ត្រឹមជាពលរដ្ឋសាមញ្ញម្នាក់ ប៉ុន្តែស្រលាញ់ការងារស្រាវជ្រាវអភិរក្សធនធានធម្មជាតិ

សរសេរដោយ៖ នុត ពិសិដ្ឋរចនា សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២ 
កាលបរិច្ឆេទចេញផ្សាយ: ០១ មីនា ២០២១
រក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា

អ្នកធ្លាប់ឆ្ងល់អត់ថា ជីវិតអ្នកនៅតំបន់ទន្លេគេរស់នៅបែបម៉េចទៅ? ក្រៅពីការងារនេសាទ តើពួកគាត់អាចធ្វើអ្វីបានទៀត? ដឹងអត់ថា ពួកគាត់អាចក្លាយជាវីរបុរសផងដែរណា៎!

វីរបុរសនោះ ជានរណាគេទៅហ្ន៎!
ភាគច្រើនយើងឃើញនៅក្នុងរឿង មានអ្នកស្រាវជ្រាវផ្សេងៗ ជាពិសេសផ្នែកវិទ្យាសាស្ត្រដែលយើងមើលទៅឃើញថាឡូយមែនទែន។ តែមិនមែនតែនៅស្រុកគេទេ ស្រុកខ្មែរយើងក៏មិនណយដែរ គឺមានអ្នកសិក្សាស្រាវជ្រាវជាច្រើន ជាពិសេសគឺទាក់ទងនឹងសត្វ មិនថាសត្វក្នុងទឹក លើគោក និងសត្វស្លាបនោះទេ!  ការសិក្សាទៅលើសត្វនេះមិនមែនស្រួលទេណា ពួកវាផ្លាស់ទីចុះឡើងរហូត ហើយមានបម្រែបម្រួលផ្សេងៗដែលតម្រូវឲ្យយើងតាមដានវាឲ្យជាប់ស្អិតមែនទែន! 

ដឹងម៉េចបានហៅពួកគាត់ថាជាវីរបុរសអត់? ដោយសារតែពួកគាត់បានចំណាយពេលវេលាទាំងនៅក្នុងបន្ទប់ធ្វើការ និងនៅដែនជម្រករបស់សត្វទាំងនោះ ដើម្បីសិក្សាពីស្ថានភាពពួកវាច្បាស់ ប្រៀបដូចជាយើងលួចស្រលាញ់គេ (having a crush on someone) ហើយយើងតាមដានគេគ្រប់ជំហានអ៊ីចឹងណា៎។ បើកុំតែបានពួកគាត់ ក៏យើងនឹងពិបាកនឹងយល់ពីការរស់នៅរបស់សត្វជាច្រើននៅក្នុងដែនដីខ្មែរ ក៏រឹតតែពិបាកថែរក្សាការពារពួកគេដែរ ដោយសារតែមិនដឹងពីតម្រូវការជាក់លាក់របស់ពួកគេនោះអី! 

Pictured by YEA Media

គ្នាយើងដែលទៅលេងខេត្តក្រចេះ ស្ទឹងត្រែងអត់ ឮគេថា តំបន់ហ្នឹងជាបេះដូងនៃទន្លេមេគង្គកម្ពុជាណា៎!
ទន្លេមេគង្គកម្ពុជាយើងហូរកាត់ទៅដល់ ៥ខេត្តឯណោះ គឺខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តកណ្តាល និង ខេត្តព្រៃវែង ទាំងនេះនៅមិនទាន់រាប់ដៃទន្លេផ្សេងៗបញ្ចូលទេណា៎។ ក្នុងចំណោមខេត្តទាំងនេះ នៅខេត្តក្រចេះ មានធនធានធម្មជាតិសម្បូរបែបជាងគេ ហើយធនធានទាំងនោះ មានមួយចំនួនមានតែនៅស្រុកខ្មែរយើងទេ ដូចជា សត្វផ្សោតក្បាលត្រឡោក សត្វក្តាន់ សត្វរំពេរទន្លេ សត្វត្រយ៉ងចង្កំកសជាដើម អ្នកទាំងអស់គ្នាថាមើលឡូយអត់?! មិនត្រឹមតែប៉ុណ្ណឹងទេ ថែមទាំងជាប្រភពនៃជម្រកត្រីមេពូជទៀតផង ហើយនៅមានកោះជាច្រើន មានទេសភាពស្អាតៗទៀតផង។ និយាយទៅមានសឹងគ្រប់បែបគ្រប់យ៉ាងទៅហើយ…

