សរសេរដោយ៖ សេង សៀវម៉ី សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២
កាលបរិច្ឆេទចេញផ្សាយ: ០១ មីនា ២០២១
រក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា
វ័យប៉ុនគ្នា សំណាងមិនដូចគ្នា៖ គេនៅលើដី យើងនៅលើទឹក។
ពីក្មេងៗ ដែលខ្ញុំធ្លាប់ឃើញ
បើនិយាយពីក្មេងៗគ្រាន់តែស្តាប់ឮ គឺថាស្រគៀរត្រចៀកតែម្តងលក្ខណៈថាគួរឲ្យស្រលាញ់ តែក៏គួរឲ្យស្អប់ ខ្ជូតណាស់ ឌឺណាស់ តែក៏រពឹសណាស់ដែរ។ តាំងពីខ្ញុំកើតមក មិនដឹងថាធ្លាប់វ៉ៃក្មេងយំប៉ុន្មាននាក់ហើយទេ មិនដឹង ហេតុអី មិនសូវត្រូវធាតុជាមួយក្មេងៗប៉ុន្មានទេ នៅជាមួយពេលណា ដឹងតែឮសំឡេងយំហើយ! គេគ្រាន់តែលេងជាមួយសោះ ស្រែកយំដែរ ខឹងហ្មង… ប៉ុន្តែថាទៅក្មេងៗ ដែលខ្ញុំធ្លាប់ស្គាល់ទាំងនោះពួកគាត់សំណាង ព្រោះប៉ាម៉ាក់មានជីវភាពធូរធារ មានធនធាន អាចទិញរបស់ល្អៗឲ្យគាត់លេង សម្លៀកបំពាក់ស្អាតៗឲ្យពាក់ ខ្លះទៀតមិនទាន់ចូលរៀនផង មានអាយផេតលេងបាត់ ឡូយជាងឯងដែលជាមីងផង និងបានទៅរៀនសូត្រទាន់អាយុទៀត។ តែក្មេងគ្រប់គ្នាមិនដូចគ្នាទេ គឺមានអ្នកឯទៀតច្រើនណាស់ ដែលពិបាក និងមិនមានសំណាងហើយរឹតតែពិបាកពេលឈានចូលវ័យជំទង់…និយាយដល់ត្រង់នេះគឺខ្ញុំចង់សំដៅទៅប្អូនៗជំទង់ៗ ដែលរស់នៅលើទន្លេមេគង្គយើងផ្ទាល់តែម្ដង ឋិតក្នុងវ័យជំទង់ អ្នកណាក៏ចង់បានការរស់នៅមួយដ៏ល្អ តែជីវិតពិតមិនដូចការចង់បានរបស់គ្រប់គ្នាទេ។
ក្រោមផ្ទះ គ្មានដី
ផ្ទះគេមានដីធំ ទីធ្លាទូលាយអាចគូសវាសលេងអ្វីក៏បាន… ក្រោមផ្ទះគេមានដី ចុះក្រោមផ្ទះគាត់មានអ្វី? ក្រោមផ្ទះគាត់គ្មានទេ ដី ឬ ទីធ្លាខាងក្រោមអីអស់ហ្នឹង មានតែទឹក។ ទឹកនៅទីនេះ មិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរទេ តែទឹកនេះមានប្រយោជន៍ជួយផ្គត់ផ្គង់ដល់ការរស់នៅរបស់ពួកគាត់ទាំងស្រុង។ ជាក់ស្តែងខ្ញុំបានចុះ ទៅយកបទសម្ភាសផ្ទាល់ នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គឺបានជួបនឹងប្អូនប្រុសម្នាក់ឈ្មោះ កុយ មានអាយុ ១១ ឆ្នាំ រៀនថ្នាក់ទី ៣ ដែលគាត់បានប្រាប់ថា រាល់ពេលទៅរៀនត្រូវធ្វើដំណើរដោយជិះទូក ហើយគាត់ផ្ទាល់មិនចេះជិះកង់ទេ។ ខ្ញុំក៏បានសួរទៀតថា ចុះនៅមានអ្វីទៀតដែលប្អូនមិនចេះ? គាត់ក៏បានឆ្លើយមកវិញថា លោតមឹក ឈូសស្បែកជើង ក៏ខ្ញុំមិនចេះដែរ…. តែអ្វីដែលខ្ញុំចេះហើយជំនាញជាងគេនោះគឺ ហែលទឹក ហិហិ! ខ្ញុំអាណិតគាត់ តែក៏សរសើរគាត់ណាស់ដែរ!គ្នាយើងមានដឹងអត់ពេលដែលខ្ញុំសម្ភាស គាត់បានឆ្លើយតបរាល់សំណួរនីមួយៗមកវិញជាមួយនឹងស្នាមញញឹមយ៉ាងពព្រាយនៅលើផ្ទៃមុខដោយមិនយល់ថាខ្លួនឯងគួរឲ្យអាណិតអីបន្តិចសោះ។
សំណាងគាត់មិនដល់គេ!
