សរសេរដោយ៖ នុត ពិសិដ្ឋរចនា សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២
កាលបរិច្ឆេទចេញផ្សាយ: ០១ មីនា ២០២១
រក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា
ពេលដែលអ្នកឮពាក្យថា «ត្រីមេពូជ» អ្នកគិតដល់អ្វី?
យើងប្រាកដជានឹកឃើញដល់ត្រីញីដែលធំជាងគេនៅក្នុងទន្លេ ឬគិតថានៅក្នុងទន្លេនឹងមានត្រីធំមួយ ដែលជាស្តេចត្រី មានអំណាចជាងគេលើប្រភេទត្រីទាំងអស់នៅក្នុងទឹក។ បើអ្នកទាំងអស់គ្នាគិតបែបនេះមែន គឺគិតខុសហើយ ខុសស្រឡះតែម្តង។
អ្ហាៈ! អ៊ីចឹងអីគេទៅជាត្រីមេពូជ?
ត្រីមេពូជនឹងប្រៀបដូចជាមនុស្សស្រីពេញក្រមុំអ៊ីចឹង។ មិនថាតូចមិនថាធំទេ ឲ្យតែការវិវត្តរបស់វាដល់ពេលអាចបង្កកំណើតបាន នោះពួកវានឹងក្លាយជាត្រីមេពូជហើយ បើយោងតាមអ្នកសិក្សាអំពីត្រីម្នាក់ឈ្មោះ ថាច់ ផាណារ៉ា។ ដោយហេតុថា នៅក្នុងទន្លេមានត្រីគ្រប់ប្រភេទ ពូជខ្លះធំ ពូជខ្លះតូច ចឹងមិនមែនយើងឃើញវាតូច វាមិនទាន់ពេញក្រមុំនោះទេ ប្រៀបបាននឹងមនុស្សមានទាប មានខ្ពស់អ៊ីចឹង។ មួយវិញទៀត បើយើងមើលទៅលើនិយមន័យរបស់ត្រីមេពូជរបស់អច្ឆរិយៈភាពនៃទន្លេមេគង្គ (Wonders of the Mekong) ត្រីមេពូជ គឺជាប្រភេទត្រីសម្រាប់បន្តពូជ ហើយវាអាចជួយបំពេញបន្ថែមនូវចំនួនដង់ស៊ីតេត្រីដែលកំពុងធ្លាក់ចុះទៀតផង។ នេះមានន័យថា មានត្រីមេពូជ ចំនួនត្រីនឹងកើនឡើង ប្រសិនបើគ្មានវា កាលណាចំនួនត្រីថយចុះ គ្មានថ្ងៃណាឡើងវិញទេ។
ត្រីមេពូជនៅទីនេះ ខ្ញុំសំដៅតែនៅក្នុងទន្លេទេណា បើក្នុងសមុទ្រខ្ញុំក៏មិនច្បាស់ដែរ។ អ្វីដែលសំខាន់នោះពពួកត្រីមេពូជនេះ ឆ្លាតៗណាស់ប្រាប់ទៅ ដោយពួកវាអាចមានញាណ [common sense] ដឹងថា ពេលណាឬទីកន្លែងណាវាអាចហែលលេងបាន ពេលណាឬកន្លែងណាវាត្រូវពង។ អ្វីដែលពិសេសជាងនេះទៀតនោះគឺ វាដឹងពីតម្រូវការរបស់វាច្បាស់លាស់ ជាពិសេសវាដឹងថាលក្ខខណ្ឌបែបណាដែលអាចឲ្យកូនវារស់បាន ក្រោយពេលវាទម្លាក់ពងនោះទៅក្នុងទឹកទន្លេ។ ប្រសិនបើគ្មានលក្ខខណ្ឌទាំងនោះទេ ពពួកកូនត្រីគ្មានថ្ងៃបានញាស់ទេ គឺពងត្រីទាំងនោះលែងមានប្រយោជន៍ហើយពេលនេះ បើវាខូចបាត់ហើយហ្នឹង។
ចំពោះកូនត្រីដែលញាស់វិញ រឹតតែចេះទៀត ទើបតែកើតសោះ ចេះហែល ចេះរកអីស៊ី ហើយដឹងថាហ្វូងវានៅណាទៀត ទាំងដែលពងនោះរសាត់អណ្តែតតាមទឹកសោះ ហើយអាចហូរចូលកន្លែងផ្សេងៗដែលវាមិនស្គាល់ផងក៏ថាបាន។ អស់ឡូយនៅប៉ុណ្ណឹង?!!
