ឃើញអណ្តែតពេញតែទឹក តិចថាអត់ប្រយោជន៍ទៅ

សរសេរដោយ៖ នុត ពិសិដ្ឋរចនា សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២ 
កាលបរិច្ឆេទចេញផ្សាយ: ០១ មីនា ២០២១
រក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា

រុក្ខជាតិបៃតងដែលតែងអណ្តែតហូរតាមប្រព័ន្ធទឹកផ្សេងៗ មិនដែលបាត់មុខ

ពេលខ្លះមិនចាំបាច់ទៅណាឆ្ងាយទេ ទៅតែមាត់ទន្លេមុខវាំងយើងហ្នឹងក៏ឃើញវានៅតាមច្រាំងដែរ។ អ្នកទាំងអស់គ្នាដឹងអត់ថា រុក្ខជាតិហ្នឹងគេហៅអ្វី? ភាគច្រើននៅកម្ពុជាយើងមានតែកំប្លោកនេះទេ ដែលតែងអណ្តែត ហូរតាមទឹកទន្លេ ស្ទឹង បឹង អូរ ផ្សេងៗ។ 

Pictured by Dagim Terefe

ដឹងអត់ហ្នឹងថា កំប្លោកហូរមកពីណាឲ្យច្បាស់ 
ធម្មតា យើងឃើញកំប្លោកហូរតាមទឹកជាច្រើន មិនដឹងមកពីណា មិនដឹងមានប្រយោជន៍អ្វីសោះ។ បើសៀវភៅណែនាំរុក្ខជាតិសត្វល្អិតរាតត្បាតភាគអាគ្នេយ៍ (Southeast Exotic Pest Plant Council Invasive Plant Manual) កំប្លោកមានដើមកំណើតពីទន្លេអាម៉ាហ្សូនឯណោះ ដោយឡែកពួកវា ជាប្រភេទរុក្ខជាតិដែលពូកែលុកលុយគ្រប់ទីកន្លែង ហើយវាងាយលូតលាស់មែនទែន។ ក្នុងរយៈពេល ១២ថ្ងៃ ចំនួនវាអាចលូតលាស់ដល់ទៅគុណនឹង ២ នេះហើយជាមូលហេតុដែលយើងឃើញវាច្រើនទៅៗ មិនចេះអស់សោះ។ បើតាមមូលដ្ឋានទិន្នន័យប្រភេទសត្វរាតត្បាតសកល (Global Invasive Species Database) កំប្លោកនេះបានលុកលុយដល់ជាង ៥០ប្រទេសនៃទ្វីបទាំង៥ លើពិភពលោកទៅហើយ។

លឺគេថា «កំប្លោកហ្នឹងចង្រៃណាស់ គ្មានប្រយោជន៍អ្វីទេ» ចង់ដឹងមែនឬអត់ហ្ន៎?
ដូចដែលបានប្រាប់ចឹងថា កំប្លោកលើទឹកជារុក្ខជាតិម៉្យាងដែលពូកែលុកលុយបំផុត អ៊ីចឹងទីណាមានទឹកទីនោះមានវាហើយ។ ប្រសិនបើមិនបានទប់ស្កាត់វានោះ វាអាចគ្រប់ដណ្តប់ផ្ទៃទឹកទាំងមូលតែម្តង ប្រៀបដូចជាកន្ទេលយ៉ាងក្រាស់មួយក្រាលលើទឹកអ៊ីចឹង។ ពេលនេះ គឺវាអាចរាំងស្ទះចរាចរណ៍ទូកទាំងអស់ ក៏ដូចជាឧបករណ៍នេសាទផ្សេងៗដូចជា អួនជាដើម។ លើសពីនេះ បណ្តុំនៃកំប្លោកទាំងនេះ ទប់ស្កាត់ពន្លឺព្រះអាទិត្យ និងអុកស៊ីសែនមិនឲ្យជ្រាបចូលទៅដល់រុក្ខជាតិផ្សេងៗនៅក្រោមទឹក។ ម៉្យាងទៀត វាក៏ជាជម្រកមូសដ៏ធំមួយដែរ ហើយក៏អាចផ្ទុកបាក់តេរីផ្សេងៗទៀតផងដែរ។ ដូចនេះ នៅតំបន់ដែលមានប្រជាជនរស់នៅនោះ ត្រូវតែរកវិធីទប់ស្កាត់កុំឲ្យវារាំងស្ទះនៅនឹងកន្លែង។

