សម្ភារអប់រំចំណេះដឹងបរិស្ថាន និងទន្លេមេគង្គត្រូវបានបង្កើតឡើងដោយសមាជិកអេកូយុវទូត ជំនាន់មេគង្គទីមួយក្នុងគោលដៅលើកកម្ពស់ការយល់ដឹងបរិស្ថាន និងទំនាក់ទំនងដ៏ស្អិតរមួតរវាងទន្លេមេគង្គ និងប្រជាជនខ្មែរ។ សម្ភារអប់រំទាំងនេះគឺសម្រាប់កុមារ និងយុវជន ដែលធ្វើឱ្យពួកគេទទួលបានចំណេះដឹងថ្មីៗពីបរិស្ថាន ជីវៈចម្រុះ និងទន្លេមេគង្គ។ លើសពីនេះទៅទៀត នៅទីនេះក៏មានសម្ភារអប់រំចំណេះដឹងបរិស្ថាន និងទន្លេមេគង្គ ដូចជាសៀវភៅ ផាត់ពណ៌រូបត្រីស្រុកយើង សៀវភៅរឿង“សំណាងនិងត្រីរាជ” ដែលជាស្នាដៃដែលផលិត និងគាំទ្រដោយស្ថាប័នរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ឬគម្រោងអភិរក្ស និងអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថានផ្សេងៗ។ តោះចាប់ផ្ដើមរៀនអំពីទន្លេមេគង្គ!
សម្ភារអប់រំចំណេះដឹងបរិស្ថាន និងទន្លេមេគង្គទាំងនេះគឺសំរាប់ប្រើប្រាស់ក្នុងគោលបំណងអប់រំតែប៉ុណ្ណោះ ដើម្បីប្រើប្រាស់សម្ភារអប់រំចំណេះដឹងបរិស្ថាន និងទន្លេមេគង្គ សូមទាក់ទងអេកូយុវទូតកម្ពុជាតាមរយៈអ៊ីមែល: youngecoambassador.kh@gmail.com ។
គំនូរសារគមនាគមន៍ពីសិល្បករទន្លេមេគង្គបង្កើតឡើងក្នុងគោលបំណងជម្រុញឱ្យសាធារណៈជនស្វែងយល់បន្ថែមអំពីការយល់ដឹងពីប្រភេទសត្វ សារៈសំខាន់ និងភាពស្រស់ស្អាតនៃសត្វនីមួយៗដែលមានវត្តមាននៅតាមដងទន្លេមេគង្គ ដែលប្រភេទសត្វមួយចំនួនកំពុងរងការគំរាមកំហែង និងជិតផុតពូជ។
ការសិក្សាស្វែងយល់តាមរយៈរូបភាព នឹងជួយអោយកុមារ និងយុវជនងាយស្រួលក្នុងការចងចាំពី រូបរាង និងលក្ខណៈសម្គាល់សំខាន់ៗរបស់ប្រភេទសត្វទាំងអស់នេះ។ លើសពីនេះទៅទៀត នេះក៏ជាឱកាសមួយក្នុងការបង្ហាញពីទំនាក់ទំនងដ៏អស្ចារ្យរវាង “សិល្បៈ និងធម្មជាតិ” ក៏ដូចជាការចូលរួមចំណែកគាំទ្រ និងឱ្យតម្លៃទៅលើស្នាដៃសិល្បៈគំនូរសារគមនាគមន៍របស់សិល្បករខ្មែរវ័យក្មេងផងដែរ។
គំនូរសារគមនាគមន៍ពីសិល្បករទន្លេមេគង្គ ត្រូវបានដាក់បង្ហាញក្នុងការតាំងពិព័រណ៌ ការផ្សព្វផ្សាយនៅលើបណ្តាញសង្គម ការផលិតជាកន្លាស់អាវ និងជាស្ទីកគ័រសម្រាប់ប្រើប្រាស់ក្នុងការងារអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថាន និងទន្លេមេគង្គតាំងពីឆ្នាំ ២០១៩មកម៉្លេះ។ ទាញយកនៅទីនេះ
សព្វថ្ងៃនេះមនុស្សស្ទើរតែគ្រប់វ័យ ចូលចិត្តស្តាប់តន្ត្រីប្លែក និងថ្មីៗ!!!