យើងចាប់ផ្តើមឆ្ងល់ទៀតថា ពងត្រីហ្នឹងអីក៏ពិបាកម៉្លេះ នៅក្នុងទឹកដូចគ្នាសោះ អត់ញាស់ដែរ?
ត្រី វាមិនមែនចេះតែទម្លាក់ពងកូនវាចេញនោះទេ។ វាត្រូវការលក្ខខណ្ឌសមស្របមួយ ទៅតាមប្រភេទរបស់វា។ បើមិនមានលក្ខខណ្ឌគ្រប់គ្រាន់ទេ ពងដែលវាទម្លាក់មកនោះនឹងត្រូវខះជាខ្លាញ់ ឬខូចតែម្តង មានន័យថាពងនោះមិនអាចញាស់ជាកូនត្រីបាននោះទេ។ យើងឃើញពួកវាឆ្លាតមែន ប៉ុន្តែលុះត្រាតែលក្ខខណ្ឌធម្មជាតិដែលវារស់នៅជាមួយតាំងពីដើមឡើយនោះ មិនមានការប្រែប្រួលខ្លាំង ស្របទៅនឹង ទម្លាប់នៃការរស់នៅរបស់វាជារៀងរាល់ឆ្នាំ។
ដោយហេតុថា ខួរក្បាលត្រី មិនមែនឆ្លាតដូចមនុស្សឯណា ដែលអាចរកវិធីសម្របខ្លួនទៅនឹងអ្វីថ្មីបានភ្លាមៗនោះទេ ប្រសិនបើស្ថានភាពទន្លេមានការប្រែប្រួលក្នុងកត្តាណាមួយនោះ ពួកវានឹងវង្វេង ហើយមិនដឹងធ្វើយ៉ាងណាឡើយ។ អ៊ីចឹង ពេលខ្លះ យើងគួរយកចិត្តត្រីដាក់ក្នុងចិត្តយើងខ្លះផង ដោយសារតែយើងឆ្លាតជាងវា។
អ្នកទាំងអស់គ្នាចង់ដឹងអត់ថា លក្ខខណ្ឌទាំងអស់ហ្នឹងមានអ្វីខ្លះ?
ឥឡូវយើងនិយាយភាសាបច្ចេកទេសបន្តិចទាក់ទងនឹងការបន្តពូជរបស់ត្រី ប្រភេទត្រី និងលក្ខខណ្ឌរបស់ពួកវា។ មិនពិបាកទេ ពាក្យស្រួលៗយល់ដែរទេ។ អ៊ីចឹងយើងដឹងហើយថា ត្រីមេពូជទាំងអស់សុទ្ធតែពេញក្រមុំអស់ហើយ។ នៅពេលរដូវវស្សាជិតមកដល់ពួកវាចាប់ផ្តើមមានពងពេញពោះអស់ហើយ ចាំតែដល់ពេល ពួកវានឹងទម្លាក់ពងទៅតាមលក្ខខណ្ឌនីមួយៗ។
តាមរយៈការចូលស្តាប់បទបង្ហាញរបស់លោកពូ ផៃ សុម៉ានី ដែលជាអ្នកសម្របសម្រួលការងារអភិរក្សរវាងរដ្ឋបាលជលផល និងអង្គការ WWF ត្រីត្រូវបានបែងចែកជា៣ប្រភេទ គឺត្រីខ្មៅ ត្រីស និងត្រីប្រផេះ។ ត្រីខ្មៅ មិនមែនជាប្រភេទត្រីបម្លាស់ទីទេ លក្ខខណ្ឌដែលវាត្រូវការដើម្បីឲ្យពងវាញាស់គឺ ការធ្លាក់ភ្លៀង។ កាលណាមានភ្លៀងធ្លាក់ភ្លាម ពួកវាចាប់ផ្តើមទម្លាក់ពងភ្លាម ព្រោះការធ្លាក់ភ្លៀងនេះអាចឲ្យកូនវារស់បន្តទៀតបាន។ ត្រីខ្មៅមានដូចជា ត្រីកំផ្លៀញ ត្រីស្លាត ត្រីរ៉ស់ និងត្រីអណ្តែង។ សុទ្ធតែជាត្រីដែលម៉ាក់យើងនិយមទិញឲ្យយើងញ៉ាំហ្នឹងឯង។
