សរសេរដោយ៖ សេង សៀវម៉ី សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២ កាលបរិច្ឆេទចេញផ្សាយ: ០១ មីនា ២០២១រក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា
សហគមន៍អេកូទេសចរណ៍ថ្មី
អ្នកទាំងអស់គ្នាចូលចិត្តដើរលេងអត់? បើប្រាប់ថាអត់ដូចជាមិនជឿ ព្រោះអ្នកណាៗក៏ចូលចិត្តដែរ អារឿងដើរលេងអីអស់ហ្នឹងត្រូវហ្អេ? អូ! មែនត្រឹមតែចូលចិត្តទេ នៅមានអារម្មណ៍សប្បាយអរទុកមុនទាំងមិនទាន់បានទៅផង! ម៉េចដែរខ្ញុំនិយាយត្រូវអត់? ឥឡូវមកមើល ខ្ញុំណែនាំពីរមណីយដ្ឋានថ្មីទាំងអស់គ្នា ដែលខ្ញុំនិងក្រុមការងារទើបតែបានទៅកាលពីខែតុលា។
នេះណែ! នេះគឺជាសហគមន៍អេកូទេសចរណ៍កោះសាមសិប!!!
សហគមន៍អេកូទេសចរណ៍កោះសាមសិបនេះ ស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គជាប់ព្រំប្រទល់ខេត្តក្រចេះ និងស្ទឹងត្រែង ដោយមានចម្ងាយ ៩៥ គ.ម ពីទីរួមខេត្តក្រចេះ។ កោះសាមសិបត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ ដោយមានការគាំទ្រពីអង្គការ NTFP-EP Cambodia និងអង្គការ WWF។
ហេតុអ្វីដាក់ឈ្មោះថាកោះសាមសិប?អ្នកខ្លះប្រហែលជាគិតថា នៅហ្នឹងមានកោះចំនួន ៣០ ហើយបានហៅថាកោះសាមសិបអ៊ីចឹង។ តែតាមពិតទៅ មិនមែនទេ តំបន់ទេសចរណ៍ដ៏ស្រស់ស្អាតមួយនេះ មានកោះច្រើនដល់ទៅរាប់រយឯណោះ គ្របដណ្តប់ទៅដោយព្រៃឈើយ៉ាងក្រាស់ខ្មឹក ប៉ុន្តែក្នុងចំណោមកោះទាំងអស់នោះមានតែ ៣០ កោះប៉ុណ្ណោះដែលមានវាលខ្សាច់សក្បុសស្អាតផុតលេខ អ៊ីចឹងហើយបានគេដាក់ឈ្មោះតំណាងឲ្យថាកោះសាមសិបតែម្តងទៅ។ អ៊ីចឹងគ្នាយើងកុំយល់ច្រឡំអីណា!
ចុះនៅហ្នឹងមានអីខ្លះ?ឃើញសរសេរមកច្រើនដែរ ចុះម៉េចអត់ឃើញមានប្រាប់ថា នៅកន្លែងហ្នឹងមានអ្វីលេងខ្លះអ៊ីចឹង? យ៉ាងម៉េច ចាប់ផ្តើមចាប់អារម្មណ៍កោះសាមសិបហើយមែនទេ តោះមកដឹងទាំងអស់គ្នាណា ថានៅហ្នឹងមានអីគេខ្លះ។
ជិះទូកលេងតាមគង្គា មើលសូរិយារេរាលាចោលលោកា!
តំបន់អេកូទេសចរណ៍នេះមានលក្ខណៈជាកោះ បែបនេះហើយ អត់មានអីចំលែកទេ ដែលមានទឹកឲ្យយើងជិះទូកលេងមើលសត្វស្លាបសាសងគ្នា មើលថ្ងៃរះផង ថ្ងៃលិចផង គយគន់នូវទេសភាពដ៏ស្រស់ស្អាត ដែលសូម្បីតែខ្ញុំជាអ្នកសរសេរនេះ ក៏រកពាក្យថាមិនត្រូវដែរ។ នៅមានទៀតបងប្អូន ក្រៅពីជិះទូកលេងបានហើយ នៅអាចលេងទឹកបានទៀត។ កុំគិតថាកោះទឹកសាបលេងអត់បានណា គឺថាអត់ចាញ់កោះទឹកសមុទ្រប៉ុន្មានទេ ត្រជាក់ណាស់ ហិហិ!