សមាជិកអេកូយុវទូត ជំនាន់មេគង្គទីមួយ មានទំនុកចិត្តក្នុងការធ្វើបទចំរៀងនិពន្ធថ្មីអំពីទន្លេមេគង្គជាមួយសិល្បករវ័យក្មេងដ៏អស្ចារ្យគឺ ក្រុមតូច (Smallworld Smallband) និងជុង សៀវភីន (Peace Chong) ។
ទំនាក់ទំនងដ៏អស្ចារ្យរវាងទន្លេមេគង្គ និងមនុស្សបានរសាត់បាត់ពីមួយជំនាន់ទៅមួយជំនាន់។ ឥឡូវនេះ មនុស្សកាន់តែឃ្លាតឆ្ងាយពីទន្លេ ហើយស្ទើរតែភ្លេចអំពីទន្លេ ដែលធ្លាប់ជាផ្នែកមួយនៃជីវិតមនុស្ស។ ទន្លេមេគង្គគឺ ជាប្រភពនៃអាហារូបត្ថម្ភ ទីជម្រក ចំណីអាហារ ផ្លូវដឹកជញ្ជូន ទេសចរណ៍ សុខភាព សាសនា និងវប្បធម៌ប្រចាំតំបន់នីមួយៗ។ ដោយសារតែបុព្វបុរសរបស់យើង មានសេចក្តីអំណរគុណចំពោះទន្លេមេគង្គនេះហើយទើបទន្លេមេគង្គមានឈ្មោះជាច្រើនផ្សេងៗគ្នាទៅតាមតំបន់នីមួយៗដោយមានចារឹកលើជញ្ជាំងប្រាសាទ និងពិធីបុណ្យប្រពៃណីបុរាណនានា ដើម្បីក្រើនរំលឹកដល់មនុស្ស ពីមួយជំនាន់ទៅមួយជំនាន់ទៀត។
ចម្រៀងពីរោះៗជាច្រើន ក៏ត្រូវបានតាក់តែងតាំងពីបុរាណកាល ដើម្បីពិពណ៌នាអំពីភាពអស្ចារ្យ និងការដឹងគុណចំពោះទន្លេមេគង្គ។ ការបំភ្លេចនូវការដឹងគុណ ជាបុព្វហេតុបណ្ដាលអោយ មនុស្សធ្វើសកម្មភាពខ្ជីខ្ជា បាត់បង់ធនធាន និងជីវិតជាដើម។ បទចម្រៀងនេះនឹងនាំនូវអារម្មណ៏មួយប្លែក ប្រៀបដូចអ្នកស្ដាប់កំពុងស្ថិតនៅតាមដងទន្លេ តាមរយៈការរៀបរាប់ទេសភាពស្រស់ត្រកាល និងជីវៈចម្រុះនានាដែលអាស្រ័យតាមដងទន្លេ រួមជាមួយនឹងការស្រមើស្រមៃរបស់អ្នកនិពន្ធអំពី សេ្នហារវាងផ្សោតនឹងមនុស្ស ដែលឆ្លុះបញ្ចាំងពីការរស់នៅយ៉ាងជិតស្និទ្ធរបស់មនុស្សជាមួយនឹងធម្មជាតិ។ អត្ថន័យដ៏ជ្រាលជ្រៅអំពី អារម្មណ៍របស់តួអង្គ ទេសភាព និងឈុតឆាកនីមួយៗនៃបទចម្រៀងនឹងដាស់សតិអ្នកស្ដាប់ឱ្យនឹកស្រមៃដល់ភាពស្រស់ស្អាត និងគុណតម្លៃដែលមិនអាចកាត់ថ្លៃបានរបស់ទន្លេមួយនេះ។ យើងសង្ឃឹមថា យើងអាចផ្ញើកី្ដស្រលាញ់ និងសេចក្ដីដឹងគុណចំពោះទន្លេមេគង្គ តាមរយៈការចែករំលែកបទចម្រៀងនេះជាមួយនឹងប្រជាជនខ្មែរជាច្រើនលាននាក់ទៀត។