បើទោះបីជាមនុស្សម្នាក់ៗកើតមកមានសំណាង និងវាសនាមិនដូចគ្នាយ៉ាងណាក៏ដោយចុះ ប៉ុន្តែវាហាក់ដូចជាអយុត្តិធម៌ពេកហើយ សម្រាប់ពួកគាត់ដែលរស់នៅលើទឹកទន្លេ ព្រោះទទួលបានសេវាសាធារណៈមិនដិតដល់ដូចជាអ្នកនៅតាមតំបន់ទីប្រជុំជនប៉ុន្មានទេ។ សាកស្រមៃមើល បើយប់ឡើងយើងឈឺ ហើយត្រូវការពេទ្យ តែបែរជាមិនមានគ្រូពេទ្យណាអាចមកជួយទាំងយប់បាន អ៊ីចឹងត្រូវធ្វើម៉េចទៅ? ការសិក្សាក៏មិនបានខ្ពស់ និយាយឲ្យចំទៅនៅតាមតំបន់លើទឹក អញ្ចឹងមិនសូវមានគ្រូបង្រៀនច្រើនទេ ហើយថ្នាក់រៀនវិញ មានត្រឹមទី ៦ អីហ្នឹងអស់ហើយ បើចង់រៀនតទៀត ទាល់តែឡើងទៅរៀននៅទីរួមស្រុក។
ភាគតិចណាស់ដែលក្មេងៗនៅទីនេះបានឡើងទៅរៀនបន្ត ព្រោះអីជីវភាពគ្រួសារមិនមានលទ្ធភាពឲ្យកូនៗពួកគាត់ទៅទេប្រហែលជាពួកគាត់កើតមកក្នុងសង្គមតូចមួយដែលមានតែសហគមន៍រស់នៅជុំវិញខ្លួន និងអ្វីៗដែលប៉ាម៉ាក់គាត់បានប្រាប់ប៉ុណ្ណោះ ទើបពួកគាត់មិនតូចចិត្តទៅនឹងជីវិតរបស់គាត់រាល់ថ្ងៃ។
អនុស្សាវរីយ៍ល្អៗដែលធ្លាប់មាន
ក្រោមផ្ទះគ្មានដី មិនបានរៀនសូត្រខ្ពង់ខ្ពស់ មិនមានសំណាងដូចក្មេងៗដទៃ ប៉ុន្តែពួកគេនៅតែអាចមានអនុស្សាវរីយ៍ល្អៗជាមួយខ្លួនឯង គ្រួសារ មិត្តភក្តិ និងធម្មជាតិដែលខ្លួនរស់នៅជាមួយរាល់ថ្ងៃ។ កីឡាហែលទឹកត្រូវបានក្លាយជាទីពេញនិយមសម្រាប់បងប្អូននៅទីនោះ មុជទឹកបណ្តើរហែលទឹកលេងបណ្តើរជាមួយបងប្អូន សំលេងសើចក្អឹកៗប្រណាំងនឹងសំលេងចាបយំ មួយគ្រួសារញុំាបាយពេលល្ងាចជុំគ្នា ចែករំលែកម្ហូបគ្នា មិនថាតិច ឬ ច្រើន ឬក៏ ពេលម៉ែស្តីឲ្យ គឺទៅអង្គុយមើលថ្ងៃលិចនៅខាងក្រោយផ្ទះម្នាក់ឯង របៀបសេដៗអីបែបហ្នឹង។
