ចម្រៀងទន្លេមេគង្គ​

កាលបរិច្ឆេទចេញផ្សាយ៖ ២៨ មិថុនា ២០២១
បកប្រែ និងរក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា

Blue-green waters of the Mekong meeting the brown waters of the Tonle Sap. Photo from Young Eco Ambassador.

នៅពេលដែលយើងនិយាយពី បទចម្រៀង ភាគច្រើនយើងសំដៅទៅលើ ពាក្យពេចន៍ដែលច្រៀងអមជាមួយនឹងភ្លេង។ មនុស្សភាគច្រើន ចូលចិត្តបទចម្រៀងណាស់ ដោយសារពេលខ្លះ បទចម្រៀងអាចរំសាយនូវទុក្ខកង្វល់របស់មនុស្សបាន។ បទចម្រៀង ផ្តល់នូវអារម្មណ៍ជាច្រើនផ្សេងគ្នាដល់យើងផងដែរ។ នៅពេលដែលយកពាក្យ «បទចម្រៀង» និង «ទន្លេមេគង្គ» ដាក់បញ្ចូលគ្នា វាហាក់បីដូចជាមិនសូវស៊ីគ្នាប៉ុន្មានទេ ដូច្នេះហើយ អ្នកប្រហែលជាឆ្ងល់ពីមូលហេតុនៃការផ្សំពាក្យទាំងពីរនេះចូលគ្នា។ បម្រែបម្រួលអាកាសធាតុ សំណង់ទំនប់វារីអគ្គិសនី និងកត្តាផ្សេងៗមួយចំនួនទៀត បង្កឱ្យមានការព្រួយបារម្ភពីសំណាក់ភាគីជាច្រើនដែលពឹងផ្អែកលើទន្លេនេះដោយហេតុថាវារារាំងទន្លេមេគង្គពីការផ្គត់ផ្គង់សេវាកម្មអេកូឡូស៊ីឱ្យបានគ្រប់គ្រាន់ ដោយសារមូលហេតុទាំងនេះហើយ ទើបបានជាមានការសំណូមពរពីទន្លេមេគង្គ។ ទន្លេមេគង្គគឺកំពុងសំណូមពរឱ្យជួយពីគ្រប់ប្រទេសទាំងអស់ដែលស្ថិតនៅតាមដងទន្លេមេគង្គ គឺសំណូមពរឱ្យជួយពីមនុស្សគ្រប់ៗគ្នា។ ដើម្បីធ្វើឲ្យសម្រែករកជំនួយរបស់ទន្លេមេគង្គលេចឮឡើងទៅដល់មនុស្សគ្រប់គ្នា សមាជិកអេកូយុវទូត ជំនាន់មេគង្គទី១ បានប្តេជ្ញាស្វែងរកដំណោះស្រាយតាមរយៈការផ្តួចផ្តើមមួយហៅថា «គម្រោងបទចម្រៀង។»

YEA members during study tour in 4 provinces( KPT,PVH,STEUNG TRENG,KATRIE) surrounded by Prey Lang& Mekong River in 2018. Photo from Young Eco Ambassador.

កញ្ញា វិន ពុទ្ធាលី ជាសមាជិកអេកូយុវទូតវ័យក្មេងម្នាក់នៃជំនាន់មេគង្គទី១ ដែលបានយល់យ៉ាងច្បាស់ពីអត្ថប្រយោជន៍ដ៏ធំសម្បើមនៃទន្លេមេគង្គ។ ចំណេះដឹងនេះ ជំរុញទឹកចិត្តឱ្យនាង និងក្រុមការងារមានគំនិតបង្កើតជាបទចម្រៀងមួយបទអំពីទន្លេមេគង្គ។

ពុទ្ធាលីបានលើកឡើង «ថ្មីៗនេះ យើងឃើញពីឥទ្ធិពលអាក្រក់ជាច្រើនបណ្តាលមកពីសំរាម និងប្លាស្ទិក។ បញ្ហានេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណភាពនៃទឹកទន្លេ។ ​ភាគច្រើន ប្រជាជនមិនសូវជាយល់ដឹងពីបញ្ហានេះទេ ដែលពួកគេមិនបានដឹងថាបញ្ហានេះអាចត្រូវបានបន្សល់ទុកដល់ក្មេងជំនាន់ក្រោយទៀតផង។»

