កាលបរិច្ឆេទចេញផ្សាយ៖ ២៨ មិថុនា ២០២១
បកប្រែ និងរក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា
នៅពេលដែលយើងនិយាយពី បទចម្រៀង ភាគច្រើនយើងសំដៅទៅលើ ពាក្យពេចន៍ដែលច្រៀងអមជាមួយនឹងភ្លេង។ មនុស្សភាគច្រើន ចូលចិត្តបទចម្រៀងណាស់ ដោយសារពេលខ្លះ បទចម្រៀងអាចរំសាយនូវទុក្ខកង្វល់របស់មនុស្សបាន។ បទចម្រៀង ផ្តល់នូវអារម្មណ៍ជាច្រើនផ្សេងគ្នាដល់យើងផងដែរ។ នៅពេលដែលយកពាក្យ «បទចម្រៀង» និង «ទន្លេមេគង្គ» ដាក់បញ្ចូលគ្នា វាហាក់បីដូចជាមិនសូវស៊ីគ្នាប៉ុន្មានទេ ដូច្នេះហើយ អ្នកប្រហែលជាឆ្ងល់ពីមូលហេតុនៃការផ្សំពាក្យទាំងពីរនេះចូលគ្នា។ បម្រែបម្រួលអាកាសធាតុ សំណង់ទំនប់វារីអគ្គិសនី និងកត្តាផ្សេងៗមួយចំនួនទៀត បង្កឱ្យមានការព្រួយបារម្ភពីសំណាក់ភាគីជាច្រើនដែលពឹងផ្អែកលើទន្លេនេះដោយហេតុថាវារារាំងទន្លេមេគង្គពីការផ្គត់ផ្គង់សេវាកម្មអេកូឡូស៊ីឱ្យបានគ្រប់គ្រាន់ ដោយសារមូលហេតុទាំងនេះហើយ ទើបបានជាមានការសំណូមពរពីទន្លេមេគង្គ។ ទន្លេមេគង្គគឺកំពុងសំណូមពរឱ្យជួយពីគ្រប់ប្រទេសទាំងអស់ដែលស្ថិតនៅតាមដងទន្លេមេគង្គ គឺសំណូមពរឱ្យជួយពីមនុស្សគ្រប់ៗគ្នា។ ដើម្បីធ្វើឲ្យសម្រែករកជំនួយរបស់ទន្លេមេគង្គលេចឮឡើងទៅដល់មនុស្សគ្រប់គ្នា សមាជិកអេកូយុវទូត ជំនាន់មេគង្គទី១ បានប្តេជ្ញាស្វែងរកដំណោះស្រាយតាមរយៈការផ្តួចផ្តើមមួយហៅថា «គម្រោងបទចម្រៀង។»
កញ្ញា វិន ពុទ្ធាលី ជាសមាជិកអេកូយុវទូតវ័យក្មេងម្នាក់នៃជំនាន់មេគង្គទី១ ដែលបានយល់យ៉ាងច្បាស់ពីអត្ថប្រយោជន៍ដ៏ធំសម្បើមនៃទន្លេមេគង្គ។ ចំណេះដឹងនេះ ជំរុញទឹកចិត្តឱ្យនាង និងក្រុមការងារមានគំនិតបង្កើតជាបទចម្រៀងមួយបទអំពីទន្លេមេគង្គ។
ពុទ្ធាលីបានលើកឡើង «ថ្មីៗនេះ យើងឃើញពីឥទ្ធិពលអាក្រក់ជាច្រើនបណ្តាលមកពីសំរាម និងប្លាស្ទិក។ បញ្ហានេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណភាពនៃទឹកទន្លេ។ ភាគច្រើន ប្រជាជនមិនសូវជាយល់ដឹងពីបញ្ហានេះទេ ដែលពួកគេមិនបានដឹងថាបញ្ហានេះអាចត្រូវបានបន្សល់ទុកដល់ក្មេងជំនាន់ក្រោយទៀតផង។»