ប្រហែលជាស្ថានភាពក្មេងៗទាំងនេះលំបាក ឬក៏ មានក្មេងដទៃទៀត លំបាកជាងនេះផង ប៉ុន្តែអ្វីដែលសំខាន់ ក្នុងនាមខ្ញុំជាអ្នកសរសេរអត្ថបទនេះ គឺខ្ញុំគ្រាន់តែចង់ដាស់តឿនអ្នកទាំងអស់គ្នា ថាក្នុងពេលវលាដូចគ្នា ពិភពលោកមួយជាមួយគ្នា ស្រុកទេសតែមួយជាមួយគ្នា តែមានមនុស្សឯទៀតច្រើនណាស់ដែលកំពុងតស៊ូ និងជួបស្ថានភាពលំបាកៗជាច្រើនតែពួកគាត់មិនបានបោះបង់ចោលទេ ហើយក៏គាត់មិនបណ្តោយឲ្យខ្លួនបាត់បង់ក្តីសុខសប្បាយដោយសារស្ថានភាពខាងក្រៅពេកដែរ។
ផ្តើមចេញពីខ្ញុំ
បើគិតឲ្យហ្មត់ចត់ទៅ ខ្ញុំមានជីវិតរស់នៅច្រើនជាងប្អូនប្រុសម្នាក់នេះស្ទើរតែជិត ១០ ឆ្នាំ តែបើមើលទៅ
ពេលដែលខ្ញុំនៅវ័យប៉ុនៗគាត់ខ្ញុំតែងតែតូចចិត្ត នឹងជីវិតរបស់ខ្លួនឯង ថាកើតមកមានមិនគ្រប់គ្រាន់ដូចគេ ឲ្យតែឃើញមិត្តភក្តិមានរបស់លេងថ្មី ដឹងតែចង់បានដែរ មានពេលសិក្សាគ្រប់គ្រាន់ហើយ នៅមិនចង់ទៅរៀនទៀត។ ខុសអីពីប្អូនដែលផ្ទុយពីខ្ញុំស្ទើរគ្រប់យ៉ាង តែគាត់នៅតែអាចរស់នៅយ៉ាងសប្បាយបន្តដំណើរទៅមុខយ៉ាងរឹងមាំបទពិសោធជីវិតរបស់គាត់បានកែប្រែការគិតរបស់ខ្ញុំ អាចឲ្យខ្ញុំរៀនចេះទទួលយកនិងរីករាយជាមួយអ្វីដែលកំពុងមាន ឲ្យតម្លៃ និងថែរក្សាមនុស្សនៅជុំវិញខ្លួន។ សំណាងគាត់មិនដល់គេ មិនប្រាកដថាជីវិតគាត់គ្មានន័យឯណា។
អត្ថបទ “វ័យប៉ុនគ្នា សំណាងមិនដូចគ្នា៖ គេនៅលើដី យើងនៅលើទឹក” សរសេរដោយ សេង សៀវម៉ី សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២។
កម្មវិធីអេកូយុវទូត ជំនាន់មេគង្គទី២ ទទួលបានការបង្ហាត់បង្រៀនដោយក្រុមការងារ វប្បធម៌ – Wapatoa និងអេកូយុវទូតកម្ពុជា។