៈគ្រួសារ 
មិនអាចទុកឧបករណ៍នេសាទរបស់ខ្លួនចោលបានទេ ត្រូវនៅចាំតាមដានជានិច្ច 
ត្រូវនេសាទប្រកបដោយភាពទំនួលខុសត្រូវ និងប្រយ័ត្នប្រយែងបំផុតចៀសវាងប៉ះពាល់ដល់ធម្មជាតិដែលកំពុងរងគ្រោះបន្ថែមទៀត
ប្រសិនបើពេលមន្រ្តីឆ្មាំចុះល្បាតរួចឃើញអ្នកនេសាទគាត់ទុកចោលនោះ មន្រ្តីឆ្មាំនឹងចាប់ដកហូតឧបករណ៍នេសាទរបស់ពួកគាត់ភ្លាមៗយកហ្មងមិនចាំយូរ​ហ្មង។

Pictured by Sroin Dara, Mekong Generation2

ឧបសគ្គដែលពិបាកជម្នះបន្តិច
ជាទូទៅការងារណាក៏តែងតែត្រូវជួបបញ្ហាមិនចេះចប់មិនចេះហើយដែរ មិនថាការងារប្រើកម្លាំងក្ដី ប្រើបញ្ញាក្ដី មិនខុសពីការងារឆ្មាំនេះប៉ុន្មានទេ ពួកគាត់ក៏ឧស្សាហ៍ជួបប្រទះរឿងប្រឈមជាញឹកញាប់ដូចគ្នារួមមាន៖
នៅរដូវវស្សាដែលជារដូវទឹកធំ ចំនួនបទល្មើសនេសាទខុសច្បាប់នៅតែមាន។ អ្នកខ្លះគាត់នៅតែហ៊ានលួចទៅនេសាទក្នុងតំបន់ស្នូលតែម្ដង ទោះជាមានច្បាប់រឹតបន្តឹង និងការចុះល្បាតយ៉ាងតឹងរឹុងប៉ុណ្ណាក៏ដោយ។ ដោយសារតែកត្តាជីវភាព ចំណេះដឹង បូកផ្សំជាមួយភាពរឹងរូសរបស់ពួកគាត់ទៀត សកម្មភាពខុសច្បាប់បែបនេះតែងធ្វើបំផ្លាញជម្រកត្រី និងសត្វផ្សោតជាញយដង។ និយាយទៅលោកពូៗឆ្មាំគាត់តាមអន្តរាគមន៍សឹងមិនទាន់ទេ!
អ្វីដែលយើងអ្នកទីក្រុងនឹកស្មានមិនដល់នោះគឺ ពួកអ្នកនេសាទខុសច្បាប់មួយចំនួន កាលណាពួកគាត់ឃើញទូកមន្ត្រីឆ្មាំរកចាប់ពួកគាត់នោះ ពួកគាត់ចូលដៃគ្នាសហការជាក្រុមតាមលោកពូៗមន្រី្តឆ្មាំដែរ គឺ បើកទូកគេចពីមន្រ្តីឆ្មាំមួួយអស់ដៃយកតែម្ដង! ឥឡូវខ្ញុំឧទាហរណ៍ឲ្យស្រួលយល់មួយ អ្នកលក់ដូរនៅក្នុងផ្សារថ្មីយូរហើយតាំងពីឆ្នាំ ២០០៥មកម្ល៉េះ ដូច្ន​េះអ្នកប្រាកដជាច្បាស់ច្រកចេញចូលផ្សារ និងកន្លែងលក់ដូរផ្សេងៗដូចថ្ងៃហ្មង! ពួកជនល្មើសក៏ដូច្នោះដែរ ពួកគាត់ស្គាល់ផ្លូវច្បាស់មែនទែន ទោះជាម្ដុំកាំពីមានកោះតូចៗខ្វាត់ខ្វែងពេញផ្ទៃទឹកក៏ដោយ ក្រុមជនល្មើសអាចបើកទូកជិះជែងកោះតូចៗបានយ៉ាងស្ទាត់ ជំនាញជាងមន្រ្តីឆ្មាំទៀត។ ក្រុមទាំងពីរត្រូវដេញតាមគ្នាក្នុងល្បឿនលឿនដូចក្នុងរឿងអញ្ចឹង អាចនឹងក្រឡាប់ទូកផង អាចនឹងត្រូវទូកជនល្មើសបញ្ជាមកបុកទូកឆ្មាំផង ថែមទាំងអាចនឹងបាត់បង់ជីវិតក៏ថាបាន។  គ្រោះថ្នាក់ខ្លាំងមែនទែន មិនធម្មតាទេ!
មន្ត្រីឆ្មាំទន្លេត្រូវចំណាយពេលយូរ (៥ ម៉ោង) ហាលថ្ងៃ ហាលភ្លៀងជោគជាំលើទូក ប្រថុយអាយុជីវិត​ខ្លាំងមែនទែនប្រសិនបើអាកាសធាតុមិនអំណោយផលដូចជា ព្យុះ ភ្លៀងខ្លាំង ឡើងកម្ដៅខ្លាំង រឺទឹកជំនន់ ជាដើម
កង្វះខាតថវិកាក្នុងការចាយវាយលើមធ្យោបាយធ្វើដំណើរទៅវិញទៅមកជាពិសេសប្រេងសម្រាប់ចាក់ទូក ដោយលោកពូឆ្មាំដដែលបានបន្តប្រាប់ពួកយើងទៀតថា៖ សហគមន៍មិនមានថវិកាគ្រប់គ្រាន់ទេ អញ្ចឹងត្រូវចំណាយលុយខ្លួនឯង អ៊ីចឹងរយៈពេលជិត ២ ឆ្នាំនេះខ្ញុំចំណាយលុយខ្លួនឯង  
ខ្វះកម្លាំងធនធានមនុស្សសម្រាប់បំពេញការងារមួយនេះមែនទែន ដោយសារតែមួយចំនួនធំគេមិនសូវបានចាត់ទុកការងារអភិរក្សនេះជាជម្រើសការងារនៅថ្ងៃអនាគតទេ 
មិនមានការលើកទឹកចិត្ត ឬការពេញចិត្តពីគ្រួសារពេលខ្លួនធ្វើជាឆ្មាំទេ ព្រោះពួកគាត់ត្រូវជួបគ្រោះថ្នាក់រាប់មិនអស់កំលុងពេលធ្វើការតាមអ្វីរៀបរាប់ខាងលើ ហើយពេលខ្លះពូៗឆ្មាំត្រូវយកលុយដែលសម្រាប់ទំនុកបម្រុងគ្រួសារមកចំណាយលើការងារឆ្មាំបន្ថែមទៀត។ 