គម្រោងបទចម្រៀងទន្លេមេគង្គ “ម្ចាស់ទន្លេ” ជាគម្រោងរបស់សមាជិកអេកូយុវទូតជំនាន់មេគង្គទី១ដែលមានស្មារតីស្រលាញ់ ចូលរួមថែរក្សាការពារធនធានធម្មជាតិ និងផ្សព្វផ្សាយពីអស្ចារ្យរបស់ទន្លេមេគង្គ។ អ្នកអាចស្ដាប់បទចម្រៀងទន្លេមេគង្គ “ម្ចាស់ទន្លេ”នៅលើ YouTube យូធូបផ្លូវការរបស់អេកូយុវទូតកម្ពុជា និងកម្មវិធីភ្លេងPleng by Smart បានដោយឥតគិតថ្លៃ។
សៀវភៅ “ផាត់ពណ៌រូបត្រីស្រុកយើង” គឺជាស្នាដៃដំបូងរបស់ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលជាគម្រោងដែលមានការគាំទ្រពីទីភ្នាក់ងារ USAID និងភាពជាដៃគូជាមួយអង្គការមួយចំនួនដើម្បីធ្វើការលើការលើកកម្ពស់ការយល់ដឹងអំពីទន្លេមេគង្គ និងព្យាយាមបង្ហាញពីតម្លៃនៃកិច្ចការងារអភិរក្ស សេវាកម្មអេកូឡូស៊ី ជម្រកមរតកវប្បធម៌ និងជីវចម្រុះរបស់ទន្លេមេគង្គដែលជាជម្រករបស់មច្ឆជាតិ ជាប្រភពចំណី ដល់សត្វព្រៃ និងមនុស្សផងដែរ។
សៀវភៅ“ផាត់ពណ៌រូបត្រីស្រុកយើង” នេះ រៀបរៀងឡើងសម្រាប់កុមារ ក៏ដូចជាអាណាព្យាបាលរបស់ពួកគាត់ ដើម្បីសិក្សា និងស្គាល់ពីប្រភេទត្រីដែលមាននៅក្នុងទន្លេមេគង្គ និងទន្លេសាប។ លើសពីនេះទៅទៀត ទន្ទឹមនឹងភាពរីករាយនឹងការផាត់ពណ៌ កុមារអាចស្វែងយល់ពីប្រភេទត្រីសំខាន់ៗ ដោយមានព័ត៌មានដូចជា ឈ្មោះជាភាសាខ្មែរ ឈ្មោះជាអង់គ្លេស និងឈ្មោះវិទ្យាសាស្ត្រ លក្ខណៈសម្គាល់ ជីវសាស្ត្រនៃការរស់នៅរបស់ត្រី និងចំណាត់ថ្នាក់ប្រភេទត្រីកម្រ និងជិតផុតពូជមួយចំនួនក្នុងបញ្ជីក្រហម (IUCN Red List)ផងដែរ។
[…សំឡេងជួងបន្លឺឡើងកំពុងធ្វើអោយគីរីនៅព្រឹកនេះគីរីភ្ញាក់ឡើងហើយចាប់ផ្តើមថ្ងៃរបស់គេ ប៉ុន្តែថ្ងៃនេះមិនមែនគ្រាន់តែជាថ្ងៃធម្មតាសម្រាប់គេប៉ុណ្ណោះទេ។ក្រឡេកមើលតាមបង្អួចមានរទេះប៉េងប៉ោងមួយនៅក្បែររបងឈើនៅមុខផ្ទះរបស់គេ។ ក្នុងចំណោមប៉ោងប៉ោងជាច្រើនដែលមានពណ៌ខុសៗគ្នា គីរីចាប់អារម្មណ៍យ៉ាងខ្លាំងលើប៉ោងប៉ោងពណ៌ក្រហមមួយ។ គិរីមិនបានដឹងទេថាប៉ោងប៉ោងពណ៌ក្រហមគឺជា កូនសោរសម្រាប់គិរីធ្វើដំណើរទៅកាន់ដែនដីមួយទៀតដែលគាត់អាចជួយសង្គ្រោះផែនដីបាន។ បង្កើតមិត្តភក្តិថ្មីប្រយុទ្ធប្រឆាំងនឹងសត្វចម្លែកដែលជាដំណើរផ្សងព្រេងវីរភាពកំពុងរង់ចាំគីរី…]