ហេតុដូច្នេះហើយ​បាន​ជាសមាជិកអេកូយុវទូតជំនាន់មេគង្គទី១បានផ្តួចផ្តើម និងដឹកនាំផ្ទាល់នូវ​គម្រោងបទចម្រៀងមេគង្គ។ គម្រោងនេះក៏ទទួលការគាំទ្រដោយ Young Southeast Asian Leaders Initiatives (YSEALI) និងគម្រោង « អច្ឆរិយភាពនៃទន្លេមេគង្គ» របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ផងដែរ។ ទាក់ទងទៅនឹងគំនិតនៃបទចម្រៀងពីទន្លេមេគង្គ កញ្ញា ពុទ្ធាលី បានបន្ថែមទៀតថា វាជាការរួមបន្សំគ្នារវាងសិល្បៈ និងធម្មជាតិ។ ពឹងផ្អែកលើគោលគំនិតមួយនេះ  ក្រុមសិល្បករនិពន្ធថ្មី រួមមានលោក ជុង សៀវភីន និងក្រុមតូច Small World Small Band ដែលបាន​សហការគ្នាយ៉ាងសម្រិតសម្រាំងដើម្បីចេញបទចម្រៀងដ៏ថ្មីស្រឡាងមួយនេះ។

យោងតាមការពណ៌នាទៅលើគម្រោងមួយនេះ បទចម្រៀងសម្រាប់ទន្លេមេគង្គ មានចំណងជើងថា «ម្ចាស់ទន្លេ» ដែលច្រៀងរៀបរាប់អំពីសត្វផ្សោតក្បាលត្រឡោកដែលបានលង់ស្រលាញ់ជាមួយនឹងនារីម្នាក់ជាអ្នករស់នៅតាមដងទន្លេ។

Blue-green waters of the Mekong meeting the brown waters of the Tonle Sap. Photo from Young Eco Ambassador.

ចម្រៀងមួយបទនេះ មិនត្រឹមតែលើកកម្ពស់ទន្លេមេគង្គប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យចម្រៀងក្នុងប្រទេសកម្ពុជាដែលមិនថតចម្លងពីបរទេស។ យើងសង្ឃឹមថា ការប្រើបទចម្រៀងដើម្បីជាការផ្សព្វផ្សាយតាមរយៈយុទ្ធនាការបណ្តាញសង្គមនេះ គឺជាវិធីសាស្រ្តដ៏ប្រសើរបំផុតក្នុងការផ្សាយទៅកាន់មនុស្សជាច្រើន គ្រប់ទីកន្លែង ដែលអាចជួយជម្រុញឱ្យពួកគេយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍ និងផលប៉ះពាល់នៃទន្លេមេគង្គ។

Blue-green waters of the Mekong meeting the brown waters of the Tonle Sap. Photo from Young Eco Ambassador.

ដើម្បីពង្រីកការផ្សព្វផ្សាយចំណេះដឹង សមាជិកគម្រោងបទចម្រៀងបានចូលរួមរៀបចំកម្មវិធីដំណើរផ្សងព្រេងរបស់មេគង្គយុវទូតមួយឡើង ដែលនិយាយអំពីអច្ឆរិយភាពរបស់ទន្លេមេគង្គ។ កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដោយមានការរំពឹងទុកថាមានអ្នកចូលរួមចំនួនប្រមាណ ១០០០ នាក់។ បន្ថែមពីនេះ ពួកគេក៏បានរំពឹងថា ការចូលរួមចំណែករបស់ពួកគេក្នុងការជួយទន្លេមេគង្គនេះ អាចលើកទឹកចិត្តដល់អ្នកផ្សេងទៀតក្នុងការចាប់ផ្ដើមមានការទទួលខុសត្រូវចំពោះការអភិរក្សទន្លេដូចគ្នា។

លោក ស៊ិន សុខហុង សមាជិកនៃគម្រោងបទចម្រៀង បានបន្ថែមថា «យើងចង់ឲ្យអ្នកស្ដាប់បទចម្រៀងមួយនេះ ទទួលបាននូវចំណេះដឹងពីទន្លេមេគង្គ និងទទួលបាននូវអារម្មណ៍សប្បាយរីករាយក្នុងពេលតែមួយ។»

អ្នកអាចស្ដាប់បទចម្រៀងទន្លេមេគង្គ “ម្ចាស់ទន្លេ”នៅលើ YouTube យូធូបផ្លូវការរបស់អេកូយុវទូតកម្ពុជា និងកម្មវិធីភ្លេងPleng by Smart បានដោយឥតគិតថ្លៃ។  

អត្ថបទ “ចម្រៀងទន្លេមេគង្គ​” 
កាលបរិច្ឆេទសរសេរ៖ ២០១៩
បកប្រែ និងរក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា

អានបន្ដ

0 Shares
Share