Pictured by Larissa Bergermann

មើលឃើញគេល្អខ្លះផង គេមែនអាក្រក់រហូតណា៎
តាមពិតទៅ រុក្ខជាតិប្រភេទនេះ មានអត្ថប្រយោជន៍ជាច្រើនពេលដែលយើងចេះប្រើប្រាស់ និងច្នៃវា។ គ្រប់ផ្នែករបស់វាសុទ្ធតែមានប្រយោជន៍ទាំងអស់ ទាំងដើម ផ្កា ស្លឹក និងឬសទៀតផង!

សម្រាប់អត្ថប្រយោជន៍ក្នុងការប្រើប្រាស់វាមានដូចជា៖
សម្រាប់កំប្លោកខ្ចី មានប្រូតេអ៊ីនខ្ពស់ដល់ទៅ ២០% ដែលគេអាចយកធ្វើចំណីសម្រាប់ មាន់ ទា គោ ក្របី និងជ្រូក។
គេក៏អាចទុក ទាំងដើម ស្លឹក និងឬសកំប្លោក ឲ្យរលួយ វាអាចក្លាយជាជីធម្មជាតិដ៏ល្អសម្រាប់កសិកម្មដាំដំណាំផ្សេងៗ។ គេក៏អាចយកវាជាធាតុផ្សំក្នុងការផលិតជីកំប៉ុស្តផងដែរ។
ដើម ស្លឹក និងឬសកំប្លោក អាចយកទៅគ្របដី និងគល់ដំណាំ ដើម្បីជួយការពារសំណើមក្នុងដី ការពារស្មៅកុំឲ្យដុះ ផ្តល់ជាម្លប់ត្រជាក់ដល់សត្វល្អិតមានប្រយោជន៍ក្នុងដី។
ប្រសិនបើគេយកដើម និងស្លឹក ទៅហាលវាឲ្យស្ងួតដូចចំបើង គេអាចយកទៅបណ្តុះផ្សិតបាន។
បើយើងទុកកំប្លោកមួយចំនួនតូចក្នុងស្រះទឹកចិញ្ចឹមត្រី (អាចថា ១/៤នៃស្រះ) ឬសវាអាចផ្តល់ជាជម្រក និងចំណីដល់ត្រី។ តែក៏កុំភ្លេចឧស្សាហ៍មើលថែ មិនគួរបណ្តោយឲ្យវារីកច្រើនពេកដែរ ត្រូវសម្អាត ឬដកវាចេញឲ្យបានទៀងទាត់។ ពុំនោះទេវានឹងក្លាយជាបញ្ហាវិញ ដែលធ្វើឲ្យទឹកខ្វះអុកស៊ីសែន អាចសម្លាប់ត្រីទាំងនោះអស់។
កំប្លោកក៏ជារុក្ខជាតិដែលអាចជួយស្រូបជាតិពុលពីក្នុងទឹក ធ្វើឲ្យទឹកថ្លាស្អាត នៅពេលដែលវាមានបរិមាណសមល្មមមិនច្រើនពេក។
ទាំងដើម និងស្លឹកកំប្លោក យើងអាចយកវាធ្វើជាវត្ថុធាតុដើម ដើម្បីផលិតជីវឧស្ម័នទៀតផង។

