កញ្ញា វិន ពុទ្ធាលី ជាសមាជិកអេកូយុវទូតវ័យក្មេងម្នាក់នៃជំនាន់មេគង្គទី១ ដែលបានយល់យ៉ាងច្បាស់ពីអត្ថប្រយោជន៍ដ៏ធំសម្បើមនៃទន្លេមេគង្គ។ ចំណេះដឹងនេះ ជំរុញទឹកចិត្តឱ្យនាង និងក្រុមការងារមានគំនិតបង្កើតជាបទចម្រៀងមួយបទអំពីទន្លេមេគង្គ។
ពុទ្ធាលីបានលើកឡើង «ថ្មីៗនេះ យើងឃើញពីឥទ្ធិពលអាក្រក់ជាច្រើនបណ្តាលមកពីសំរាម និងប្លាស្ទិក។ បញ្ហានេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណភាពនៃទឹកទន្លេ។ ភាគច្រើន ប្រជាជនមិនសូវជាយល់ដឹងពីបញ្ហានេះទេ ដែលពួកគេមិនបានដឹងថាបញ្ហានេះអាចត្រូវបានបន្សល់ទុកដល់ក្មេងជំនាន់ក្រោយទៀតផង។»
ហេតុដូច្នេះហើយបានជាសមាជិកអេកូយុវទូតជំនាន់មេគង្គទី១បានផ្តួចផ្តើម និងដឹកនាំផ្ទាល់នូវគម្រោងបទចម្រៀងមេគង្គ។ គម្រោងនេះក៏ទទួលការគាំទ្រដោយ Young Southeast Asian Leaders Initiatives (YSEALI) និងគម្រោង « អច្ឆរិយភាពនៃទន្លេមេគង្គ» របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ផងដែរ។ ទាក់ទងទៅនឹងគំនិតនៃបទចម្រៀងពីទន្លេមេគង្គ កញ្ញា ពុទ្ធាលី បានបន្ថែមទៀតថា វាជាការរួមបន្សំគ្នារវាងសិល្បៈ និងធម្មជាតិ។ ពឹងផ្អែកលើគោលគំនិតមួយនេះ ក្រុមសិល្បករនិពន្ធថ្មី រួមមានលោក ជុង សៀវភីន និងក្រុមតូច Small World Small Band ដែលបានសហការគ្នាយ៉ាងសម្រិតសម្រាំងដើម្បីចេញបទចម្រៀងដ៏ថ្មីស្រឡាងមួយនេះ។
យោងតាមការពណ៌នាទៅលើគម្រោងមួយនេះ បទចម្រៀងសម្រាប់ទន្លេមេគង្គ មានចំណងជើងថា «ម្ចាស់ទន្លេ» ដែលច្រៀងរៀបរាប់អំពីសត្វផ្សោតក្បាលត្រឡោកដែលបានលង់ស្រលាញ់ជាមួយនឹងនារីម្នាក់ជាអ្នករស់នៅតាមដងទន្លេ។