ហេតុដូច្នេះហើយបានជាសមាជិកអេកូយុវទូតជំនាន់មេគង្គទី១បានផ្តួចផ្តើម និងដឹកនាំផ្ទាល់នូវគម្រោងបទចម្រៀងមេគង្គ។ គម្រោងនេះក៏ទទួលការគាំទ្រដោយ Young Southeast Asian Leaders Initiatives (YSEALI) និងគម្រោង « អច្ឆរិយភាពនៃទន្លេមេគង្គ» របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ផងដែរ។ ទាក់ទងទៅនឹងគំនិតនៃបទចម្រៀងពីទន្លេមេគង្គ កញ្ញា ពុទ្ធាលី បានបន្ថែមទៀតថា វាជាការរួមបន្សំគ្នារវាងសិល្បៈ និងធម្មជាតិ។ ពឹងផ្អែកលើគោលគំនិតមួយនេះ ក្រុមសិល្បករនិពន្ធថ្មី រួមមានលោក ជុង សៀវភីន និងក្រុមតូច Small World Small Band ដែលបានសហការគ្នាយ៉ាងសម្រិតសម្រាំងដើម្បីចេញបទចម្រៀងដ៏ថ្មីស្រឡាងមួយនេះ។
យោងតាមការពណ៌នាទៅលើគម្រោងមួយនេះ បទចម្រៀងសម្រាប់ទន្លេមេគង្គ មានចំណងជើងថា «ម្ចាស់ទន្លេ» ដែលច្រៀងរៀបរាប់អំពីសត្វផ្សោតក្បាលត្រឡោកដែលបានលង់ស្រលាញ់ជាមួយនឹងនារីម្នាក់ជាអ្នករស់នៅតាមដងទន្លេ។
ចម្រៀងមួយបទនេះ មិនត្រឹមតែលើកកម្ពស់ទន្លេមេគង្គប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យចម្រៀងក្នុងប្រទេសកម្ពុជាដែលមិនថតចម្លងពីបរទេស។ យើងសង្ឃឹមថា ការប្រើបទចម្រៀងដើម្បីជាការផ្សព្វផ្សាយតាមរយៈយុទ្ធនាការបណ្តាញសង្គមនេះ គឺជាវិធីសាស្រ្តដ៏ប្រសើរបំផុតក្នុងការផ្សាយទៅកាន់មនុស្សជាច្រើន គ្រប់ទីកន្លែង ដែលអាចជួយជម្រុញឱ្យពួកគេយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍ និងផលប៉ះពាល់នៃទន្លេមេគង្គ។
ដើម្បីពង្រីកការផ្សព្វផ្សាយចំណេះដឹង សមាជិកគម្រោងបទចម្រៀងបានចូលរួមរៀបចំកម្មវិធីដំណើរផ្សងព្រេងរបស់មេគង្គយុវទូតមួយឡើង ដែលនិយាយអំពីអច្ឆរិយភាពរបស់ទន្លេមេគង្គ។ កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដោយមានការរំពឹងទុកថាមានអ្នកចូលរួមចំនួនប្រមាណ ១០០០ នាក់។ បន្ថែមពីនេះ ពួកគេក៏បានរំពឹងថា ការចូលរួមចំណែករបស់ពួកគេក្នុងការជួយទន្លេមេគង្គនេះ អាចលើកទឹកចិត្តដល់អ្នកផ្សេងទៀតក្នុងការចាប់ផ្ដើមមានការទទួលខុសត្រូវចំពោះការអភិរក្សទន្លេដូចគ្នា។
លោក ស៊ិន សុខហុង សមាជិកនៃគម្រោងបទចម្រៀង បានបន្ថែមថា «យើងចង់ឲ្យអ្នកស្ដាប់បទចម្រៀងមួយនេះ ទទួលបាននូវចំណេះដឹងពីទន្លេមេគង្គ និងទទួលបាននូវអារម្មណ៍សប្បាយរីករាយក្នុងពេលតែមួយ។»
អ្នកអាចស្ដាប់បទចម្រៀងទន្លេមេគង្គ “ម្ចាស់ទន្លេ”នៅលើ YouTube យូធូបផ្លូវការរបស់អេកូយុវទូតកម្ពុជា និងកម្មវិធីភ្លេងPleng by Smart បានដោយឥតគិតថ្លៃ។
អត្ថបទ “ចម្រៀងទន្លេមេគង្គ”
កាលបរិច្ឆេទសរសេរ៖ ២០១៩
បកប្រែ និងរក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា