សរសេរដោយ៖ ជា ស្រីពៅ សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២ កាលបរិច្ឆេទចេញផ្សាយ: ០១ មីនា ២០២១រក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា
រាល់ពេលជិះតាមផ្លូវកាត់មេឃក្ដៅហួងហែង ពេលថ្ងៃត្រង់ យើងតែងតែប្រទះឃើញសិប្បីសត្វជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំហ៊ានភ្នាល់ទៀតថាយើងម្នាក់ៗមានពេលខ្លះថែមទាំងបញ្ឈប់យានជំនិះទៅជាវវាមកបរិភោគជាអាហារសម្រន់ទៀតផង។ ពេលដែលអានឈ្មោះសត្វនេះរួច អ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាប្លែក ហើយថ្មីមែនទែន ប៉ុន្តែតាមពិតទៅយើងទាំងអស់គ្នាសុទ្ធតែស្គាល់វាទេ។
សិប្បីសត្វ គឺជាប្រភេទសត្វដែលគ្មានឆ្អឹងកងខ្នង តួយ៉ាង ខ្យង ខ្ចៅ ងាវ លាស និងគ្រំជាដើម។ ដូច្នេះហើយ ចំពោះអ្នកដែលចូលចិត្តញុាំលាសហាល បុកងាវ ចាក់ខ្ចៅកន្លងមក គួរតែចំណាយពេលខ្លះមកលើអត្ថបទនេះ ដើម្បីស្វែងយល់បន្ថែមពីពួកវា ខិខិ…
ទើបតែដឹងថាខ្យងមានធ្មេញដែរ! សិប្បីសត្វមានសាច់ទន់ល្មើយ ហើយដងខ្លួនវាមានភាពសុីមេទ្រី (Symmetry) គ្នាទាំងសងខាង (ឆ្វេង និងស្ដាំ)។ ដងខ្លួនរបស់ពួកវាមានសំបកការពារមួយយ៉ាងរឹងមាំដែលផ្សំឡើងពីកាល់ស្យូមកាបូណាត ដោយមានតួនាទីជាឆត្រ័សម្រាប់បាំងពួកគេកុំឲ្យប៉ះនឹងកម្ដៅព្រះអាទិត្យចំៗ ជៀសវាងកុំឲ្យខ្វះជាតិទឹកផង និងជាខែលមួយប្រើសម្រាប់ពួនគេចពីសត្រូវផ្សេងៗផង។ អ្នកដឹងទៀតអត់ថាអណ្ដាតរបស់ប្រភេទសត្វនេះសម្បូរទៅដោយធ្មេញល្អិតៗជាច្រើនសម្រាប់កកេរអាហារ។
បើនិយាយពីអាយុកាលវិញ សិប្បីសត្វចំណាស់ជាងពួកយើងឆ្ងាយណាស់ ព្រោះពួកវាអាចរស់រានមានជីវិតដល់ទៅជាង ៥០០ ឆ្នាំឯណោះ ហើយថែមទាំងមានទម្ងន់រហូតដល់ទៅ ៧៤៣.៥០ គីឡូក្រាមទៀតដែរ។
បើចង់បានអូន ស្រួលរកហេ៎!ងាយមែនទែន ក្នុងការរាវរក ដោយសារនៅជុំវិញពិភពលោកពួកវាមានពី ៨០ ០០០ រហូតទៅដល់ ១០០ ០០០ ប្រភេទឯណោះ ដែលមានទ្រង់ទ្រាយរាងកាយខុសប្លែកពីគ្នាខ្លះ និងស្រដៀងគ្នាខ្លះ។
ជាក់ស្ដែង នៅកម្ពុជាយើងក៏មិនចាញ់ស្រុកគេប៉ុន្មានដែរ ក្នុងការផ្ដល់ជម្រកដល់ប្រភេទសត្វនេះ ដោយសារកត្តាអាកាសធាតុដ៏អំណោយផលរបស់យើងតែម្ដង (តំបន់ត្រូពិច ក្ដៅហើយសើម និងទទួលឥទ្ធិពលពីរបបខ្យល់មូសុង)។ តាមរបាយការណ៍របស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានបង្ហាញឲ្យដឹងថាមានសិប្បីសត្វទាំងអស់ ១៦០ ប្រភេទដែលភាគច្រើនវាតាំងខ្លួននៅតាមបណ្ដោយដងទន្លេមេគង្គ និងតំបន់បឹងទន្លេសាប។ ពួកគេតែងលាក់ពួននៅស្ទើរគ្រប់ផ្នែកនៃប្រភពទឹកសាបដែលមានដូចជាទន្លេ ដៃទន្លេ បឹងបួរ ស្ទឹង ស្រះ ឬវាលភក់ជាដើម។
បែកធ្លាយហើយនោះ! តាមពិតរស់ខ្វះគេមិនបានសោះអ្នកទាំងអស់គ្នាដែលឆ្ងល់អត់ថា លាសបង្កើតកូនយ៉ាងដូចម្ដេច? ខ្ញុំទុកពេលឲ្យគិត ២នាទី!
