ទឹក

សរសេរដោយ៖ ជា ស្រីពៅ សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២ 
កាលបរិច្ឆេទចេញផ្សាយ: ០១ មីនា ២០២១
រក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា

* ឌុកឌាក់ៗ * សម្លេងបេះដូងរបស់យើងតើ!

បេះដូងគឺជាសរីរាង្គមួយដ៏សំខាន់ក្នុងខ្លួនយើង ដែលមាននាទី​ច្របាច់ឈាម រួចចម្រាញ់ចេញជាអុកសុីសែន និងសារធាតុចិញ្ចឹមផ្សេងៗ។ វាត្រូវការសរសៃរឈាមដែលជាបំពង់នាំឈាមចេញ និងចូលដើម្បីធ្វើការរួមគ្នាទៅទ្រទ្រង់រាងកាយមនុស្សទាំងមូលឲ្យដំណើរការបានរលូន​​។

Picture by Shutterstock

គេក៏មានបេះដូងដែរ! តើគេនោះជានរណា?

តាមពិតទៅគេហ្នឹងគ្មាននរណាក្រៅពីស្រុកខ្មែរយើងទេ! ព្រោះបឹងទន្លេសាបត្រូវបានចាត់ទុក ជាបេះដូងនៃប្រទេសកម្ពុជាជាយូរលង់ណាស់មកហើយ។ មូលហេតុគឺមកពីវាមាននាទីជួយទ្រទ្រង់ជីវិតប្រជាជនកម្ពុជា និងវៀតណាមចំនួនជាង ៦០លាននាក់។ រីឯសរសៃឈាមវិញ ប្រាកដណាស់គឺទន្លេមេគង្គនោះអី ដោយសារតែវាហូរកាត់ប្រទេសយើងដល់ទៅប្រាំកន្លែងឯណោះ (ស្ទឹងត្រែង ក្រចេះ កំពង់ចាម រាជធានីភ្នំពេញ និងព្រៃវែង) តាំងពីប្រភពដើមល្បាក់ខោនប្រទេសឡាវមក រួចស្តុកទឹកទុកក្នុងបឹងទន្លេសាប។ ពិតជាសំណាង មែនទែន​​​ ប្រទេសយើងដែលមានទន្លេធំៗដល់ទៅពីរហ្ន៎!

Picture by Tania Alarcon

ដឹងថាស្គាល់គេហើយ! ប៉ុន្តែអ្នកបានដឹងអ្វីខ្លះហ្នឹង?  

មានប្រវែងប៉ុន្មាន? ទីតាំងភូមិសាស្រ្តនៅណាមក?  ហូរកាត់ប្រទេសណាខ្លះ?

សាកឆ្លើយលេងៗមើល! ហាមបើកចាក់ណា ហិហិ​ 

ឥឡូវចាំតាមដានមើលចម្លើយខ្ញុំវិញ៖

ទន្លេមេគង្គគឺជាផ្លូវទឹកដ៏វែងបំផុតនៅអាស៊ីអាគ្នេយ៍ ហើយថែមទាំងជាផ្លូវទឹកមួយក្នុងចំណោមផ្លូវទឹកល្បីល្បាញក្នុងពិភពលោកផងដែរ ដែលមានផ្ទៃដីសរុប ៧៩៥​ ០០០គម² ​ និងប្រវែងជិត ៤ ៨០០គម។ វាមានប្រភពពីទីបេមក ហើយហូរកាត់ ៦ ប្រទេសរួមមាន៖ ចិន ភូមា ឡាវ ថៃ កម្ពុជា និង វៀតណាម។ នៅប្រទេសយើង វាមានប្រវែង ៥០០គម។

ក្រឡេកមើលបឹងទន្លេសាបវិញម្ដង វាក៏មិនចាញ់ទន្លេមេគង្គប៉ុន្មានដែរ ដោយវាជាបឹងទឹកសាបដែលធំជាងគេបង្អស់នៅអាសុីអាគ្នេយ៍យើង។ លក្ខណៈពិសេសរបស់បឹងនេះគឺ វាមានលំហូរទឹកបញ្រ្ចាសរដូវ ដែលធ្វើឲ្យមានការផ្លាស់ប្ដូរផ្ទៃទឹកប្រវែងបឹង និងជម្រៅទឹកតាមរដូវ។ លំហូរទឹកបញ្រ្ចាស់រដូវ សំដៅទៅលើការហូរទឹកច្រាលពីទន្លេមេគង្គ ចូលមកក្នុងបឹងទន្លេសាបនៅរដូវភ្លៀង ដែលពង្រីកផ្ទៃបឹងគុណនឹង១០ដង និងធ្វើឲ្យលិចព្រៃនៅជុំវិញបឹង។ កុំឲ្យអ្នកទាំងអស់គ្នាពិបាកយល់ ខាងក្រោមនេះជាតារាងព័ត៌មានរបស់បឹងទន្លេសាបទាំងពីររដូវ

មានដឹងពីជម្រៅទឹកចិត្តដ៏ជ្រៅរបស់គេអត់?