ក្រុមការងារផ្នែកស្រាវជ្រាវប្រចាំនៅខេត្តក្រចេះ ធ្វើការសិក្សាទៅលើតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គ (MFF Landscape) ជាពិសេស សកម្មភាពស្រាវជ្រាវលើសត្វផ្សោតត្រូវបានធ្វើឡើងក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោត ចាប់ពីទីរួមខេត្តក្រចេះរហូតដល់ចំណុចព្រំដែនខ្មែរ ឡាវ ក្នុងខេត្តស្ទឹងត្រែង។

Pictured by WWF Cambodia

អស្ចារ្យណាស់ ពួកគាត់មើលថែផ្សោតបានល្អមែនទែន
ពេលខ្លះសឹងតែអាចនិយាយថា ពួកគាត់ចំណាយពេលផ្សោតច្រើនជាងកូនខ្លួនឯងទៅទៀត ព្រោះមួយថ្ងៃៗនៅពួកគាត់ជិះទូកមើលផ្សោតរាប់ម៉ោងឯណោះ។ គិតមើលទៅ សូម្បីតែអ្នកសរសេរផ្ទាល់ ចង់ជួបគាត់សម្ភាសន៍ក៏ត្រូវចាំច្រើនថ្ងៃដែរ! កុំច្រឡំថាខ្ញុំរអ៊ូ ឬបន្ទោសគាត់អីណា! ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ពួកគាត់ភាគច្រើនចំណាយពេលនៅដែនជម្រកសត្វ ដើម្បីប្រមូលទិន្នន័យមកសិក្សាបន្ថែម មិនសូវមានពេលសម្រាប់អ្វីផ្សេងទេ!

សួរថាការងារដ៏សស្រាក់សស្រាំជាច្រើនឆ្នាំហ្នឹងបានផលអត់ចុះ? ប្រាកដជាបានហើយ! ក្រោមការខិតខំប្រឹងប្រែងរបស់ពួកគាត់ ចំនួនផ្សោតបានកើនឡើងនៅឆ្នាំ២០១៧។ មកដល់ឆ្នាំ ២០២០ នេះ បើទោះជាវាអត់កើនឡើងគួរឲ្យកត់សម្គាល់ក៏ពិតមែន តែវាអត់ថយចុះ ដែលនៅតែជារឿងល្អអ៊ីចឹង!  អ្នកណាៗក៏គេសរសើរដែរ ព្រោះពួកគាត់ធ្វើបានល្អមែន ព្រោះថា ការធ្វើឲ្យចំនួនសត្វដែលជិតផុតពូជនេះ អាចកើនឡើងវិញហើយថេរទៀតនោះ  ពិតជាមិនគួរឲ្យជឿ សូម្បីតែអ្នកអភិរក្សអន្តរជាតិក៏ស្ញប់ស្ញែងដែរ!

Pictured by YEA Media

ហើយពិបាកប៉ុណ្ណឹងហើយនៅស៊ូបានទៀត?!
សួរថាការងារនេះ ពិបាកអត់? ជួបទុក្ខលំបាកច្រើនអត់? ចម្លើយគឺជួបច្រើនណាស់! ដើម្បីស្រង់ទិន្នន័យធ្វើអត្តសញ្ញាណផ្សេងៗ ពួកគាត់ត្រូវជិះទូករាប់គីឡូទៅតាមរកផ្សោត។ រកឃើញហើយ ត្រូវចំណាយពេលរាប់ម៉ោងហាលក្តៅ នៅកណ្តាលទន្លេ ចាំចាប់យករូបភាពព្រុយរបស់វា ទៅធ្វើអត្តសញ្ញាណ។ ប្រៀបដូចជាយើងទៅធ្វើជំរឿនចឹង ប៉ុន្តែផ្សោតវាមិននៅមួយកន្លែង មានចេះនិយាយប្រាប់យើងណា ហើយពួកវាម៉េចដឹងថាយើងចង់ដឹង ពេលខ្លះវាផ្អើលហែលទៅបាត់ទៀតក៏មាន! រឿងមួយទៀតដែលអ្នកក្រៅមិនដឹងនោះគឺ សាកសពរបស់វាមានក្លិនស្អុយពិបាកនឹងទ្រាំណាស់ តែពេលមានផ្សោតស្លាប់ម្តងៗ ពួកគាត់ត្រូវតែយកសំណាកមកពិនិត្យរកមូលហេតុស្លាប់ អ៊ីចឹងមិនដឹងធ្វើម៉េចទេ មានតែទ្រាំហើយ ហេតុតែយើងចង់មើលថែគេ យើងត្រូវលះបង់ចឹងហើយ។ 

ទាំងនេះ គិតតែករណីសិក្សាលើផ្សោតហែលក្នុងទន្លេ ចុះករណីផ្សេងទៀត ដូចជាសត្វស្លាប សត្វក្នុងព្រៃ ដែលត្រូវចូលព្រៃរាប់អាទិត្យ ហាលភ្លៀង ហាលខ្យល់ ដើរកាត់ព្រៃក្រាស់ ឆ្លងអូរ ទៀតនោះ? ពិបាកស្រមៃណាស់ថាពួកគាត់ឆ្លងកាត់អ្វីខ្លះ!