Pictured by Henrylito Tacio
Pictured by Chef Nak

ចង់ដឹងអត់ថា កំប្លោកនៅមានអ្វីពិសេសជាងនឹងទៀត?
អ្វីដែលពិសេសជាងអត្ថប្រយោជន៍ដែលបានរៀបរាប់ខាងលើនោះគឺ ឥឡូវគេមានបច្ចេកទេសក្នុងការច្នៃរុក្ខជាតិប្រភេទនេះ ជារបស់ប្រើប្រាស់ជាច្រើនប្រភេទដូចជា កាបូប កន្ទេល កន្រ្តកជាដើម។ ចំណុចមួយនេះហើយ ដែលបានជួយសម្រាលជីវភាពប្រជាជនរស់នៅលើទឹកបានច្រើនមែនទែន។ 

ពួកគាត់ចាប់ផ្តើមរួមគ្នាតាមភូមិស្រង់កំប្លោកយកមកច្នៃ ដើម្បីលក់ក្នុងតម្លៃគួរសមអាចចិញ្ចឹមជីវិតបាន។ មិនថានៅលើទឹក ឬនៅលើគោកទេ ពួកគាត់បានចាប់អាជីពនេះ ហើយមានមួយកន្លែងនោះបាននាំចេញផលិតផលធ្វើពីកំប្លោករបស់គាត់ទៅដល់ស្រុកក្រៅជាច្រើនប្រទេសទៀតផង។

ការធ្វើកំប្លោកនេះ មិនមែនស្រួលទេណា! អ្នកធ្វើត្រូវចេះរើសទំហំ និងគុណភាពដើម(មិនខ្ចីពេក មិនចាស់ពេក) ត្រូវចេះបច្ចេកទេសច្នៃ តាំងពីការហាល ចំហុយ ជ្រលក់ពណ៌ និងរបៀបក្រងជាដើម។ ពីមួយជំហានទៅមួយជំហានត្រូវមានរយៈពេលច្បាស់លាស់ទើបគុណភាពនៃផលិតផលចុងក្រោយនោះល្អ អាចទទួលស្គាល់ អនុញ្ញាតឲ្យនាំចូលទៅប្រទេសដទៃបាន។ 

បច្ចុប្បន្នមានសិប្បកម្មនៅភ្នំក្រោមមួយរបស់អ្នកស្រី សូរ សម្បត្តិ ដែលគាត់ប្រកបរបរច្នៃកំប្លោកផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ កាលពីប៉ុន្មានឆ្នាំមុន គាត់បានរៀនបច្ចេកទេសក្នុងការធ្វើនេះ ពីជប៉ុនដែលគេបានមកបង្ហាត់បង្រៀន ផ្គួបផ្សំជាមួយវិជ្ជាត្បាញសូត្ររបស់គាត់កាលពីមុនផងនោះ គាត់បានផលិតផលិតផលពីកំប្លោកនេះ បានល្អដាច់គេ ដែលមានទីផ្សារដល់ប្រទេសអូស្ត្រាលី និងជប៉ុន ដែលសុទ្ធសឹងជាប្រទេសដែលមានច្បាប់តឹងលើផលិតផលនាំចូលដូចគ្នា។ អ្នកណាៗក៏សរសើរផលិតផលគាត់ដែរ ក្រោយពីបានប្រើប្រាស់ហើយ គេថារបស់គាត់មាំ ធន់មិនងាយខូច មានម៉ូតប្លែកៗ មានពណ៌ស្អាតពិតៗមិនមែនស្អាតតែក្នុងរូបនោះទេ!