ពេលនិយាយពីជម្រៅទឹកចិត្ត​ ប្រាកដណាស់យើងអាចសំដៅលើទង្វើល្អៗដែលនរណាម្នាក់ធ្វើមកលើយើងដោយចេញពីចិត្តមិនទាមទារអ្វីមកវិញ មិនយកសម្ភារ ឬលុយជាធំ ថែមទាំងពេញចិត្តនឹងជួយបន្ថែមទៀតរាល់ពេលដែលយើងត្រូវការ។ ចំណែកឯប្រភពទឹកទាំងពីរខាងលើវិញ ក៏មានជម្រៅទឹកចិត្តធំធេងមកលើពួកយើងដែរ​ ដោយសារពួកវាតែងផ្ដល់ផលប្រយោជន៍សព្វគ្រប់បែបយ៉ាងដល់ប្រជាជនយើងជារៀងរាល់ថ្ងៃ​។ សូម្បីតែក្នុងអង្គការទិន្នន័យអំពីការអភិវឌ្ឍក៏គេបានបញ្ជាក់ដែរថា ភាគរយនៃការប្រើប្រាស់ទឹកសាបរបស់ស្រុកយើងមានរហូតដល់ទៅ ៧៤.៧% ឯណោះ។ 

តើប្រយោជន៍ទាំងនោះមានអ្វីខ្លះ? 
-ចម្លើយដំបូងគឺច្បាស់ក្រឡែត​​ គឺថាយើងប្រើទឹកក្នុងផ្ទះមាន ដូចជាទឹកផឹក ងូតទឹក ធ្វើម្ហូប ស្រោចផ្កា ដាំដំណាំ សំអាតផ្ទះជាដើម ។ល។ ទាយមើលថាអ្នកផ្ទាល់មួយថ្ងៃប្រើទឹ​កអស់ប៉ុន្មានលីត្រ?​​ ចម្លើយគឺ​ ២០លីត្រជាមធ្យមដោយយោងតាមឯកសារ ឯកសារបណ្តុះបណ្តាលអំពីប្រព័ន្ធធារាសាស្តខ្នាតតូចធន់នឹងការប្រែប្រួលអាកាសធាតុ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ តាមយោបល់ខ្ញុំ ២០លីត្រក្នុងមួយថ្ងៃគឺច្រើនណាស់​​សំរាប់មនុស្សម្នាក់ ចុះទម្រាំតែសម្រាប់ប្រជាជនរួមជាតិយើងទាំងមូលចំនួន ១៧​ លាននាក់ទៀតវិញដែលត្រូវប្រើប្រាស់ដែរនោះ?
ផ្ដល់ទឹកសម្រាប់ធ្វើស្រែចំការ។ ៨០% នៃប្រជាជនកម្ពុជារស់នៅជនបទតែងតែចិញ្ចឹមជីវិតដោយធ្វើកសិកម្ម។ ត្រង់ចំណុចនេះ ខ្ញុំចង់បញ្ជាក់បន្តិចឲ្យយើងម្នាក់ៗស្រួលយល់ ជាទូទៅកសិករខ្មែរធ្វើស្រែពឹងលើទឹកភ្លៀងទេ (ក្នុងរដូវវស្សា) ប៉ុន្តែដោយសារមានបម្រែបម្រួលអាកាសធាតុ និងបច្ចេកវិទ្យាជឿនលឿន ដូច្នេះកសិករដែលរស់នៅជិតប្រភពទឹកទាំងពីរនេះ មានឱកាសអាចធ្វើស្រែដល់ទៅពីរដងក្នុងមួយឆ្នាំទាំងប្រាំង និងវស្សាតែម្ដង។ ក្រៅពីហូរទឹកមកឲ្យហើយ ក៏ហូរនាំដីល្បាប់ដ៏មានជីវជាតិតាមមកជាមួយដែរ សម្រាប់សម្រួលដល់ការដាំដុះ ធ្វើកសិកម្មបន្ថែមទៀត។
ត្រីវិញក៏ចាញ់បោកទឹកហែលមកតាមគេជាច្រើនអនេកដែរ! ប្រៀបដូចជាដើមទុនសម្រាប់បងប្អូនកម្ពុជាយើងរស់ពឹងពាក់លើអ៊ីចឹង មិនថាជាចំណីអាហារក្ដី ឬយកទៅលក់ដូរក្ដី។ តាមរបាយការណ៍របស់ “Environmental Changes in Tonle Sap and Its Floodplain”​ របស់អង្គការសម្ពន័្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) បានបង្ហាញថាអំពីស្ថិតិរបស់អ្នកភូមិក្នុងការអាស្រ័យលើការនេសាទដើម្បីផ្គត់ផ្គង់ជីវភាពពួកគាត់ ដោយក្រុមនៅតំបន់ដីគោកប្រកបរបរចាប់ត្រីចំនួន ១១% ក្រុមនៅលើដីគោក និងលើទឹកមានចំនួន ៤០% និងភូមិបណ្ដែតទឹកមាន ៨៥%។
នាំមកនៅភាពសម្បូរបែបនៃត្រី បក្សី សត្វល្មូន រុក្ខជាតិ និងព្រៃលិចទឹកជាដើម។ មិនខុសពីមនុស្សប៉ុន្មានទេ សត្វ ព្រៃឈើ និងធនធានធម្មជាតិផ្សេងៗជុំវិញយើងក៏ត្រូវការទឹកដើម្បីចិញ្ចឹមជីវិត រីកធំធាត់ និងជ្រកកោនដែរ។ និយាយទៅគឺ ត្រូវការរស់ពឹងគ្នាទៅវិញទៅមកតែម្ដង បូករួមទាំងយើងដែលជាមនុស្សផងដែរ ដើម្បីទប់ទល់លំនឹងស្ថានប្រព័ន្ធអេកូឡូសុីទាំងមូលមានអាយុជីវិតឲ្យបានយូរ។
ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិទាំងមូល តួយ៉ាងតាមរយៈការនាំចេញផលិតផលជលផលទឹកសាប ផ្លូវគមនាគមន៍ វត្តមានតំបន់អេកូទេសចរណ៍ បម្រើវិស័យឧស្សាហកម្មខ្នាតធំ និងរោងចក្រគ្រប់ប្រភេទដែរ (លាងសម្អាត បញ្ចុះកម្ដៅមា៉សុីនធន់ធំ និងបញ្ចេញកាកសំណល់)​ ថែមទាំងជាប្រភពថាមពលផលិតអគ្គិសនីដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រជាជនទូទាំងប្រទេសដែរ។

កុំភ្លេចស្រលាញ់បេះដូងមួយនេះផងណា!
បើគិតសព្វៗទៅ សូម្បីតែលុយដែលពិបាករករាល់ថ្ងៃនេះក៏ត្រូវយកមកចាយវាយលើទឹកដែរដូចជា ទិញទឹកផឹក និងបង់ថ្លៃទឹកប្រើក្នុងផ្ទះ។ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ តម្រូវការទឹកសាបទាំងនេះត្រូវបានកើនឡើងជាបន្តបន្ទាប់រហូតដល់ចំណុចមួយគួរឲ្យព្រួយបារម្ភខ្លាំងមែនទែន។ តើមកពីមូលហេតុអ្វីខ្លះ? 

តាមរយៈកត្តាមួយចំនួនដូចជា៖ 

១. ប្រព័ន្ធធារាសាស្រ្ត និងទំនប់

២. បម្រែបម្រួលអាកាសធាតុ

៣. កំណើនប្រជាជន (ការប្រើប្រាស់ទឹកហួសកម្រិត)

៤. ការនេសាទត្រីលើសកំណត់ និងខុសច្បាប់

៥. ការបំផ្លាញព្រៃលិចទឹក

៦.​ ការបំពុលទឹក

៧. ការតាំងទីលំនៅលើទឹក

៨. កំណើនទេសចរណ៍

រាងច្រើនគួរសមដែរត្រូវអត់?  

ប្រសិនជាបញ្ហាទាំងនេះនៅតែបន្តអូសក្រឡាជារឿយៗក្នុងស្រុកយើងទៅមុខទៀតនោះ ពួកយើងនឹងមានបញ្ហាខ្វះទឹក កង្វះស្បៀងអាហារ ភាពច្របូកច្របល់ផ្នែកសេដ្ឋកិច្ចជាមិនខាន ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតគឺអាចឈានទៅដល់គ្រោះទុរភិក្សទៀតផង! ជាក់ស្ដែងមានប្រទេសមួួយដែលខ្វះទឹកទន្លេតែម្ដងហើយពួកគេត្រូវរស់ពឹងតែលើទឹកសាបក្រោមដីតែប៉ុណ្ណោះ នោះគឺប្រទេសគុយវ៉ែត។ 

Picture by Encyclopedia Britannica, inc.