“គិរី” សំដៅទៅលើឈ្មោះសៀវភៅរឿង ក៏ដូចជាឈ្មោះតួអង្គកុមារាក្លាហានម្នាក់ដែលមានមហិច្ឆិតាក្នុងការជួយសង្គ្រោះធម្មជាតិ និងបរិស្ថានដែលកំពុងជួបបញ្ហាយ៉ាងច្រើន។ នេះគឺជាសៀវភៅរឿងខ្លីការផ្សងព្រេងការផ្សងព្រេង និងការអប់រំដែលជាសម្ភារអប់រំដ៏សំខាន់មួយដែលអាចជំរុញ និងលើកទឹកចិត្តកុមារឱ្យបង្ហាញភាពក្លាហាន បង្កើតគំនិត និងការស្រមើស្រមៃ បង្កើនការយល់ដឹងកាន់តែស៊ីជម្រៅ និងទស្សនៈឆ្ពោះទៅរកក្តីសុបិន និងមហិច្ឆតារបស់ពួកគេ។ ការអាន និងការរៀនសូត្រតាំងពីក្មេងគឺពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ប្អូនៗកុមារ ដូច្នេះយើងលើកទឹកចិត្តចំពោះឪពុកម្តាយ ឬ គ្រូបង្រៀនដែលមានចំណាប់អារម្មណ៍ក្នុងការពង្រឹងការអប់រំចំណេះដឹងបរិស្ថានដល់ប្អូនៗកុមារ និងសិស្សានុសិស្ស អាចយកសៀវភៅរឿងនេះបានដោយឥតគិតថ្លៃ ឬចុចនៅទីនេះដើម្បីទាញយកសៀវភៅរឿង “គិរី”។
ជាមួយនឹងប្រភេទត្រីដ៏សម្បូរបែបប្រមាណជាងមួយពាន់ប្រភេទនៅក្នុងទន្លេមេគង្គដ៏អស្ចារ្យរបស់យើង យើងចង់ណែនាំប្រភេទត្រីទាំង៣០ប្រភេទតាមរយៈល្បែងផ្គុំរូបរបស់យើង។ ដើម្បីចាប់ផ្ដើមល្បែងផ្គុំរូបរបស់យើង អ្នកលេងត្រូវជ្រើសរើសយកកាតមួយសន្លឹកសិន។ នៅផ្នែកម្ខាងនៃសន្លឹកកាតនោះ មានរូបភាពត្រី និងនៅម្ខាងទៀតនៃសន្លឹកកាតមានព័ត៌មានដូចជា ឈ្មោះជាភាសាខ្មែរ ឈ្មោះជាអង់គ្លេស រូបរាងសម្គាល់ កន្លែងពងកូន និងការធ្វើចរាចរផ្លាស់ទីរបស់ត្រី ចំណី និងចំណាត់ថ្នាក់ប្រភេទត្រីកម្រ និងជិតផុតពូជមួយចំនួនក្នុងបញ្ជីក្រហម (IUCN Red List) របស់ប្រភេទត្រីទាំង៣០ប្រភេទនោះ។ រួចអ្នកលេងអាចចាប់ផ្ដើមលេងបាន ដោយលេងតែម្នាក់ ឬការប្រកួតជាក្រុម។
ស្របពេលជាមួយនឹងការរៀនពីប្រភេទត្រីដោយភាពរីករាយ ការលេងល្បែងផ្គុំរូបអាចជួយបង្កើនសមត្ថភាពក្នុងការផ្ដោតអារម្មណ៍ ជំនាញដោះស្រាយបញ្ហា និងការអត់ធ្មត់របស់អ្នកលេង។ យើងលើកទឹកចិត្តឱ្យនាំយកល្បែងផ្គុំរូបនេះទៅប្រើប្រាស់ក្នុងសាលារៀនកម្រិតបឋមសិក្សា ដល់អនុវិទ្យាល័យ សម្រាប់កុមារ និងយុវជនទូទៅឱ្យយល់ដឹងបន្ថែមអំពីប្រភេទត្រីទាំងអស់នេះអោយកាន់តែទូលំទូលាយ និងចូលរួមការពារក៏ដូចជាគាំទ្រការអភិរក្សធនធានជលផលទាំងនេះ។ ទាញយក ល្បែងផ្គុំរូប នៅទីនេះ
តោះលេងល្បែងផ្គុំរូប! ចាប់ផ្ដើមស្វែងយល់ទាំងអស់គ្នា!