ចំណែកត្រីប្រផេះ វាត្រូវការចរន្តទឹកហូរ ដើម្បីឲ្យពងវាអាចលូតលាស់បាន។ ដូចនេះ វាត្រូវហែលទៅរកកន្លែងណាដែលមានចរន្តទឹកហូរសមស្របនឹងលក្ខខណ្ឌរបស់វា។ ត្រីប្រផេះនេះ មានដូចជា ត្រីក្អែក ត្រីឆ្ពិន ត្រីកាហែ។ រីឯត្រី’ស’ ជាប្រភេទត្រីបម្លាស់ទី។ ពីមួយឆ្នាំទៅមួយឆ្នាំ វាត្រូវការផ្លាស់ទីលើផ្ទៃទាំងមូលនៃទន្លេមេគង្គ ពីមេគង្គទីបេប្រទេសចិនរហូតដល់ មេគង្គក្រោមប្រទេសវៀតណាម។ លុះដល់រដូវពងកូន លក្ខខណ្ឌដែលវាត្រូវការគឺ ទឹកជួរ ទឹកជន់ខ្លាំង ទឹកហូរខ្លាំង មានថ្មដែលអាចចូលទៅពងកូនបាន។ ដោយសារតែពងកូនវាជាប្រភេទពងបណ្តែត នោះពួកវាត្រូវការទឹកហូរខ្លាំង ដើម្បីជម្រុញការលូតលាស់របស់ពងកូនទាំងនោះ ។ ប្រភេទត្រីសភាគច្រើនជាត្រីធំៗ ដូចជា ត្រីគល់រាំង ត្រីប្រា និងត្រីរាជជាដើម។
សរុបមកពួកវាត្រូវការលក្ខខណ្ឌទាំងនោះ មិនមែនដើម្បីទម្លាក់ពងចេញទេ គឺមេវាគិតដល់ការរស់រានបន្តរបស់កូនៗវា។ ពងត្រីទាំងនោះ អាចរស់បានដោយសារលក្ខខណ្ឌខុសៗគ្នា។ បើប្រៀបធៀបមកមនុស្ស វាប្រៀបដូចអ្នកដែលរើសថ្ងៃកូនកើត ដើម្បីកំណត់ជោគវាសនាសិរីសួស្តីដល់កូនអ៊ីចឹង។
មកភ្ញាក់រលឹកជាមួយគ្នាថា ស្ថានភាពទន្លេឥឡូវហ្នឹង កំពុងប្រែប្រួលខុសប្រក្រតីហើយ
ការប្រែប្រួលនៃស្ថានភាពទន្លេ គឺមកពីការគំរាមកំហែងពីសកម្មភាពមនុស្សជាពិសេស។ ត្រី គ្នានៅក្នុងទឹកតា៎គ្នាសោះ យើងនេះមិនសុខចិត្តទៅ រញ៉េររញ៉ៃទាល់តែបាន។ ធម្មតាត្រីធំៗគ្នាត្រូវហែលពីលើដល់ក្រោមបានយ៉ាងសប្បាយ ដល់ឥឡូវហែលមិនបានពាក់កណ្តាលផ្លូវផងទៅលែងរួច។ សួរថាថីបានទៅមិនរួច? គឺអ្នកនៅខាងលើហ្នឹងគាត់ធ្វើទំនប់វារីអគ្គិសនី ហើយឆ្លៀតទប់ទឹកមួយជាន់ទៀត។ ចឹងអ្នកគិតមើលទៅពីទីបេប្រទេសចិនមក គេទប់ទឹកឡើងរាប់រយកន្លែង ល្មមមកដល់ទន្លេមេគង្គស្រុកខ្មែរយើងនេះ សឹងតែអត់ទឹកទៅហើយ។
បច្ចុប្បន្ន ទន្លេយើងចាប់ផ្តើមខ្សត់ទឹកខ្សត់ត្រីបណ្តើរៗហើយ អ្នកមានដឹងអត់? មានរឿងមួយទៀតនោះគឺ ត្រីកំពុងតែខ្សត់ហើយនៅឆ្លៀតមានអ្នកនេសាទខុសច្បាប់ ប្រើឧបករណ៍ឆក់ សំណាញ់ខុសច្បាប់ទៀត។ បើយោងតាមអ្នកសិក្សាស្រាវជ្រាវអំពីត្រីម្នាក់ឈ្មោះ ថាច់ ផាណារ៉ា គាត់បានប្រាប់ថា «ទន្លេយើងធ្លាប់តែមានត្រីសម្បូរបែប គ្រប់ប្រភេទ ឥឡូវសល់តែប៉ុន្មានប្រភេទទេ ព្រោះប្រភេទត្រីខ្លះបានផុតពូជបាត់ហើយ ខ្លះទៀតកំពុងតែរងគ្រោះជិតផុតពូជដែរហើយ»។
ហ្ន៎ះ! តា៎អស់ត្រី យើងមិនដឹងគិតម៉េចទេ!