Pictured by YEA Media

សួរថា អ្វីទៅជាកម្លាំងចិត្តពួកគាត់?
ដូចខ្ញុំប្រាប់អ៊ីចឹង ពិបាកណាស់! ដោយឡែកពួកគាត់តែងនិយាយថា ពេលធ្វើការងារនេះយូរៗទៅ បែរជាមានទឹកចិត្តស្រលាញ់ ចង់ការពារមិនឲ្យបាត់បង់ ព្រោះវាជាធនធានកម្រ ពេលដែលមើលយូរទៅពួកសត្វទាំងនោះគួរឲ្យស្រលាញ់មែនទែន  ហើយមិនមានបំណងអាក្រក់អ្វីមកលើយើងទៀត។ ដូចសំដីរបស់លោកពូ ឡោ គីមសាន ជាមន្ត្រីផ្នែកស្រាវជ្រាវម្នាក់របស់អង្គការ WWF ប្រចាំនៅក្រចេះ បានប្រាប់ខ្ញុំថា៖  «កត្តាដែលជម្រុញឲ្យ ខ្ញុំបន្តចូលរួមដោយរីករាយជាមួយនឹងការងារផ្នែកស្រាវជ្រាវនេះ ដោយសារ ខ្ញុំចង់ឃើញនូវវត្តមានប្រភេទធនធានជីវចម្រុះដែលមាននៅក្នុងតំបន់ដែលកំពុងប្រឈមជាមួយបញ្ហាគំរាមកំហែងជាច្រើន ដែលបានកើតឡើងពីមនុស្សជារៀងរាល់ថ្ងៃ ឲ្យចាកផុតពីការគំរាមកំហែងទាំងនោះ ហើយបន្តមានវត្តមានជារៀងរហូត ដើម្បីរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយ។» 

Pictured by YEA Media

អ៊ីចឹងបើយើងអាណិតគាត់ យើងជួយគាត់បន្តិចទៅ!
មិនថាយើងនៅទីណាទេ យើងសុទ្ធតែអាចជួយគាត់បានទាំងអស់។ អ្វីដែលយើងអាចជួយគាត់បាននោះគឺមិនមែនឲ្យទៅរំលែកការលំបាករបស់គាត់នោះទេ ប៉ុន្តែគឺជួយផ្សព្វផ្សាយបន្ត ចែករំលែកចំណេះដឹងទាំងនេះបន្តទៅអ្នកជុំវិញខ្លួន ដើម្បីឲ្យពួកគាត់បានស្វែងយល់ពីការប្រឈមរបស់ជីវៈចម្រុះទាំងឡាយនោះ ក៏ដូចជាការខិតខំប្រឹងប្រែងថែរក្សារបស់ពួកគាត់ផងដែរ។ ការធ្វើដូចនេះ អាចជួយបានមួយចំណែកដែរ ហើយក៏ធ្វើឲ្យមនុស្សកាន់តែច្រើនចូលរួមចំណែកស្រលាញ់ថែរក្សាធនធានធម្មជាតិដ៏កម្ររបស់យើងមួយនេះ។ យើងអត់មានអីអួតប្រទេសគេច្រើនទេ មានតែវិសាលភាពជីវៈចម្រុះធម្មជាតិ និងទឹកចិត្តស្រឡាញ់ថែរក្សារបស់យើងនេះឯង!

Pictured by YEA Media

អត្ថបទ “​ត្រឹមជាពលរដ្ឋសាមញ្ញម្នាក់ ប៉ុន្តែស្រលាញ់ការងារស្រាវជ្រាវអភិរក្សធនធានធម្មជាតិ” សរសេរដោយ នុត ពិសិដ្ឋរចនា សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២។ 

កម្មវិធីអេកូយុវទូត ជំនាន់មេគង្គទី២ ទទួលបានការបង្ហាត់បង្រៀនដោយក្រុមការងារ វប្បធម៌ – Wapatoa និងអេកូយុវទូតកម្ពុជា។ 

អានបន្ដ​

0 Shares
Share