“ ហឹុម … ” *អ្នកអានដកដង្ហើមធំហើយគិត*
“ តោះដល់វេនខ្ញុំម្ដង! ”
ចំពោះពពួកមានសម្បកដូចលាស ដំបូងវាប្រលែងកូនវាទៅក្នុងទឹក ហើយកូនតូចៗទាំងនោះនឹងផ្ញើខ្លួនផ្ញើប្រាណដូចប៉ារ៉ាសិតតាមស្រកីត្រីដែលហែលកាត់ពួកវា។ នៅរហូតដល់ពេលពេញវ័យ ទើបពួកវាធ្វើការចាកចេញពីត្រីនោះ។ ពួកវាមានច្រើននៅរដូវវស្សាដោយសារតែទឹកមានសីតុណ្ហភាពទាប ងាយស្រួលបង្កើតកូន។
គេក៏ជាតួឯកដែរ ម៉េចមើលអត់ឃើញគេចឹង!?
ត្បិតតែគេមានមាឌតូចមែនពិតក្នុងចំណោមសត្វដទៃទៀត ប៉ុន្ដែពួកគេមានទំនួលខុសត្រូវយ៉ាងធំធេង និងស្អិតរមួតជាមួយនឹងបរិស្ថានទាំងមូល។–ជួយបោសសម្អាត និងចម្រោះកម្ទេចធូលីផ្សេងៗចេញពីទឹកដូចរូបតាំងខាងក្រោម (ការពិសោធន៍ពេលមានសិប្បីសត្វ និងពេលគ្មានសិប្បីសត្វរស់នៅក្នុងទឹក)
-ឲ្យរុក្ខជាតិធ្វើរស្មីសំយោគបានល្អ និងមានអុកសុីសែនសម្រាប់បន្តជីវិតបង្កើតកូនចៅ (សម្រាប់ត្រី និងថនិកសត្វ)-សម្រាប់វាស់មើល និងវាយតម្លៃទៅលើកម្រិតជាតិពុល (Neurotoxicological Testing) ក្នុងបរិស្ថានធម្មជាតិ ក៏ដូចជាល្បឿននៃការរីកធំធាត់របស់ជាតិពុលទាំងនោះផងដែរ តាមរយៈចំណីអាហារដែលវាសុី។-ជាប្រភពចំណីអាហារសម្រាប់ប្រជាជនខ្មែរយើង–ជាប្រភពចំណូលមួយដ៏ប្រសើរ (ការនាំចេញ) សម្រាប់សេដ្ឋកិច្ចជាតិទាំងមូល-ផ្ដល់ជម្រក ការការពារ និងចំណីអាហារដល់សត្វដទៃទៀតរួមមាន ចង្កៀលខ្យង រនាលស កុកក្រក ក្បាលត្នោតចាស់ ត្រីឆ្កោក ត្រីក្រាយ និងភេជាដើម។
ឡើងឡូយ! មិននឹកស្មានថាមានគុណសម្បត្តិច្រើនដល់ម្លឹងទេមែនទេ? ខ្ញុំក៏ដូចអ្នករាល់គ្នាដែរភ្ញាក់ផ្អើលមិនស្ទើរដែរហ្នឹង បន្ទាប់ពីបានសិក្សាប្រធានបទនេះរួច! មាឌតូចសោះ តែខ្លឹមរបស់គេមែនហ្ន៎! មួយវិញទៀត ចំពោះខ្ញុំផ្ទាល់ក្រៅពីលាន់មាត់សរសើរប្រភេទសត្វនេះហើយ ខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ថាដឹងកំហុសខ្លួនកន្លងមកដែលបានមើលស្រាលពួកវា និងទិញបរិភោគខ្ជះខ្ជាយដើម្បីតែឆ្ងាញ់ក្នុងមាត់ខ្លួនទាំងមិនដឹងថាទង្វើរនេះប្រៀបដូចកំពុងបំផ្លាញឬសម្លាប់វិស្វករជាច្រើនក្នុងប្រព័ន្ធអេកូឡូសុីយើងដោយប្រយោលអញ្ចឹង។ កន្លងមកតម្រូវការរបស់ខ្ញុំបានរួមចំណែកក្នុងការធ្វើឲ្យប្រភពទឹកយើងកខ្វក់ផង បង្កផលប៉ះពាល់ដល់អាយុជីវិតសត្វ និងរុក្ខជាតិផ្សេងៗក្នុងទឹកផង និងថែមទាំងធ្វើការគំរាមកំហែងទៅលើជម្រកក៏ដូចជាកូនចៅសិប្បីសត្វផង។ ខុសធ្ងន់ណាស់លើកនេះ! *ដកដង្ហើមធំលើកទីអានន្ត*
ចុះអ្នកទាំងអស់គ្នានឹងសម្រេចចិត្តធ្វើអ្វីបន្ត ពេលដែលទទួលបានព័ត៌មានទាំងនេះរួច? ចូលរួមថែរក្សាពួកគេដើម្បីបរិស្ថាន ឬនៅតែបរិភោគដូចរាល់ដងដើម្បីចម្អែតក្រពះដដែល?
អត្ថបទ “ស្គាល់អ្នកក្លាហានពិភពទឹកនៅគ្នាយើង?” សរសេរដោយ ជា ស្រីពៅ សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២។
រចនាក្រាហ្វិកដោយ៖ ស៊្រន់ តារ៉ា សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២។
កម្មវិធីអេកូយុវទូត ជំនាន់មេគង្គទី២ ទទួលបានការបង្ហាត់បង្រៀនដោយក្រុមការងារ វប្បធម៌ – Wapatoa និងអេកូយុវទូតកម្ពុជា។
ជា ស្រីពៅ សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២០១ មីនា ២០២១
នុត ពិសិដ្ឋរចនា សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២០១ មីនា ២០២១