វាជាប្រទេសមួយបរិបូរខាងប្រេងលំដាប់លេខ ៥ និងជាប្រទេសមានជាងគេលំដាប់លេខ ​៤ ក្នុងពិភពលោកទាំងមូល ប៉ុន្តែជាអកុសលអាកាសធាតុ និងធនធានទឹករបស់វាមិនអំណោយផលប៉ុន្មានទេ ដូចតែពាក្យដែលគេឧស្សាហ៍និយាយថា​ កាលណាមានមួយត្រូវតែខ្វះមួយហ្នឹងឯង។ ដោយសារតែជាប្រទេសសម្បូរវាលខ្សាច់ច្រើន មានទឹកក្រោមដីតិចខ្លាំង បូករួមទាំងទឹកភ្លៀងធ្លាក់មិនទៀងទាត់ដែរ ធ្វើឲ្យតំបន់នេះតែងក្ដៅហួតហែងជានិច្ច ហើយពួកគេតែងជួបបញ្ហាជារឿយៗដូចជា៖
-ត្រូវទទួលរងព្យុះធូលីកំណាចរហូត ដែលបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ (ផ្លូវដង្ហើម) ជានិច្ចដល់ប្រជាជន 
ប្រឈមនឹងគ្រោះទុរភិក្សរាល់ ៥ ឆ្នាំម្ដង 
ដីស្ងួតរេចរឹលមានច្រើនជាងដីសម្រាប់ដាំដុះ និងមានកម្រិតជាតិប្រៃខ្ពស់ទៀត
ខ្វះស្បៀងអាហារជាញឹកញាប់ ដោយសារតែទឹកសាបមានតិច ដូច្នេះផលិតផលកសិកម្មក៏មិនអាចបំពេញតាមអ្វីដែលប្រទេសទាំងមូលត្រូវការបាន លុះត្រាតែនាំចូលពីក្រៅមក
ត្រូវចំណាយដើមទុនអភិវឌ្ឍជាតិទៅលើការចម្រាញ់ទឹកសាបចេញពីទឹកសមុទ្រលើសដើម ដើម្បីផ្គត់ផ្គង់ប្រជាជនខ្លួន
សត្វមិនអាចទ្រាំរស់នៅបាន ព្រោះក្ដៅនិងស្ងួតពេក។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ក្រោយនេះ សត្វស្លាប ជាច្រើនបានសុខៗបាត់ខ្លួនមាន សត្វស្លាប និងសត្វល្មូនជាង ៤០​ប្រភេទ
ទឹកសាបខ្វះជីវជាតិ ដោយសារនៅប្រទេសនេះ គេប្រើទឹកសាបបំលែងចេញពីទឹកប្រៃ ដូច្នេះវាមិនមែនជាទឹកសាបធម្មជាតិដូចប្រទេសយើងឡើយ។ ទឹកប្រភេទនេះសម្បូរទៅដោយជាតិអាសុីត ដែលអាចប៉ះពាល់ប្រព័ន្ធរំលាយអាហារនៅថ្ងៃក្រោយបាន

​នេះចេះហេង គុយវ៉ែតជាប្រទេសអ្នកមានផងអ្នកទាំងអស់គ្នា ដែលមានប្រេងសម្រាប់នាំចេញធ្វើជាថវិកាជាតិ ទុកទំនុកបម្រុងសម្រាប់ថ្ងៃអនាគត ចុះទម្រាំតែស្រុកយើងវិញដែលជាប្រទេសកំពុងអភិវឌ្ឍវិញនោះ? ប៉ុន្តែតាមពិតទៅ…មកដល់ត្រឹមនេះ​​ ទឹកមិនទាន់ផុតច្រមុះឡើយ ​យើងនៅមានឱកាសស្រោចស្រង់ជីវិតយើងនៅឡើយទេ!​ តែថាយើងគួរធ្វើយ៉ាងណាទៅ?​​​ អ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរ?​

អត្ថបទ “ទឹក” សរសេរដោយ ជា ស្រីពៅ សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២។ 

កម្មវិធីអេកូយុវទូត ជំនាន់មេគង្គទី២ ទទួលបានការបង្ហាត់បង្រៀនដោយក្រុមការងារ វប្បធម៌ – Wapatoa និងអេកូយុវទូតកម្ពុជា។ 

អានបន្ដ

0 Shares
Share