ទន្លេមេគង្គត្រូវបានប៉ាន់ប្រមាណថាផ្តល់ជម្រកដល់ប្រភេទត្រីយ៉ាងតិច ១១០០ ប្រភេទ។ ប្រភេទត្រីខ្លះមានច្រើននៅលើតំបន់ទំនាបលិចទឹក (តំបន់ដីសើម) ខ្លះទៀតចូលចិត្តតំបន់ទន្លេទំនាប និងខ្លះទៀតត្រូវបានគេរកឃើញនៅដៃទន្លេ ប៉ុន្តែប្រភេទត្រីជាច្រើនធ្វើចំណាកស្រុករវាងជំរកផ្សេងៗគ្នាដើម្បីបន្តពូជ រកចំណី ពងកូន និងបំពេញវដ្តជីវិតរបស់ពួកវា។តែអ្នកដឹងទេថា ប្រភេទត្រីទាំងអស់នេះកំពុងប្រឈមនឹងបញ្ហាមួយចំនួនក្នុងអំឡុងពេលធ្វើចរាចរផ្លាស់ទីរបស់ពួកគេរួមមាន សកម្មភាពនេសាទហួសកំរិត ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការសាងសង់ទំនប់វារីអគ្គិសនីជាដើម។ ដោយលេងល្បែងកាតនេសាទ អ្នកលេងនឹងទទួលបានចំណេះដឹងបន្ថែមអំពីអ្នកអភិរក្ស តំបន់ការពារ និងសារៈសំខាន់នៃទឹកជំនន់ដែលអាចរក្សាការនេសាទប្រកបដោយចីរភាព។ល្បែងនេះក៏តំណាងឱ្យជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ផងដែរដោយសារតែការនេសាទបានក្លាយជាប្រពៃណីមួយរបស់ពួកគេសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត ជាពិសេសប្រជាជនដែលរស់នៅតាមដងទន្លេ។
របៀបលេងល្បែងកាតនេសាទនេះគឺ តម្រូវឱ្យមានអ្នកលេងពីរនាក់ដែលអ្នកលេងម្នាក់ដើរតួជា អ្នកនេសាទ និងម្នាក់ទៀតដើរតួជាត្រី។ ហើយពួកគេម្នាក់ៗនឹងទទួលបានសន្លឹកកាតចំនួន ៣ ប្រភេទដូចជាសន្លឹកកាតតួអង្គ សន្លឹកកាតពិសេស និងសន្លឹកកាតបន្ទាន់។
ដើម្បីឈ្នះល្បែងកាតនេសាទអ្នកលេងម្នាក់ៗត្រូវប្រមូលសន្លឹកកាតរបស់គូប្រជែងរបស់ពួកគេឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ប៉ុន្តែអ្នកលេងត្រូវតែដឹងថាពួកគេត្រូវប្រើប្រាស់សន្លឹកកាតរបស់ពួកគេឱ្យបានត្រឹមត្រូវ ដើម្បីអាចបន្តទៅមុខទៀតនៅក្នុងល្បែងកាតនេសាទ។ សន្លឹកកាតដែលពួកគេប្រមូលបានកាន់តែច្រើន ពួកគេមានឱកាសកាន់តែច្រើនដើម្បីផ្លាស់ប្តូរយកសន្លឹកកាតកំណប់ដើម្បីក្លាយជាអ្នកឈ្នះ។ ទៅស្ទូចត្រី! ទៅពងកូន! រស់រានប្រកបដោយនិរន្តរភាព!
ចុចនៅទីនេះដើម្បីទាញយក “ល្បែងកាតនេសាទ”
ការជួបគ្នារវាងក្មេងប្រុសម្នាក់ឈ្មោះសំណាង និងត្រីរាជ!
ការនិទានអំពីដំណើរជីវិត ដ៏វែងឆ្ងាយរបស់តួអង្គត្រីរាជ ដែលព្យាយាមស្វែងរកទីជំរកដ៏សុខសាន្ដ នៅក្នុងទន្លេមេគង្គ និងបឹងទន្លេសាបដ៏ធំល្វឹងល្វើយជាមួយតួអង្គ សំណាង ដែលជាកុមារ ចិត្តធម៌ នឹងធ្វើអោយប្អូនៗក៏ដូចជាមិត្តអ្នកអានទាំងឡាយសប្បាយរីករាយក្នុងការកំសាន្ដ។
ក្នុងសៀវភៅថ្មី ដែលជាស្នាដៃទី៦ របស់អង្គការសង្គ្រោះសត្វព្រៃ មានព័ត៌មានស្តីពីចរាចរណ៍ផ្លាស់ទីរបស់ត្រី កត្តាគំរាមកំហែងដែលពួកគេជួបប្រទះ ឧទាហរណ៍ទំនប់វារីអគ្គិសនី។ សៀវភៅនេះមានផ្ទុកនូវល្បែងកំសាន្ត ទំព័រសម្រាប់ផាត់ពណ៌ និងវិធីសាស្រ្តជាក់ស្តែងសម្រាប់ការការពារធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ។ សូមទំនាក់ទំនងទៅកាន់អង្គការសង្គ្រោះសត្វព្រៃ សម្រាប់ព័ត៌មានបន្ថែម។