Pictured by Larissa Bergermann
Pictured by Malis Shop

តាមពិតទៅកំប្លោកមានចង្រៃឯណា គ្នាមានប្រយោជន៍សឹងអីហ្នឹង!
ទោះបីជារុក្ខជាតិប្រភេទនេះ អាចរាំងស្ទះការធ្វើដំណើររបស់ប្រជាជនលើទឹកមែន ប៉ុន្មានវាមិនមែននៅយូរឯណា ហើយយើងក៏អាចស្រង់វាមកបានជាប្រយោជន៍ផ្សេងៗផង។ ថាពីមុនទៅគេមិនសូវស្គាល់ មិនសូវដឹងថាយកទៅធ្វើអ្វីបានខ្លះអ៊ីចឹងវាប្រាកដជាគ្មានបានការអ្វីហើយ។ ចំណែកឥឡូវគេដឹង គេស្គាល់ច្រើន បើយើងគិតមើលទៅយើងអាចទាញប្រយោជន៍ពីវាបានច្រើនណាស់ដោយមិនបាច់អស់លុយទៀតផង។ ពេលណាយើងត្រូវការ យើងទាញយកពីធម្មជាតិសុទ្ធសាធនេះ រួមផ្សំនឹងការលូតលាស់របស់វាលឿនទៀតនោះ យើងអាចយកមកច្នៃជាផលិតផលបានច្រើនមែនទែន។ 

សរុបរួមមក ការកែច្នៃកំប្លោកជាកត្តាមួយក្នុងការអភិវឌ្ឍសម្រាប់ទន្លេមេគង្គ។ ទោះបីជាកំប្លោកនេះ មាននៅតាមបឹងបួរផ្សេងៗមែន ប៉ុន្តៃប្រភពទឹកទាំងនោះសុទ្ធតែមានទំនាក់ទំនងគ្នាទាំងអស់។ មានកំប្លោក ប្រភពទឹកស្អាត ហើយអាចជួយដល់ជីវភាពរស់នៅរបស់ប្រជាជននៅលើ និងជុំវិញតំបន់នោះទៀតផង។ ដោយឡែក ប្រសិនបើប្រជាជន មិនមានបច្ចេកទេសក្នុងការច្នៃកំប្លោកនេះទេ កំប្លោកនឹងក្លាយជាបញ្ហាទៅវិញទេ។ យើងគិតមើល ទោះបីជាយកវាមកបរិភោគ ឬដាក់ចំណីឲ្យសត្វក៏មិនអស់បរិមាណកំប្លោកប៉ុន្មានដែរ មានតែការកែច្នៃនេះហើយ ដែលអាចកាត់បន្ថយការកកស្ទះនៃកំប្លោកលើទន្លេ។ ដូចនេះ យើងទាំងអស់គ្នាគួរតែជួយគាំទ្រផលិតផលខ្មែរ ដែលច្នៃពីធម្មជាតិពិតៗ មិនប៉ះពាល់បរិស្ថាន។ ការគាំទ្រនេះ មិនត្រឹមតែជួយដល់ជីវភាពប្រជាជនក្នុងតំបន់នោះទេ ថែមទាំងជួយដល់ទន្លេមេគង្គ ដែលជាប្រភពទឹករបស់យើងទៀតផង។ អ្នកទាំងអស់គ្នាអាចរកផលិតផលកំប្លោកបាននៅតាមខេត្តជុំវិញទន្លេមេគង្គ និងបឹងទន្លេសាបដូចជា អ្នកស្រីសូរ សម្បត្តិ កន្លែងគាត់មានទីតាំងនៅភូមិភ្នំក្រោម ខេត្តសៀមរាប ឬអាចទាក់ទងតាមលេខទូរសព្ទកម្មង់បាន ០៩២ ៥៨៦ ៥០៣ ឬ ០៩៧ ៦០២ ២៤២៥។

អត្ថបទ “ឃើញអណ្តែតពេញតែទឹក តិចថាអត់ប្រយោជន៍ទៅ” សរសេរដោយ នុត ពិសិដ្ឋរចនា សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២។ 

កម្មវិធីអេកូយុវទូត ជំនាន់មេគង្គទី២ ទទួលបានការបង្ហាត់បង្រៀនដោយក្រុមការងារ វប្បធម៌ – Wapatoa និងអេកូយុវទូតកម្ពុជា។ 

អានបន្ដ​

0 Shares
Share