ជីវិតពិតជាមានទំនាក់ទំនងខ្លាំងណាស់ជាមួយនឹងទឹក។ បើយើងមានទឹក យើងក៏មានជីវិត បើយើងមានទឹក យើងក៏មានត្រី។ អ្នកនេសាទមួយចំនួនតូចប៉ុណ្ណោះដែលនៅតែបន្តនេសាទត្រីដោយប្រើប្រាស់ឧបករណ៍នេសាទតាមបែបប្រពៃណីដូចជា ដាក់មង ការដាក់ទ្រូឬស្សី និងខ្សែសន្ទូច។ លោក ពៅ នរាហ៍ អាយុ២៨ឆ្នាំ ប្រើប្រាស់ការដាក់មង ចំណែកឯគ្រួសារ ទី២ លោក ខាំ រ៉ាប អាយុ ៦១ឆ្នាំ បានប្រើឈ្នាង សំរាប់ចាប់ត្រី ពីអូរក្រឡាញ់ និងបឹងដែលនៅជាប់វាលស្រែសម្រាប់ការផ្គត់ផ្គង់គ្រួសារ។ ពួកគាត់ចាប់បានត្រីតូចៗមួយចំនួន ទន្ទឹមនឹងគ្នាដែលពួកគាត់កំពុងចាប់ត្រី ជាទូទៅ គឺប្រពន្ធរបស់ពួកគាត់តែងតែកាត់ក្បាលត្រីចោល ហើយចម្អិនម្ហូបអាហារ។ សព្វថ្ងៃនេះ អ្នកស្រាវជ្រាវខាងអាហារូបត្ថម្ភ បានណែនាំអោយពួកយើងបរិភោគត្រីទាំងមូល ជាពិសេស ក្បាលត្រី ដែលមានវីតាមីន និងប្រូតេអីុនជាច្រើន។ ត្រីដែលរកបានមិនមែនសំរាប់តែចម្អិនភ្លាមៗនោះទេ តែត្រីដែលគេរកបានជាច្រើនត្រូវបានគេយកមកកែច្នៃ ធ្វើជាអាហារផ្អាប់(ប្រហុក ផ្អក ឬត្រីឆ្អើរ…) សំរាប់ទុកត្រៀមនៅពេលដល់រដូវកាលខ្សត់ត្រី។