ក្រុមយុវជនស្រលាញ់បរិស្ថាន ខ្នះខ្នែងបង្កើតយុទ្ធសាស្រ្តដើម្បីស្តារសហគមន៍នៅតាមទន្លេមេគង្គ
ទន្លេ គឺជាប្រភពដ៏សំខាន់បំផុតសម្រាប់មនុស្សជាតិ អស់ជាងមួយសហស្សវត្សរ៍មកហើយ ក្នុងការផ្គត់ផ្គង់ចំណីអាហារ និងទឹកដល់វិស័យកសិកម្ម។ យើងឃើញថា នៅជុំវិញពិភពលោក រួមបញ្ចូលទាំងអាស៊ីផងដែរ គឺជាទីតាំងដែលមានទន្លេហូរឆ្លងកាត់។ ទន្លេមេគង្គ គឺជាចំណុចកណ្តាលនៃសហគមន៍ តាំងពីមានការកកើតមនុស្សជាលើកដំបូងនៅក្នុងតំបន់មកម្ល៉េះ។ ជាមួយគ្នានេះផងដែរ បឹងទន្លេសាប គឺជាបឹងដែលធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ទន្លេមេគង្គ និងបឹងទន្លេសាប បន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ដីមានជីជាតិ និងទឹកយ៉ាងច្រើនលើសលប់ សម្រាប់ដីកសិកម្មរាប់រយរាប់ពាន់ហិចតា ព្រមទាំងជាជម្រកសម្រាប់ត្រី រុក្ខជាតិ និងពពួកអតិសុខុមប្រាណ។
យ៉ាងណាក្តី ដោយសារមានការកើនឡើងដ៏លើសលប់នៃចំនួនប្រជាជន ដែលធ្វើឲ្យមានការប៉ះពាល់ដល់ជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដែលជាប្រភពដ៏សំខាន់ក្នុងការទ្រទ្រង់ទន្លេនេះ យុវជនកម្ពុជាមួយក្រុម បានផ្តួចផ្តើមគម្រោងមួយឡើង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងទន្លេឡើងវិញ។ គម្រោងថ្មីនេះ ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹង អំពីភាពអស្ចារ្យនៃអាងទន្លេមេគង្គ គម្រោងនេះមានឈ្មោះថា «គម្រោងរំពេមេគង្គ» ដែលត្រូវបានផ្តួចផ្តើមនិងដឹកនាំដោយសមាជិករបស់ក្រុមយុវជនដែលគិតគូរពីបរិស្ថានដែលមានឈ្មោះថា អេកូយុវទូតជំនាន់មេគង្គទី១។
ចក្ខុវិស័យរបស់គម្រោងនេះ គឺបង្ហាញនូវរឿងរ៉ាវរបស់សហគមន៍អ្នកនេសាទដែលគេមិនសូវបានដឹង ជាមួយនឹងប្រភពទឹកសំខាន់ៗពីរ គឺទន្លេមេគង្គ និងបឹងទន្លេសាប។