ត្រីមេពូជនេះ មានសារៈសំខាន់មែនទែនចំពោះការបន្តពូជត្រី ក៏ដូចជាការបង្កបង្កើនចំនួនត្រីប្រចាំឆ្នាំ។ ហេតុនេះ ប្រសិនបើគ្មានត្រីមេពូជ មនុស្សនឹងមិនអាចមានត្រីបរិភោគបន្តទៀតឡើយ។ កាលណាចំនួនត្រីមេពូជ កាន់តែថយចុះ នោះនឹងគ្មានការបន្តពូជតទៅទៀតទេ។ គ្មានពងត្រី គ្មានកូនត្រី ដែលអាចធំលូតលាស់បន្តទៅទៀត រហូតដល់អស់បរិមាណត្រីនៅក្នុងទន្លេទាំងស្រុង នោះនឹងគ្មានត្រីសម្រាប់មនុស្សជំនាន់ក្រោយទៀតទេ។ កុំចាំដល់អស់ត្រីញ៉ាំ ទើបស្តាយក្រោយណា។ ប្រាប់ឲ្យហើយគ្មានត្រីអ្វីឆ្ងាញ់ជាងត្រីទឹកសាបទន្លេមេគង្គយើងទេ។ ដូច្នេះ បើចង់ឲ្យគង់ទាល់តែថែរក្សា ខ្ញុំចេះតែប្រាប់ៗទៅកុំឲ្យស្តាយក្រោយទាន់។
អ៊ីចឹង វត្តមានរបស់ត្រីក្នុងទន្លេមេគង្គមានរហូតមកដល់សព្វថ្ងៃ ដោយសារតែមានត្រីមេពូជនេះច្រើន ហើយពួកវាមិនទាន់ទទួលរងការរំខាន និងការគំរាមកំហែងពីមនុស្សខ្លាំងដូចបច្ចុប្បន្ន។ ដូចនេះ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចូលរួមចែករំលែកព័ត៌មាននេះទៅកាន់មិត្តភក្តិ ក៏ដូចជាក្រុមគ្រួសារបន្តតាមដែលអាចធ្វើទៅបាន។ យើងចង់ឲ្យពួកគាត់បានដឹងឮពីរឿងនេះ ហើយចូលរួមកាត់បន្ថយការញ៉ាំពងត្រីជាពិសេស។ ប្រសិនបើគ្មានអ្នកញ៉ាំ នោះអ្នកនេសាទនឹងមិនយកមកលក់ទៀតទេ! រឿងមួយទៀតនោះ គឺអ្នកនេសាទគួរតែគោរពច្បាប់ដែលក្រសួងបានចែង។ ល្មមឈប់ល្មើសហើយ ខ្ញុំដឹងថាអ្នកធ្វើដើម្បីបំពេញក្រពះ ប៉ុន្តែការប្រព្រឹត្តខុសច្បាប់បែបនេះ នៅមិនបានយូរទេ។ ខាងក្រសួងក៏ដូចជាអង្គការសហការផ្សេងៗគេចាត់វិធានការបែបនេះ គឺដើម្បីប្រយោជន៍អ្នកនៅថ្ងៃមុខទេ។ បើគ្មានពួកគាត់ យើងប្រហែលអស់ត្រីញ៉ាំយូរណាស់ហើយ។
អត្ថបទ “តើមាតាទឹកសាបជានរណា?” សរសេរដោយ នុត ពិសិដ្ឋរចនា សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២។
កម្មវិធីអេកូយុវទូត ជំនាន់មេគង្គទី២ ទទួលបានការបង្ហាត់បង្រៀនដោយក្រុមការងារ វប្បធម៌ – Wapatoa និងអេកូយុវទូតកម្ពុជា។