ពេលខ្ញុំដឹងហើយក៏គ្មានអារម្មណ៍អ្វី ក្រៅពីអាណិតពួកគាត់ ហើយបានត្រឹមតែសរសេរអត្ថបទនេះឡើងចែក រំលែកឲ្យបងប្អូនដឹង ក៏ដូចជាជួយលើកទឹកចិត្តពូៗបន្ថែមមួយកម្រិតទៀតដែលក្លាហានបំពេញការងារមួយនេះជូនបងប្អូនខ្មែរយើងទាំងមូល។ 

ព្យាយាមគង់តែបានសម្រេច
ការប្រឹងប្រែងរបស់ពួកគាត់ និងអង្គការចូលរួមមួយចំនួនមិនខាតអសារបង់ទេ ផ្ទុយទៅវិញនាំមកនូវលទ្ធផលល្អប្រសើរជាងមុនគួរឲ្យកោតសរសើរ ដោយសព្វថ្ងៃចំនួនសត្វផ្សោតក៏បានកើនឡើងដល់ ៨៩ ក្បាលវិញក្នុងឆ្នាំ ២០២០ នេះបានន័យថានៅថេរដោយផ្អែកតាមទិន្នន័យការប៉ាន់ប្រមាណចំនួនសរុបនៃសត្វផ្សោតទន្លេមេគង្គ ពីចន្លោះ ១៩៩៧ ដល់​ ២០២០ របស់អង្គការ WWF ។ ដូច្នេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបន្ទាប់ពីអានអត្ថបទនេះរួច និងចូលរួមផ្ដល់កម្លាំងចិត្ត ក៏ដូចជាមានភាពយកចិត្តទុកដាក់ចំពោះធនធានធម្មជាតិក្នុងស្រុកយើង កុំអោយបាត់បង់បន្ថែមទៀតអី។​

អត្ថបទ “ឆ្មាំទន្លេ” សរសេរដោយ ជា ស្រីពៅ សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២។ 

កម្មវិធីអេកូយុវទូត ជំនាន់មេគង្គទី២ ទទួលបានការបង្ហាត់បង្រៀនដោយក្រុមការងារ វប្បធម៌ – Wapatoa និងអេកូយុវទូតកម្ពុជា។ 

អានបន្ដ

0 Shares
Share