ព្រៃឈើយ៉ាងសម្បូរបែប និងព្រៃលិចទឹកក្រៅពីមានទឹកថ្លាឆ្វង់គួរឲ្យចង់លេងហើយ សហគមន៍នេះ សំបូរទៅដោយព្រៃឈើជាច្រើនប្រភេទទៀត ដែលជាប្រភេទព្រៃរបោះ និងពាក់កណ្តាលស្រោង ព្រោះជាជម្រកសត្វព្រៃមួយចំនួនដូចជា៖ សត្វខ្ទីង ប្រើស ជ្រូកព្រៃ ក្ងោក ត្មាត ត្រយ៉ងចំកំកស។ បើអ្នកទាំងអស់គ្នាចង់ទៅមើលសត្វក្ងោក ឬ ត្មាត ត្រយ៉ងចំកំកស ត្រូវងើបពីព្រលឹមតិចហើយណា៎។ ពេលដែលខ្ញុំនិងក្រុមការងារទៅគឺថាពួកយើងខំងើបតាំងពីម៉ោង បួនកន្លះព្រឹក ព្រោះខ្លាចវាហោះទៅរកចំណីចោលបាត់។
ហើយដេកនៅណាទៅ?អត់មានសណ្ឋាគារទេអ្នកអើយ មានតែដេកក្នុងតង់? មកលេងកោះទាំងមូលបើមិនដេកតង់ដូចមិនសម មែនអត់?ប្រាកដណាស់គឺដេកក្នុងតង់ ជាពិសេសនោះ គឺនៅលើវាលខ្សាច់ដ៏សស្គុសលើកោះសាមសិបនេះតែម្តងដែលរៀបចំដោយខាងសហគមន៍ ឬអាចស្នាក់នៅផ្ទះសហគមន៍ផ្ទាល់តែម្តងក៏បាន។ យើងក៏អាចស្វែងយល់ពីការរស់នៅរបស់ពួកគាត់ផងដែរ។ តែមិនថាយើងចង់សំរាកក្នុងតង់ ឬ ផ្ទះសំណាក់របស់សហគមន៍ទេ កុំភ័យខ្លាចអត់មានអីញ៉ាំ ព្រោះថាខាងសហគមន៍ក៏មានទទួលសេវារៀបចំម្ហូបអាហារឲ្យដែរ។ ស្រមៃមើលបង្កាត់ភ្លើងអាំងត្រី មុខតង់ មើលថ្ងៃលិចជុំគ្នា… ធម្មជាតិសុទ្ធសាធបងប្អូន។ តែបើគ្នាយើងទៅចំរដូវវស្សាអី គឺអត់អាចដេកតង់បានទេណា តម្រូវឲ្យដេកក្នុងផ្ទះសហគមន៍ផ្ទាល់តែម្តង ហើយដូចពេលខ្ញុំទៅក៏ដេកផ្ទះសហគមន៍ដែរ ព្រោះទឹកលិចខ្សាច់អស់បោះតង់អត់កើត…សេធតិចៗ។ តែអត់អីទេ នៅមានលើកក្រោយៗទៀត!
រឿងរ៉ាវពីក្រោយ មុនពេលវាត្រូវបានគេចាប់អារម្មណ៍ទាំងអស់គ្នាមានដឹងអត់ មុនពេលដែលធម្មជាតិស្រស់បំព្រងមួយនេះត្រូវបានគេមើលឃើញ វាធ្លាប់ត្រូវបានគេបំផ្លិចបំផ្លាញមិនតិចទេ។ ត្រីមេពូជជាច្រើន ត្រូវទទួលរងការគំរាមកំហែងស្ទើរតែផុតពូជអស់ ការនេសាទច្រើនហួស ដែលសូម្បីតែកូនត្រីតូចៗប៉ុនក្អាត់ហ្នឹង ក៏ចាប់យកគ្នាទៅលក់នៅទីផ្សាររួមទាំងការនេសាទខុសច្បាប់ផ្សេងៗទៀតដែលប៉ះពាល់ដល់ជីវៈចម្រុះដទៃទៀតនៅក្នុងទឹក។ នៅមិនទាន់អស់ទេ ព្រៃលិចទឹកដែលជាជម្រកត្រីមេពូជនិងសត្វស្លាប ក៏ត្រូវបានកាប់បំផ្លាញដើម្បីយកដីមកធ្វើចម្ការនារដូវប្រាំងផងដែរ។ ទម្រាំតែវាត្រូវបានគេមើលឃើញនិងជួយអភិរក្សដូចឥឡូវ តំបន់នេះស្ទើរតែហិនហោចខ្ទេចខ្ទីអស់ទៅហើយ។
នេះបើយោងតាមពាក្យសំដីរបស់ ប្រធានសហគមន៍អេកូទេសចរណ៍កោះសាមសិបផ្ទាល់តែម្តងគឺ លោកពូ ឃុត សំអុល បានប្រាប់ខ្ញុំថាកាលពីមុនពេលបង្កើតសហគមន៍អេកូទេសចរណ៍កោះសាមសិបហ្នឹងគឺ ជីវភាពប្រជាជនមិនសូវជាធូរធារប៉ុន្មានទេ ដោយពួកគាត់រស់នៅនឹងប្រកបរបរចិញ្ចឹមជីវិតតាមបែបប្រពៃណីដែលមានដូចជា៖ នេសាទត្រី ដាំដំណាំ និងចិញ្ចឹមសត្វអីជាដើម។ ប៉ុន្តែពេលដែលបង្កើតសហគមន៍នេះហើយ ប្រជាពលរដ្ឋមានមុខរបរបន្ថែមពីលើទៀត ទើបធ្វើឲ្យពួកគាត់មានជីវភាពប្រសើរជាងមុន។
សហគមន៍អេកូទេសចរណ៍គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយដទៃផ្សេងទៀត ដែលត្រូវបានចាត់ទុកថា ជាមធ្យោបាយដែលមានប្រសិទ្ធភាពជាងគេក្នុងកិច្ចការងារអភិរក្ស។ មិនតែប៉ុណ្ណោះដោយសារតែ យើងមើលឃើញពីសក្តានុពលនៃតំបន់នេះ អ៊ីចឹងហើយពួកយើងជឿជាក់ថាទេសចរណ៍នឹងចូលរួមចំណែកលើកកម្ពស់ជីវភាព និងអភិរក្សធនធានធម្មជាតិទាំងអស់គ្នា។
អត្ថបទ “ឋានសួគ៌លើដី ស្រីក្រមុំសាច់ស” សរសេរដោយ សេង សៀវម៉ី សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២។
កម្មវិធីអេកូយុវទូត ជំនាន់មេគង្គទី២ ទទួលបានការបង្ហាត់បង្រៀនដោយក្រុមការងារ វប្បធម៌ – Wapatoa និងអេកូយុវទូតកម្ពុជា។
សេង សៀវម៉ី សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២០១ មីនា ២០២១
ជា ស្រីពៅ សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២០១ មីនា ២០២១