ចំការផ្កាឈូកគឺជាមុខរបរដ៏ធំមួយ ហើយក៏សំខាន់ខ្លាំងណាស់ចំពោះជីវិតប្រជាជននៅភ្នំក្រោម។ ហើយមានគ្រួសារមួយចំនួនមានរបរចិញ្ចឹមជីវិតដែលពឺងផ្អែកទៅលើតែចំការផ្កាឈូកមួយមុខប៉ុណ្ណោះ ពីព្រោះនៅក្នុងខេត្តសៀមរាប ផ្កាឈូកមានតម្លៃថ្លៃនិងមានតម្រូវការខ្ពស់ពី សណ្ឋាគារ ភោជនីយដ្ធាន ទីវត្តអារាម ហាងផ្សេងៗ និងសិប្បកម្មក្រណាត់ផ្កាឈូកដែលផលិតក្រណាត់ចេញពីផ្កាឈូក។ ម្យ៉ាងវិញទៀតស្ថានភាពទឹក និងដីនៅខេត្តសៀមរាបគឺ អំណោយផលទៅលើការដាំដុះផ្កាឈូកផងដែរ។ ទឹកមកពីបឹងទន្លេសាប និងស្ទឹងសៀមរាបបានធ្វើឱ្យប្រជាជននៅទីនេះអាចដាំផ្កាឈូកបានទាំង២រដូវ។
សារី ស្រ្តីដែលមានអាយុ ៥០ ឆ្នាំម្នាក់ មានកូនប្រាំនាក់ដែលគាត់ត្រូវចិញ្ចឹម និងផ្គត់ផ្គង់ជារៀងរាល់ថ្ងៃ។ មុនគាត់មករស់នៅភ្នំក្រោម គាត់ពីមុនធ្លាប់បានរស់នៅ និងធ្វើការនៅដំដែក ដែលមានទីតាំងនៅជិតភ្នំ និងមានព្រៃដែលគាត់តែងតែទៅរកអុសនៅទីនោះ។ តែទោះជាយ៉ាងណាក៏ដោយក៏គាត់បានផ្លាស់ប្ដូរមករស់នៅភ្នំក្រោម ពីព្រោះគាត់អាចធ្វើការដោយមានភាពងាយស្រួល និងទទួលបានចំណូលច្រើនជាងមុន។ គាត់បានជួលដី ពីបងប្អូនរបស់គាត់ដើម្បីប្រកបរបរដាំផ្កាឈូកនេះនៅភ្នំក្រោម។ ហើយចំការផ្កាឈូកនេះដែរ គឺជាប្រភពចំណូលតែមួយដែលគាត់អាចរកប្រាក់ចំណូលដើម្បីមកផ្គត់ផ្គង់គ្រួសារទាំងមូលរបស់គាត់។បន្ទាប់ពីគាត់ដាំបាន៣ខែ គាត់អាចប្រមូលផល ដើម ស្លឹក ក្រអៅឈូក និងផ្ការបស់ផ្កាឈូកដែលបានដាំនោះ ជារៀងរាល់ថ្ងៃក្នុងរយៈពេលមួយខែពេញ និងយកទៅលក់ឱ្យអ្នកទិញតែម្តង។
ជាទូទៅផ្កាឈូកគឺមានតម្លៃណាស់ពីព្រោះត្រូវគេប្រើប្រាស់ជាគ្រឿងបូជា ឬក៏តុបតែងនៅក្នុងប្រទេសកម្ពុជាយើង។ ចំណែកឯនៅក្នុងជំនឿពុទ្ធសាសនាវិញ ផ្កាឈូក គឺតំណាងឱ្យភាព បរិសុទ្ធ និងភាពសុខដុមរមនានៃទឹកចិត្ត និងវិញ្ញាណ។ ប្រជាជនតែងតែប្រើប្រាស់ផ្កាឈូកជាច្រើន ក្នុងការបន់ស្រន់ និងការបង្ហាញពីជំនឿរបស់ខ្លួនទៅកាន់ព្រះជាម្ចាស់។ ដូច្នេះហើយមីង សារី តែងតែមានគេបញ្ជាទិញ ផ្កាឈូកពី ៣០០ ទៅ ៤០០ដើមជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែនៅថ្ងៃបុណ្យទាន គាត់អាចទទួលបានការបញ្ជាទិញរហូតដល់ទៅ ២០០០ដើមពីឈ្មួញកណ្តាល។ សំរាប់តម្លៃវិញ គឺ១ ១០០រៀល នៅក្នុងថ្ងៃធម្មតា តែក្នុងថ្ងៃបុណ្យទាន គឺមានតម្លៃ ១៥០ រៀល។ សំរាប់ឈ្មួញកណ្តាល គេបន្ថែមតម្លៃលើនេះ ៥០ រៀលទៀត ពេលដែលគេដែលលក់ទៅឱ្យអ្នកចុងក្រោយ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ហាងនានា និងអ្នកលក់នៅឯផ្សារ។
ក្រៅពីការលក់ផ្កាឈូកនេះហើយ មីងសារី អាចយកគ្រាប់ពូជ ខ្ចី និងចាស់ ស្លឹក ក្រអៅ និងមើមឈូកទៅលក់ឱ្យអ្នកទិញយកទៅប្រើប្រាស់ក្នុងបំណងផ្សេងៗផងដែរ។ គ្រាប់ពូជចាស់ ឬខ្ចី ស្លឹកឈូកខ្ចី និងមើមឈូកមានវីតាមីនជាច្រើនដែលល្អសម្រាប់រាងកាយ អាចជួយឱ្យរាងកាយរបស់យើងលូតលាស់ និងអាចជួយការពារពីជំងឺមួយចំនួនផងដែរ។ លើសពីនោះទៅទៀត នៅពេលថ្មីៗនេះសារជាតិសសៃពីមើមឈូកក៏មានទីផ្សារនៅខេត្តសៀមរាបផងដែរ ពីព្រោះគេមានសិប្បកម្មក្រណាត់ផ្កាឈូកនៅភ្នំក្រោម ដែលផលិតក្រណាត់ចេញពីផ្កាឈូកសំរាប់យកមកធ្វើជាសម្លៀកបំពាក់។ ផ្កាឈូកមានអត្ថប្រយោជន៍ជាច្រើន សំរាប់សេដ្ឋកិច្ច និងរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាជាច្រើន ពីព្រោះ វាអាចយកមកធ្វើជាអាហារផង និងការប្រើប្រាស់នៅក្នុងកិច្ចការប្រចាំថ្ងៃផងដែរ។